ជាតិ
អ្នកវិភាគ​៖ បញ្ញត្តិ​ថ្មី ប៉ះពាល់​ដល់​សេដ្ឋកិច្ចកម្ពុជា មី​យ៉ាន់​ម៉ា ឡាវ តែ​ថៃ​ខ្លួនឯង​រងគ្រោះ​ធ្ងន់​ជាងគេ​
03, Jul 2017 , 3:57 pm        
រូបភាព
រូបពលករពីកាសែតBangkok Post
រូបពលករពីកាសែតBangkok Post
​ភ្នំពេញ​៖ រដ្ឋាភិបាល​ថៃ បានចេញ​បញ្ញត្តិ​ថ្មី ដែលមាន​លក្ខណៈ​រឹតបន្ដឹង​ដោយ​ការដាក់ពិន័យ​យ៉ាងធ្ងន់ធ្ងរ​ទាំង​ពលករ​បរទេស​ខុសច្បាប់ និង​ម្ចាស់​ក្រុមហ៊ុន​ថៃ ពេល​ប្រព្រឹត្ត​ផ្ទុយ​ពី​ខ្លឹមសារ​។ អ្នកវិភាគ​កម្ពុជា យល់ឃើញថា ការ​រឹតបន្ដឹង​របស់​ថៃ​នេះ នឹង​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា មី​យ៉ាន់ម៉ា និង​ឡាវ ជាដើម ។ ប៉ុន្តែ​សេដ្ឋកិច្ច​ថៃ នឹងរង​ផលប៉ះពាល់​ធ្ងន់​ជាងគេ​។​



​អ្នកឃ្លាំមើល​ការអភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​លោក មាស នី យល់ឃើញថា បញ្ញត្តិ​រឹតបន្តឹង​ច្បាប់​អន្តោប្រវេសន៍​របស់​រដ្ឋា​ភិ​បាល​ថៃ គឺ​រឿង​ត្រឹមត្រូវ​។ ប៉ុន្តែ​វា​ក៏មាន​ផល​អវិជ្ជមាន​សម្រាប់​ប្រទេស​ថៃ និង​ប្រទេស​ដែលមាន​ពលករ​ធ្វើការ​នៅ​ទីនោះ​ផងដែរ​។ ផល​អវិជ្ជមាន​ដែល​លោក មាស នី មើលឃើញ​នោះ គឺ​បញ្ហា​សេដ្ឋកិច្ច​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកឃ្លាំមើល​ការអភិវឌ្ឍ​សង្គម​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា វិធានការ​ទទួលយក​តែ​ពលករ​ស្របច្បាប់​របស់​រដ្ឋាភិបាល​ថៃ​នេះ វា​នឹង​ទទួលរង​ផលប៉ះពាល់​ទាំងសងខាង​ព្រោះ​ក្រុមហ៊ុន សហគ្រាស អាជីវកម្ម​របស់​ថៃ​នឹងខ្វះ​កម្លាំង​ពលកម្ម ដែល​ថៃ​ត្រូវ​ការជួល​កម្លាំង​ពលករ​ក្រៅប្រទេស​ដែលមាន​ថ្លៃឈ្នួល​ទាប​»​។

​លោក​បន្តថា​៖«​ប្រទេស​ដែលមាន​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ខុសច្បាប់​ត្រូវ​ត្រៀមខ្លួន​បង្កើន​ការងារ​ឲ្យ​ពលករ​ដែល​ថៃ​បញ្ជូនទៅ​ប្រទេស​ដើម​វិញ​។ ដូចជា​រដ្ឋាភិបាល​កម្ពុ​ជា​ត្រូវ​ត្រៀម​ទទួល​ពលករ​ខ្មែរ​ខុសច្បាប់​យ៉ាងតិច​៥​សែន​នាក់​មកវិញ​។ ហើយ​បើ​ពួកគេ​មិន​ទៅធ្វើ​ការ​នៅ​ថៃ​វិញ រដ្ឋាភិបាល​ត្រូវបង្កើត​ការងារ​ឲ្យ​ពួកគេ​ធ្វើ តែបើ​បង្កើន​ការងារ​មិនបាន​សម្រាប់​ពលករ​ទាំង​នោះទេ នោះ​ពួកគេ​នឹង​បាត់បង់​ចំណូល ហើយនឹង​ទាញ​សេដ្ឋកិច្ច​ធ្លាក់ចុះ​ផងដែរ​»​។​

​ភ្លាមៗ​ក្រោយ​ចេញ​ក្រឹត្យ​រឹតបន្តឹង​ច្បាប់​អន្តោ​ប្រវេ​ស​នោះ អាជ្ញាធរ​ថៃ ក៏បាន​ចាប់បញ្ជូន​ពលករ​ខ្មែរ មី​យ៉ាន់​ម៉ា ឡាវ និង​វៀតណាម ជាដើម ដែល​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ បញ្ជូនទៅ​ប្រទេស​រៀងៗ​ខ្លួន​វិញ ដើម្បី​ឲ្យ​ពួកគេ​ត្រឡប់មក​បំពេញ​ឯកសារ​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​សិន មុននឹង​ត្រឡប់​ទៅធ្វើ​ការ​នៅ​ទឹកដី​ថៃ​វិញ​។ 

