ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
យានយន្ត​ត្រូវ​ចៀស​គ្នា​ដូចម្តេច នៅលើ​ផ្លូវ ឬ​ស្ពាន​តូចចង្អៀត​?
03, Jul 2017 , 8:39 pm         2587
រូបភាព
​នៅលើ​ផ្លូវ​តូចចង្អៀត  អ្នកបញ្ជា​យានយន្ដ​គ្រប់​ប្រភេទ​ត្រូវ​ចៀស​គ្នា​ដោយ​ប្រកាន់​ស្ដាំ​រៀងៗ​ខ្លួន​។ នៅលើ​ផ្លូវ​តូច​ដែល​មានតែ​យាន​មួយ​អាច​បើកបរ​បាន និង​មាន​កន្លែង​ចៀស​គ្នា​តែមួយ យាន​ណា​ដែល​មកដល់​កន្លែង​ចៀស​នោះ​មុន ត្រូវ​ឈប់​ចាំ​នៅ​កន្លែង​ចៀស​នោះ ទុក​ឲ្យ​យាន​ផ្សេងទៀត​ទៅមុន​។ ចំពោះ​យាន​ប្រភេទ​ខុសគ្នា យានយន្ត​តូច ត្រូវ​ថយក្រោយ ទុក​ឲ្យ​យានយន្ត​ធំ​ទៅមុន​។ ក្នុងករណី​ចៀស​គ្នា​នៅ​ផ្លូវ​តូចចង្អៀត រវាង​យាន​ដឹក​អ្នកដំណើរ និង​យាន​ដឹកទំនិញ យាន​ដឹកទំនិញ​ត្រូវ​ថយក្រោយ ទុក​ឲ្យ​យាន​ដឹក​អ្នកដំណើរ​ទៅមុន​។ នៅលើ​ស្ពាន​តូចចង្អៀត យាន​ធំ ត្រូវ​ទុក​សិទ្ធិ​ឲ្យ​យាន​ធុន​ស្រាល​ទៅមុន​។


​មាត្រា​២០ នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​ចែងថា អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ ត្រូវ​ជៀស​គ្នា​ប្រកាន់​ស្ដាំ​ដៃ​រៀងៗ​ខ្លួន​។ ពេល​ជៀស​គ្នា​នៅលើ​ផ្លូវ​ចង្អៀត ឬ​នៅលើ​ផ្លូវ​ដែលមាន​គ្រោះថ្នាក់ អ្នកបើកបរ​ត្រូវ​បន្ថយល្បឿន​រៀងៗ​ខ្លួន ហើយ​ក្នុងករណី​ចាំបាច់ យាន​ទាំងពីរ​ត្រូវ​ឈប់​។

​បើ​យានយន្ត​ប្រភេទ​ដូចគ្នា យាន​មួយណា​ចង់ទៅ​មុន ត្រូវធ្វើ​សញ្ញា​សុំ​ផ្លូវ ដោយ​លើកដៃ ឬ​ស៊ី​ផ្លេ​(​ពេល​ថ្ងៃ​) ឬ​ប្រើ​ភ្លើង​ហ្វា​កូត​(​ពេលយប់​) ហើយ​រង់ចាំ​យានជំនិះ​ពីមុខ បញ្ចេញ​សញ្ញា​យល់ព្រម​ឲ្យ​ទៅមុន ទើប​ធ្វើដំណើរ​ទៅបាន​។​

​ពេល​ចៀស​គ្នា​នៅលើ​ផ្លូវ​តូច​ដែល​យាន​តែមួយ​អាច​បើក​បរបាន និង​មាន​កន្លែង​តែមួយ​ដែល​អាច​ចៀស​គ្នា​បាន យានជំនិះ​ដែល​មកដល់​កន្លែង​ចៀស​នោះ​មុន ត្រូវ​ឈប់​រងចាំ​កន្លែង​ចៀស​នោះ​សិន ទុក​ឲ្យ​យានជំនិះ​មួយទៀត​ចៀស​ស្រួល​។​

​មាត្រា​ដដែល បញ្ជាក់ទៀតថា ក្នុងករណី​ទ្រូងផ្លូវ​ចង្អៀត មិនអាច​ជៀស​គ្នា​បាន ចាំបាច់​ត្រូវមាន​យានជំនិះ​ណាមួយ​ថយក្រោយ​។ ចំពោះ​យានជំនិះ​ប្រភេទ​ដូចគ្នា យានជំនិះ​ណា​ចង់ទៅ​មុន ត្រូវធ្វើ​សញ្ញា​សុំ​ផ្លូវ និង​ត្រូវមាន​សញ្ញា​យល់ព្រម​ពី​យាន​មួយទៀត​។ យាន​មាន​សណ្ដោង និង​យាន​ធុន​ធ្ងន់ មាន​អាទិភាព​លើផ្លូវ​តូចចង្អៀត ពោល​យាន​គ្មាន​សណ្ដោង និង​យាន​ធុន​ស្រា​ន ត្រូវ​ថយក្រោយ ពេល​ជួប​ប្រសព្វ​គ្នា​នៅលើ​ផ្លូវ ឬ​ស្ពាន​តូចចង្អៀត​។​

​ក្នុងករណី​ចៀស​គ្នា​លើផ្លូវ​ចោទ ហើយ​ចង្អៀត យានជំនិះ​ចុះ​ចំណោត​ត្រូវ​ឈប់ ទុក​ឲ្យ​យានជំនិះ​ឡើង​ចំណោត​ទៅមុន ហើយ​ក្នុង​ការចៀស​គ្នា​នេះដែរ យានជំនិះ​ណា​មើលឃើញថា​ចំណែក​ផ្លូវ​របស់ខ្លួន​មាន    ឧស​គ្គ ដូចជា​ផ្លូវ​ខូច ឬ​យានជំនិះ​ឈប់​ស្ងៀម យានជំនិះ​នោះ​ត្រូវ​ឈប់ ទុក​ឲ្យ​យាន​មួយទៀត​ទៅមុន​។​

​នៅលើ​ស្ពាន​ចង្អៀត​ដែល​បើកបរ​បានតែ​រថ​យន្ដ​មួយគ្រឿង យានយន្ដ​ធុន​ធំ ត្រូវ​ទុក​សិទ្ធិ​ឲ្យ​យាន​ធុន​ស្រាល​ទៅមុន​។ មុនពេល​ចៀស​គ្នា​នៅពេល​យប់​ក្រៅ​ទីប្រជុំជន ហើយ​គ្មាន​ច​ង្អៀ​ង​អគ្គិសនី យានជំនិះ​ទាំងពីរ​ត្រូវ​បិទ​ភ្លើង​ហ្វា រួច​បើកភ្លើង​កូត​វិញ​៕

Tag:
 ច្បាប់​ចរាចរណ៍​
 ​ ផ្លូវ​តូចចង្អៀត​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next