ជាតិ
សង្គមជាតិ
៦​ខែ​ដើមឆ្នាំ​២០១៧​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ជាង​៥២​លាន​ដុល្លារ​
03, Jul 2017 , 1:27 pm        
រូបភាព
សៀមរាប​៖ រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៧ ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ៥២,១៦៧,៩៧២​ដុល្លារ ដែល​កើនឡើង​ចំនួន ៦៦.៨២% បើ​ធៀប​នឹង​ឆ្នាំ​ចាស់​។ នេះ​បើតាម​ការកត់ត្រា​របស់​គ្រឹះស្ថាន​អង្គរ ។​

 
​គ្រឹះស្ថាន​អង្គរ ដែលជា​ស្ថាប័នរដ្ឋ​ទទួលបន្ទុក​គ្រប់គ្រង​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បានបង្ហាញ​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ខ្លួន​ថា ក្នុង​រយៈពេល​៦​ខែ ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ទិញ​សំបុត្រ​ទាំងអស់ មាន​ចំនួន ១,២៣៣,១៣៧​នាក់​។ ចំនួន​នេះ កើនឡើង ១២.៩២% ធៀប​នឹង​ឆ្នាំ​២០១៦​។​
 
​តាម​របាយការណ៍​រប​ស់​គ្រឹះស្ថាន​អង្គរ នៅក្នុង​ខែមិថុនា ឆ្នាំ​២០១៧ ការលក់​សំបុត្រ​មាន​ចំនួន ១៤០,៧៦០​នាក់ គិត​ជា​ទឹកប្រាក់​ស្មើនឹង ៦,២៥៤,៣៧០​ដុល្លារ កើនឡើង​ចំនួន ៨៩.៦៥%​។ យ៉ាងណា ចំនួន​នេះ​បាន​ដក​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន ២៨១,៥២០​ដុល្លារ​។​
 
​គួររម្លឹកថា ក្នុង​សេចក្តីសម្រេច​នៃ​ការចាប់ផ្តើម​អនុវត្តន៍​ការលក់​សំបុត្រ​ថ្មី​ចាប់ពី​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៧​មក  តម្លៃ​សំបុត្រ​មួយថ្ងៃ សម្រាប់​ភ្ញៀវទេសចរ​បរទេស ឡើង​ពី​២០ ទៅ​៣៧​ដុល្លារ ។ សំបុត្រ​រយៈពេល​៣​ថ្ងៃ ឡើង​ពី​៤០​ទៅ​៦២​ដុល្លារ និង​សំបុត្រ​រយៈពេល​មួយ​សប្តាហ៍ ឡើង​ពី​៦០ ទៅ​៧២​ដុល្លារ​។ ក្នុង​សេចក្តីជូនដំណឹង​របស់​គ្រឹះស្ថាន​អង្គរ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៥ សីហា​ឆ្នាំ​២០១៦​កន្លងទៅ ក៏បាន​បញ្ជាក់ដែរថា តម្លៃ​ទាំងអស់ នឹងត្រូវ​កាត់​ចូលទៅក្នុង​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន​២​ដុល្លារ ហើយ​វា​នឹងត្រូវ​ដាក់​បញ្ជាក់​នៅ​ផ្នែក​ខាងក្រោយ​ខ្នងសំបុត្រ  ដើម្បី​បញ្ជាក់ប្រាប់​ភ្ញៀវទេសចរ​ផងដែរ​៕
 

Tag:
 គ្រឹះស្ថាន​អង្គរ​
  សំបុត្រ​ចូល​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com