​សម្រាប់​លោក ចាន់ សុផល អ្នកជំនាញ​សេដ្ឋកិច្ច​វិញ យល់ឃើញថា ក្នុងអំឡុង​ពេលដែល​ព​លករ​ខ្មែរ ត្រូវ​មក​បំពេញ​ឯកសារ​ឲ្យ​ស្របតាម​ច្បាប់​ការងារ​នៅក្នុង​ទឹកដី​ថៃ​វិញ​នោះ ពលករ​ម្នាក់​នឹងត្រូវ​ខាតបង់​ប្រាក់ចំណូល​យ៉ាងតិច​ពី​២៥០​ដុល្លារ ទៅ​៣០០​ដុល្លារ​ក្នុង​មួយខែ ហើយ​វា​ក៏​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​ពួកគេ​គ្មាន​ប្រាក់​សង​ត្រឡប់​ទៅខាង​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាដើម​។

​លោក ចាន់ សុផល បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​ឃើញថា​ខាង​ថៃ​ចាប់បញ្ជូន​ពលករ​ខ្មែរ​មកវិញ​នេះ វា​មិនសូវមាន​លក្ខណៈ​ជា​គំហុក​អ្វី​នោះទេ ព្រោះ​គេ​គ្រាន់តែ​ចង់​ឲ្យ​ពលករ​ធ្វើឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើសិន​ក្នុងករណី​ដែល​ពលករ​ខ្មែរ​មកវិញហើយ​ពិបាកធ្វើ​ឯកសារ ឬ​មិន​ព្រមធ្វើ​ឯកសារ​ទៅធ្វើ​ការ​វិញ ហើយ​នៅ​ទំនេរ​នោះ ពួកគេ​នឹង​បាត់​ចំណូល​ក្នុង​មួយ​នាក់​ក៏​១​លាន​រៀល​ដែរ ព្រោះ​ពេលដែល​ពួកគេ​ធ្វើការ​នៅ​ថៃ អាច​រកចំណូលបាន​១០​ដុល្លារ​ក្នុង​មួយថ្ងៃ​សម្រាប់​ពលករ​ម្នាក់​។ ហើយ​បើ​ពិបាកធ្វើ​ឯកសារ​និង​ពិបាក​រក​ចំណូល​មែន នោះ​ពួកគេ​នឹង​អត់​មាន​លុយ​សងបំណុល​ឥណទាន​ដែល​ខ្ចី​ពី​ធនាគារ​ឡើយ​»​។

​ពលករ​ខ្មែរ​ខុសច្បាប់​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ មាន​ចំនួន​រាប់សែន​នាក់​។ ពលករ​ខុសច្បាប់​ទាំងនេះ ភាគច្រើន​លួច​ឆ្លងដែន​តាម​ច្រករបៀង ទៅ​តាមរយៈ​មេខ្យល់​កម្ពុជា​-​ថៃ និង​សាច់ញាតិ​ពួកគេ​ដែល​កំពុងធ្វើការ​នៅ​ទីនោះ​។ ចំណែក​ពលករ​ខ្លះទៀត ដែល​ទៅធ្វើ​ការ​នៅ​ទឹកដី​ថៃ តាមរយៈ​ក្រុមហ៊ុន ក៏​នៅតែមាន​លួច​ធ្វើការ​ខុសច្បាប់​ផងដែរ ក្រោយពី​ឯកសារ​ការងារ​ពួកគេ​ត្រូវបាន​ផុត​កាលបរិច្ឆេទ (​មិន​បន្ត​សុពលភាព​ការងារ​)​។​

​ត្រង់ចំណុច​នេះ​លោក ចាន់ សុផល បាន​ពន្យល់​ដូច្នេះ​ថា « បើតាម​ខ្ញុំ​សិក្សា​ស្រាវជ្រាវ​ឃើញថា មូលហេតុ​ដែល​ពលករ​ខ្មែរ​ភាគច្រើន​សុខចិត្ត​ប្រឈម​នឹង​ហានិភ័យ​ទៅធ្វើ​ការខុសច្បាប់​នៅ​ថៃ​នោះ ដោយសារតែ​ក្រុមហ៊ុន​ដែល​នាំ​ពលករ​ទៅធ្វើ​ការ​នៅ​ថៃ​រៀបចំ​ឯកសារ​ច្បាប់​មាន​នីតិវិធី​យូ​ពេក ដោយ​ប្រើពេល​៣​ខែ ហើយ​តម្រូវ​ឲ្យ​ពលករ​ចំណាយ​ប្រាក់​ពី​៦០០ ទៅ​៧០០​ដុល្លារ​»​។

