ជាតិ
សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ថ្មី ចាប់ផ្តើម​ចូលកាន់​តំណែង​ជា​បន្តបន្ទាប់​ហើយ
04, Jul 2017 , 8:59 am        
រូបភាព
ការប្រកាសសមាសភាពថ្នាក់ដឹកនាំឃុំ-សង្កាត់ថ្មី តាមមូលដ្ឋាននានា។ រូបថត ហ្វេសប៊ុក
ការប្រកាសសមាសភាពថ្នាក់ដឹកនាំឃុំ-សង្កាត់ថ្មី តាមមូលដ្ឋាននានា។ រូបថត ហ្វេសប៊ុក
​ភ្នំពេញ​៖ សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ថ្មី ដែល​ទើបនឹង​ជាប់ឆ្នោត​ក្នុង​អាណត្តិ​ទី​៤​នេះ អាច​ប្រកាស​សុពលភាព​ចូលកាន់​តំណែង​បាន ចាប់ពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២0១៧ តទៅ​។ រហូតមកដល់​ពេលនេះ សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​មួយចំនួន ដូចជា​សង្កាត់​និរោធ សង្កាត់​ស្ទឹងមានជ័យ​៣ និង​សង្កាត់​ចាក់អង្រែលើ ជាដើម ដែល​ស្ថិតក្នុង​រាជធានី​ភ្នំពេញ បានប្រកាស​សុពលភាព​ចូលកាន់​តំណែង​រួចហើយ​។



​បើ​ផ្នែក​លើ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច ស ខេង អភិបាល​រាជធានី​-​ខេត្ត​នីមួយៗ មាន​សិទ្ធិអំណាច ក្នុង​ការបើក​កិច្ចប្រជុំ ដើម្បី​ប្រកាស​សុពលភាព​នៃ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ថ្មី នៅក្នុង​រង្វង់​ដែនដី​របស់ខ្លួន​។ ប្រកាស​របស់​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ទៀតថា អភិបាល​រាជធានី​-​ខេត្ត អាច​ចាត់តាំង​តំណាង ដូចជា អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត អភិបាល ឬ​អភិបាលរង​នៃ​គណៈ​អភិបាលក្រុង ស្រុក ខណ្ឌ ជាដើម ដើម្បី​បើក​កិច្ចប្រជុំ​លើកដំបូង​របស់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ថ្មី​។​

​គណបក្សនយោបាយ​១២ បាន​ចូល​រួល​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤​នេះ​។ ប៉ុន្តែ មានតែ​គណបក្ស​៧​ប៉ុណ្ណោះ ដែល​ទទួលបាន​អាសនៈ​នៃ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​។ ក្នុងនោះ​គណបក្ស​ជា​ជនកម្ពុជា បានទទួល​សំឡេងឆ្នោត​និង​អាសនៈ​នៃ​សមា​ជិ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ច្រើនជាងគេ​។

​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​ចំនួន ៣.៥៤០.០៥៦ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​សំឡេងឆ្នោត​ចំនួន ៣.០៥៦.៨២៤​។ បើ​គិត​ជា​អាសនៈ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​៦៥០៣ (​បាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​ចំនួន​១១៥៦) ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​៥០០៧ (​បាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​ចំនួន​៤៨៩)​។​

​គណបក្ស​៥​ទៀត  គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​២៨ (​មិនបាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​) គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​២៤ (​បាន​តំណែង​ជា​មេឃុំ​១) គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​៥ (​មិនបាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​) គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​៤ (​មិនបាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​) និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​១ (​មិនបាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​)​។

​ចំណែកឯ​គណបក្ស​៥​ទៀត បានទទួល​ត្រឹម​សំឡេងឆ្នោត​ប៉ុណ្ណោះ តែ​មិនបាន​ទទួល​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ឡើយ​។ គណបក្ស​ទាំង​៥​នោះ គឺ​គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា គណបក្ស​អំណាច​ខ្មែរ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​៕
 

Tag:
 បោះឆ្នោត​ឃុំ​-​សង្កាត់​
  ចូលកាន់​តំណែង
© រក្សាសិទ្ធិដោយ thmeythmey.com