ជាតិ
តុលាការ​ច្រានចោល​បណ្ដឹង​សារទុក្ខ​របស់លោក គឹម សុខ​
05, Jul 2017 , 10:18 am        
រូបភាព
លោក គី តិច មេធាវីរបស់សម្តេច ហ៊ុន សែន កំពុងផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្រោយពីបានស្តាប់ការប្រកាសសាលដីការបស់តុលាការកំពូល នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២0១៧។
លោក គី តិច មេធាវីរបស់សម្តេច ហ៊ុន សែន កំពុងផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្រោយពីបានស្តាប់ការប្រកាសសាលដីការបស់តុលាការកំពូល នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២0១៧។
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៥ កក្កដា​នេះ តុលាការ​កំពូល បានសម្រេច​ច្រានចោល​បណ្ដឹង​សារទុក្ខ​ចំនួន​២ ផ្សេងគ្នា របស់លោក គឹម សុខ អ្នកវិភាគ​នយោបាយ ដែល​មានរឿង​ក្តីក្ដាំ​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ នេះ​បើតាម​លោក គី តិច មេធាវី​ការពារ​ក្តី​សម្ដេច ហ៊ុន សែន ដែល​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​សវនាការ​។​



​សាលដីកា​ទាំងពីរ ដែល​តុលាការ​ច្រានចោល​នោះ គឺ​ទី​១ ការសុំ​ឲ្យ​លោក គឹម សុខ រស់នៅ​ក្រៅ​ពន្ធនាគារ​បណ្តោះអាសន្ន និង​រឿង​ទី​២ ការសុំ​ឲ្យ​កោះហៅ​ដើមបណ្តឹង (​សម្តេច ហ៊ុន សែន​) ចូល​តទល់​ជាមួយ​ចុងចោទ (​លោក គឹម សុខ​) នៅក្នុង​តុលាការ​។

​នៅក្នុង​បន្ទប់​សវនាការ​ព្រឹក​នេះ គេ​សង្កេតឃើញថា មិនមាន​វត្តមាន​មេធាវី​ការពារ​ក្តី​ឲ្យ​លោក គឹម សុខ នោះទេ គឺ​មានតែ​មេធាវី​ការពារ​ក្តី​សម្ដេច ហ៊ុន សែន ប៉ុណ្ណោះ​។​

​មេធាវី​សម្តេច ហ៊ុន សែន បានដាក់​ពាក្យ​ប្តឹង​លោក គឹម សុខ អ្នកវិភាគ​នយោបាយ ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» និង​បទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧ ។ មូលហេតុ​ដែល​លោក គី តិច មេធាវី​របស់​សម្តេច ហ៊ុន សែន ប្តឹង​នោះ ដោយសារតែ​លោក គឹម សុខ បាន​និយាយថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពី​ក្រោយខ្នង​អំពើ​ឃាតកម្ម លោក កែម ឡី អ្នកវិភាគ​នយោបាយ និង​ជា​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម កាលពី​ខែកក្កដា ឆ្នាំ​២០១៦ ។
 
​លោក គឹម សុខ នៅ​រង​បណ្តឹង​របស់​សម្តេច ហ៊ុន សែន មួយ​ផ្សេងទៀត​។ អង្គហេតុ ដែល​នាំ​ឲ្យ​លោក គឹម សុខ រង​បណ្តឹង​ជា​លើក​ទី​២ គឺ​ដោយសារតែ​លោក និយាយថា ប្រព័ន្ធ​មួយ ដែល​ស្ថិតនៅក្រោម​រដ្ឋាភិបាល​ប​ច្ចុ​ប្បន្ន មានការ​សម្លាប់​មនុស្ស ហើយ​រកមុខ​ឃាតក​មិនឃើញ​។ រហូតមកដល់​ពេលនេះ លោក គឹម សុខ បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ​ហើយ​៕

Tag:
 គឹម សុខ​
 ​ ហ៊ុន សែន​
 ​ តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com