​លោក​បន្តថា​៖«​ចំណែក​រដ្ឋាភិបាល​ដែល​រៀបចំ​ឯកសារ​សម្រាប់​ព​លករ​ធ្វើការ​នៅ​ថៃ ដោយ​តម្រូវ​ឲ្យ​ពួកគេ​ចំណាយ​តែ​២០​ដុល្លារ​ទេ​។ ប៉ុន្តែ​មិន​ព្រម​កំណត់​ពេលវេលា​ឲ្យ​ច្បាស់លាស់ ថា​ប្រើពេល​១​ខែឬ​២​ខែ​ទើបបានទេ ជួនកាលទុកចោលយូទៀត។ ហើយ​ពេលបានឯកសារគ្រប់នៅ​រង់ចាំ​ទាក់ទង​ភាគី​ថៃ​សិន ​ទើប​រក​ការងារ​ឲ្យ​ពលករ​ខ្មែរ​ធ្វើ​។ ដូច្នេះហើយ​ទើប​វា​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ភាគច្រើន​លួច​ទៅធ្វើ​ការ​នៅ​ថៃ​តាមរយៈ​មេខ្យល់ ព្រោះ​វា​ងាយស្រួល​រក​ការងារ​ធ្វើបាន​លឿន​ជាង​ការ​ធ្វើតាម​នីតិវិធី​ច្បាប់​ សម្រាប់តម្រូវការជីវភាពពួកគេ»​។

​ទាំង​លោក មាស នី និង​លោក ចាន់ សុផល ក៏​ស្នើ​ឲ្យ​ពលករ​ខ្មែរ​ខុសច្បាប់​ទាំងអស់ មក​បំពេញ​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ​វិញ ដើម្បីបញ្ចៀស​ការ​ប្រឈម​ហានិភ័យ​នឹង​បញ្ញត្តិ​ថ្មី ដែល​ថៃ​បានកំណត់​ដាក់ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​លើ​និយោជក​ថៃ និង​ពលករ​បរទេស​នេះ​។​

​ក្រឹត្យ​ស្ដីពី​ច្បាប់​គ្រប់គ្រង​ពលករ​បរទេស​ដ៏​តឹង​រ៉ឺ​ង ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​២៣ មិថុនា មាន​គោលដៅ​ត្រួតពិនិត្យ​ចំនួន​ពលករ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ ក៏ដូចជា​ពលករ​បរ​ទេស​ដែល​កំពុងធ្វើការ​ខុសច្បាប់​នៅ​ថៃ​ដែរ​។ បញ្ញត្តិ​ថ្មី​នេះ​ចែងថា​ជនជាតិ​ថៃ​ដែល​ជួល​ពលករ​បរទេស​ខុសច្បាប់ ត្រូវ​រង​ពិន័យ​ជា​ប្រាក់​ដល់​ទៅ​ជាង ២​ម៉ឺន ៣​ពាន់​ដុល្លារ​សម្រាប់​ពលករ​បរ​ទេស​ម្នាក់ ចំណែក​ជនបរទេស​ធ្វើការ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​អាច​រង​ពិន័យ​ដល់​ទៅជិត​៣​ពាន់​ដុល្លារ និង​ត្រូវ​ជាប់ពន្ធនាគារ​ដល់​ទៅ​៥​ឆ្នាំ​។

​ការចេញ​បញ្ញត្តិ​ថ្មី​របស់​រដ្ឋាភិបាល​ថៃ​នេះ គឺជា​ការពង្រឹង​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​ការងារ​នៅក្នុង​ប្រទេស​ថៃ​។ ភាគី​ថៃ​ទុក​រយៈពេល​៤​ខែ (១២០​ថ្ងៃ​) សម្រាប់​ពលករ​ខុសច្បាប់ ត្រឡប់​ទៅ​ប្រទេស​ពួកគេ​វិញ​សិន ដើម្បី​រៀបចំ​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ សឹម​នឹង​ត្រឡប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ស្នើ​ឲ្យ​ពលករ​ខ្មែរ​ទាំងអស់ រក្សា​ភាព​ស្ញៀ​ម​ស្ងាត់ ដោយសារ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ និង​ក្រសួង​ការងារ​កម្ពុជា កំពុង​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ថៃ។ 

​បន្ថែម​ពីនេះ​បណ្ដា​ក្រុមហ៊ុន និង​សហគ្រាស​នៅ​ថៃ បាន​ប្រតិកម្ម​យ៉ាងខ្លាំង​នឹង​ការអនុវត្ត​ក្រឹត្យ​របស់​រដ្ឋាភិបាល​ស្ដីពី​ការគ្រប់គ្រង​ពលករ​បរទេស ដែលមាន​គោលដៅ​រឹតបន្តឹង​ការជួល​ពលករ​បរទេស​ឲ្យ​បំពេញការងារ​ផ្សេងៗ ហើយ​ពួកគេ​ព្រួយបារម្ភ​ថា​បញ្ហា​កង្វះ​ពលករ​នឹង​កើតឡើង​មិន​ខាន ដែល​អាច​ប៉ះពាល់​ដល់​ចរន្ត​សេដ្ឋកិច្ច​ពួកគេ​ផងដែរ​៕


Tag:
 ថៃ​
 ​ មី​យ៉ាន់​ម៉ា​
 ​ឡាវ​
 ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com