ជាតិ
សុវត្តិភាព ចរាចរណ៍
ពាក់កណ្តាល​ឆ្នាំ​២០១៧ ​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់មនុស្សជិត ១០០០នាក់
01, Jul 2017 , 11:39 pm         2258
រូបភាព
​គ្រោះថ្នាក់​ចរណ៍​ដែល​បានកើត​ឡើង​នា​៦​ខែ​ដើមឆ្នាំ​២០១៧​នេះ មាន​១៨៨៣​លើក ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៩១៩​នាក់ របួស​២៩៨២​នាក់​។ នេះ​បើតាម​ការ​បូកសរុប​លទ្ធផល​ស្តីពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឆមាស​ទី​១ ឆ្នាំ​២០១៧ ដែល​រៀបចំឡើង​នៅ​ក្រសួងមហាផ្ទៃ​។​


​ក្នុងការ​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី​១​ពាក់កណ្ដាល ឆ្នាំ​២០១៧​នេះ សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​យានយន្ដ​សរុប ១,៥៧៥,៦៤៦​គ្រឿង ក្នុងនោះ​រកឃើញ​យានយន្ដ​ល្មើស​ចំនួន​១៦៩,៧៣១​គ្រឿង ធ្វើការ​អប់រំ​ចំនួន​៤៨,៦៣៤​គ្រឿង និង​ធ្វើការ​ពិន័យ​ចំនួន​១២១,០៩៧​គ្រឿង ហើយ​និង​ទទួលបាន​ប្រាក់​ពិន័យ​ចំនួន ២,៦៧៧,៨២០,០០០​រៀល​។

​របាយការណ៍​បាន​បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង មាន​ចំនួន​១,៨៨៣​លើក បណ្ដាល​ឲ្យ​ស្លាប់​៩១៩​នាក់ និង​របួស​២,៩៨២​នាក់ ស្លាប់​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ៩៩​នាក់ ខេត្តកណ្ដាល​៨០​នាក់ និង​ខេត្តបន្ទាយមានជ័យ​៦៨​នាក់​។

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក  នា​កិច្ចប្រជុំ​នោះ បានស្នើ​ទៅ​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ជំរុញ​ការផ្សព្វផ្សាយ​តាម​ទូរស័ព្ទ អំពី​សុវត្ថិភាព​តាម​ដងផ្លូវ របៀបរៀបរយ​តាម​ដងផ្លូវ​សាធារណៈ ។​

​បើតាម​របាយការណ៍ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ រួមមាន ការបើកបរ​លើស​ល្បឿន​កំណត់ ៣៨​ភាគរយ មិន​គោរព​សិទ្ធិ​១៦​ភាគរយ មិន​ប្រកាន់​ស្ដាំ​១២​ភាគរយ ស្រវឹង​១១​ភាគរយ វ៉ា​ជែង​១០​ភាគរយ បត់​១០​ភាគរយ ក​ត្កា​យានយន្ដ​៣​ភាគរយ ងងុយ​១​ភាគរយ និង​ក​ត្កា​ផ្លូវ​១​ភាគរយ​។  បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៦​គឺ​កើនឡើង​១៦​លើក ហើយ​អ្នកស្លាប់​កើន​១១​នាក់ តែ​អ្នករងរបួស​ថយចុះ​២៨២​នាក់​។

​របាយការណ៍​បន្ដថា ការត្រួតពិនិត្យ​ជាតិ​ស្រវឹង​បាន​បន្ដ​យ៉ាងសកម្ម​ដោយ​រកឃើញ អ្នកបើកបរ​មាន​ជាតិ​ស្រវឹង​ចំនួន​២,០០០​នាក់ ហើយ​ឃាត់ខ្លួន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន​១៧៧​នាក់ អ្នកបើករថយន្ដ​២២​នាក់ និង​អ្នកបើក​ម៉ូតូ​១៥៥​នាក់​។ ចំពោះ​ការត្រួតពិនិត្យ​សារធាតុ​ញៀន​លើក​អ្នកបើក​បរមាន​ចំនួន​១៦២​នាក់ រកឃើញ​សារធាតុ​ញៀន​ចំនួន​២៥​នាក់​ក្នុងនោះ​អ្នកបើករថយន្ដ​ចំនួន​១៨​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង