ជាតិ
កសិករ​ដាំ​ថ្នាំជក់​នៅ​ស្រុក​ក្រូចឆ្មារ​ត្អូញ​ពី​តម្លៃ​ថ្នាំ​ធ្លាក់ចុះ​ខ្លាំង​
04, Jul 2017 , 7:19 pm        
រូបភាព
​ត្បូងឃ្មុំ​៖ ខុសពី​ឆ្នាំទៅ ដែល​ផល​ថ្នាំជក់​ប្រមូល​ដល់ផ្ទះ​សឹង​មិនទាន់ ត្បិត​ឈ្មួញ​ដណ្តើម​គ្នា​ចាំ​ទទួល​ទិញ​។ ឆ្នាំនេះ ក្រោយ​ប្រមូល​ផល​ជាង​២​ខែ​មកហើយ គំនរ​ថ្នាំជក់​នៅសល់​ស្ទើរ​គ្រប់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ក្រូចឆ្មារ ដែលជា​តំបន់​លេខ​មួយ ក្នុង​ការផលិត​ថ្នាំជក់​។



​កសិករ​ថ្នាំជក់​នៅ​ស្រុក​ក្រូចឆ្មារ ហាក់​យំ​មិន​ចេញ ត្បិត​តម្លៃ​ថ្នាំ​ធ្លាក់ចុះ​ខ្លាំង គួបផ្សំ​ផល​មិនសូវ​ល្អ ដូច​រាល់​ឆ្នាំ​។ ឈ្មួញ​បាន​ទម្លាក់​តម្លៃ​ថ្នាំជក់​ថោក​ជាង​ឆ្នាំទៅ ពី​២០០០​រៀល ទៅ​៣០០០​រៀល​ក្នុង​មួយ​គីឡូ​។ នៅ​ឆ្នាំនេះ ថ្នាំជក់​ក្នុង​មួយ​គីឡូ លក់បាន​ក្នុងតម្លៃ​ពី​៥៥០០​រៀល (​គុណភាព​មិនសូវ​ល្អ​) ទៅ​៧០០០​រៀល​(​គុណ​ភាពល្អ​ជាងគេ​)  ដែល​ឆ្នាំទៅ មួយ​គីឡូ​តម្លៃ​ចន្លោះ​ពី ៧០០០​រៀល ទៅ​១០០០០​រៀល​។​



​កសិករ​មួយរូប​នៅ​ភូមិ​៥ ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ លោក ហាក់ ម៉ាត់ បាន​ឲ្យ​ដឹងថា ថ្នាំជក់​នៅ​ឆ្នាំនេះ​លក់​អត់​ចេញ ព្រោះ​មិនសូវមាន​ឈ្មួញ​ដើរ​ទិញ ហើយ​បើ​ទិញ ក៏​ឲ្យ​ក្នុងតម្លៃ​ថោក​ដែរ​។ លោក ហាក់ ម៉ាត់ ទទួលស្គាល់ថា គុណភាព​ថ្នាំជក់​ថ្នាំ​នេះ ពិតជា​ថយគុណភាព​មែន ព្រោះ​ត្រូវ​ទឹកភ្លៀង​ច្រើន​ពេល​ប្រមូល​ផល តែ​លោក​ទទួល​មិន​បានទេ​សម្រាប់​តម្លៃថោក​បែបនេះ​។



​ទាំង​លោក ហាក់ ម៉ាត់ និង​ពលរដ្ឋ​នៅ​ស្រុក​ក្រូចឆ្មារ​ទាំងមូល ហាក់​អស់សង្ឃឹម និង​គ្មាន​កម្លាំងចិត្ត​ធ្វើ​ថ្នាំជក់​ទៀត​ទេ​នៅ​ឆ្នាំក្រោយ​។ មានគ្រួសារ​ខ្លះ ខាតបង់​ច្រើន ដោយ​ផល​បាន​តិច ថ្លៃ​ក៏​ចុះថោក និង​ថែមទាំង​ជាប់បំណុលគេ​ថែមទៀត ត្បិត​អ្នកខ្លះ​ជួល​ដី​ពី​គេ និង​ខ្លះ​ខ្ចីលុយ​ពី​គេ ក្នុងអំឡុង​ចុះ​ធ្វើ​ថ្នាំជក់​ម្តងៗ​។​

​ឈ្មួញកណ្តាល​ទិញ​លក់​ថ្នាំជក់ លោក ភី បាន​ពន្យល់​ពី​ហេតុផល​ពីរ​ចំណុច ដែល​ធ្វើ​ឲ្យ​ថ្នាំជក់ ឆ្នាំំ​នេះ មិនសូវ​បាន​ថ្លៃ និង​គ្មាន​ទីផ្សារ​។ លោក ភី បញ្ជាក់ថា ហេតុផល​ទីមួយ ដោយសារ បរិមាណ​ថ្នាំ​ឆ្នាំមុន​សល់​ច្រើន និង​ហេតុផល​ទី​ពីរ គុណភាព​ថ្នាំជក់​ឆ្នាំនេះ មិនសូវ​ល្អ ត្រូវ​ភ្លៀង ច្រើន ទើប​បណ្តាល​ឲ្យ​គ្មាន​ទីផ្សារ និង​លក់បាន​ក្នុងតម្លៃ​ថោក​ជាង​ឆ្នាំទៅ​។​





​យ៉ាងណាក៏ដោយ ទីផ្សារ​ថ្នាំជក់​ហាក់​មានការ​ប្រែប្រួល​ខ្លាំង មិន​ខុសពី​ផល​កសិកម្ម​ផ្សេងៗ ទៀត ដូចជា​ដំឡូង​មី កៅស៊ូ ។​ល​។ ប្រជាពលរដ្ឋ​ទ​ទួ​ច​ឲ្យ​រាជរដ្ឋាភិបាល គួរ​ស្វែងរក​ទីផ្សារ និង​កំណត់​តម្លៃ​ផលិតផល​កសិកម្ម​រប​ស់​ពួកគេ​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​តម្លៃ​ស្ថិតនៅលើ​បបូរមាត់​ឈ្មួញកណ្តាល​៕


Tag:
 ថ្នាំជក់​
  ស្រុក​ក្រូចឆ្មារ
© រក្សាសិទ្ធិដោយ thmeythmey.com