ជាតិ
លោក William A. Heidt៖ អាមេរិក ពេញ​ចិត្តការសន្ទនា​ដោយស្មោះ​ត្រង់​ជាមួយ​កម្ពុជា​
30, Jun 2017 , 2:19 pm        
រូបភាព
លោក William A.Heidt
លោក William A.Heidt
ដោយ:
​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក William A. Heidt បានបញ្ជាក់​ពី​ជំហរ​របស់​រដ្ឋាភិបាល​អាមេរិក ក្នុង​ការចរចា​ជាមួយ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​នានា​។ ជំហរ​បែបនេះ ត្រូវបាន​លោក Heidt ថ្លែង​នៅក្នុង​ពិធីបុណ្យ​រាជ្យ​ជាតិ​អាមេរិក​ខួប​លើក​ទី ២៤១ នៅ​សណ្ឋាគារ Intercontinental កាលពី​យប់​ថ្ងៃទី ២៩ ខែមិថុនា​។​



​តាមរយៈ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា រដ្ឋាភិបាល​អាមេរិក បានបង្ហាញ​ជំហរ​ល្អ ក្នុងការ​ពិភាក្សា​ជាមួយ​កម្ពុជា​។​«​អាមេរិក  ពេញ​ចិត្តនឹង​ការសន្ទនា​គ្នា​ដោយ​ក្តី​ស្មោះត្រង់​ជាមួយ​កម្ពុជា លើ​បញ្ហា​ជាច្រើន​»​។ នេះ​ជា​ប្រសាសន៍​សំខាន់​ខ្លី​របស់លោក William A. Heidt ដែល​ថ្លែង​ទៅកាន់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ក្នុង​ពិធី​អបអរ​បុណ្យ​ឯករាជ្យ​ជាតិ​អាមេរិក​លើក​ទី ២៤១ នៅ​រាជធានី​ភ្នំពេញ ។ ភ្ញៀវ​របស់​ទូត​អាមេរិក ដែល​បាន​ចូលរួម​ពិធី​នេះ មាន​ទាំង​អ្នកនយោបាយ មន្ត្រី​រដ្ឋាភិបាល សង្គម​ស៊ីវិល ​មន្ត្រី​ទូត និងអ្នក​សារព័ត៌មាន​ជាដើម​។

​ជាការ​កត់សម្គាល់ ការបញ្ជាក់​ពី​ការពេញចិត្ត​ក្នុង​ការចរចា​របស់អា​​មេរិក​ពេលនេះ បន្ទាប់ពី​លោក​ឯកអគ្គរដ្ឋទូត Heidt  ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​គណបក្សប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល ហើយ​ជាពិសេស​ជួប​សន្ទនា​ជាមួយ​នាយករដ្ឋមន្ត្រី​។ កាលពី​ថ្ងៃទី ២៦ ខែមិថុនា លោក Heidt បាន​ជួប​សន្ទនា​ជាមួយ​សម្តេច ហ៊ុន សែន នៅ​ភូមិគ្រឹះ​របស់​សម្តេច ដោយ​លោក​ឯកអគ្គរដ្ឋទូត​បា​ន​សរសើរ​សម្តេចនាយក​រដ្ឋមន្ត្រី ជុំវិញ​ភាពជោគជ័យ​នៃ​ការបោះឆ្នោត​ឃុំ សង្កាត់ កន្លងទៅ​ថ្មីៗ​នេះ​។ ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យដឹង​​ថា ពេល​សន្ទនា​គ្នា​នោះ  លោក Heidt និង​សម្តេច បាន​ពិភាក្សាគ្នា​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​អាមេរិក និង​កម្ពុជា បញ្ហា​សិទ្ធិមនុស្ស និង​បញ្ហា​ដទៃទៀត ដែលមាន​សារៈសំខាន់​សម្រាប់​ទំនាក់​ទំនង​កម្ពុជា​អាមេរិក​។​


សម្តេច ហ៊ុន សែន ជួបជាមួយលោក Heidt កាលពីថ្ងៃទី ២៦ ខែមិថុនា។ រូបថតពីហ្វេសប៊ុកស្ថាន​ទូត​អាមេរិក​។



​នៅក្នុង​ពិធីបុណ្យ​ឯករាជ្យ​ដដែល​នោះ លោក William A. Heidt ក៏​បញ្ជាក់​ពី​ការតាំងចិត្ត​​​របស់​អាមេរិក ក្នុង​ការគាំទ្រ​ការអភិវឌ្ឍនៅកម្ពុជាផងដែរ​។ លោក បន្ថែមថា កន្លង​មក​នេះ ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​អាមេរិក និង​កម្ពុជា មានការ​រីកចម្រើន ដោយនៅ​ក្នុងនោះ អាមេរិក គឺជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​នាំចូល​ផលិតផល​ពី​កម្ពុជា​។ បើតាម​លោក​ឯក​រដ្ឋទូត នៅ​ឆ្នាំ ២០១៧ មាន​រោងចក្រ​ផលិត​កាបូប កា​តាប ជាដើម ចំនួន ២០ រោងចក្រ ដើម្បី​នាំ​ផលិតផល​ទៅ​លក់​នៅ​អាមេរិក ដោយមាន​ការអនុគ្រោះ​ពន្ធ ហើយ​រោងចក្រ​ទាំងនេះ បានផ្តល់​ការងារ​ដល់ក​ម្មករ​ប្រមាណ ១៥០០០ នាក់​៕










Tag:
 William A. Heidt
  ទូត​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com