ជាតិ
សុវត្តិភាព ចរាចរណ៍
ពាក់កណ្តាលឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជិត ១០០០នាក់
× គ្រោះថ្នាក់ចរណ៍ដែលបានកើតឡើងនា៦ខែដើមឆ្នាំ២០១៧នេះ មាន១៨៨៣លើក ដែលបណ្តាលឲ្យមនុស្សស្លាប់៩១៩នាក់ របួស២៩៨២នាក់។ នេះបើតាមការបូកសរុបលទ្ធផលស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឆមាសទី១ ឆ្នាំ២០១៧ ដែលរៀបចំឡើងនៅក្រសួងមហាផ្ទៃ។
ក្នុងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ពាក់កណ្ដាល ឆ្នាំ២០១៧នេះ សមត្ថកិច្ចបានត្រួតពិនិត្យយានយន្ដសរុប ១,៥៧៥,៦៤៦គ្រឿង ក្នុងនោះរកឃើញយានយន្ដល្មើសចំនួន១៦៩,៧៣១គ្រឿង ធ្វើការអប់រំចំនួន៤៨,៦៣៤គ្រឿង និងធ្វើការពិន័យចំនួន១២១,០៩៧គ្រឿង ហើយនិងទទួលបានប្រាក់ពិន័យចំនួន ២,៦៧៧,៨២០,០០០រៀល។
របាយការណ៍បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង មានចំនួន១,៨៨៣លើក បណ្ដាលឲ្យស្លាប់៩១៩នាក់ និងរបួស២,៩៨២នាក់ ស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ៩៩នាក់ ខេត្តកណ្ដាល៨០នាក់ និងខេត្តបន្ទាយមានជ័យ៦៨នាក់។
សម្ដេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាកិច្ចប្រជុំនោះ បានស្នើទៅក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ជំរុញការផ្សព្វផ្សាយតាមទូរស័ព្ទ អំពីសុវត្ថិភាពតាមដងផ្លូវ របៀបរៀបរយតាមដងផ្លូវសាធារណៈ ។
បើតាមរបាយការណ៍ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះ រួមមាន ការបើកបរលើសល្បឿនកំណត់ ៣៨ភាគរយ មិនគោរពសិទ្ធិ១៦ភាគរយ មិនប្រកាន់ស្ដាំ១២ភាគរយ ស្រវឹង១១ភាគរយ វ៉ាជែង១០ភាគរយ បត់១០ភាគរយ កត្កាយានយន្ដ៣ភាគរយ ងងុយ១ភាគរយ និងកត្កាផ្លូវ១ភាគរយ។ បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦គឺកើនឡើង១៦លើក ហើយអ្នកស្លាប់កើន១១នាក់ តែអ្នករងរបួសថយចុះ២៨២នាក់។
របាយការណ៍បន្ដថា ការត្រួតពិនិត្យជាតិស្រវឹងបានបន្ដយ៉ាងសកម្មដោយរកឃើញ អ្នកបើកបរមានជាតិស្រវឹងចំនួន២,០០០នាក់ ហើយឃាត់ខ្លួនបញ្ជូនសំណុំរឿងទៅតុលាការចំនួន១៧៧នាក់ អ្នកបើករថយន្ដ២២នាក់ និងអ្នកបើកម៉ូតូ១៥៥នាក់។ ចំពោះការត្រួតពិនិត្យសារធាតុញៀនលើកអ្នកបើកបរមានចំនួន១៦២នាក់ រកឃើញសារធាតុញៀនចំនួន២៥នាក់ក្នុងនោះអ្នកបើករថយន្ដចំនួន១៨នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com