ជាតិ
ម្ចាស់​បទ អា​នី​៖«​សែ​រាជវង្ស​មាន​ឈាមជ័រ​សិល្បៈ​ច្រើន​»
05, Jul 2017 , 2:13 pm        
រូបភាព
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ា សេរីវុឌ្ឍ ទីប្រឹក្សាអម​ព្រះរាជខុទ្ទកាល័យ​ព្រះមហាក្សត្រ​
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ា សេរីវុឌ្ឍ ទីប្រឹក្សាអម​ព្រះរាជខុទ្ទកាល័យ​ព្រះមហាក្សត្រ​
​សាធារណជន​ទូទៅ​បានឃើញ សមាជិក​រាជវង្ស​ច្រើន​មាន​និស្ស័យ​នឹង​សិល្បៈ និង​តន្ត្រី​។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ា សេរីវុឌ្ឍ អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​(២០០៣-២០០៧) បាន​មានបន្ទូលថា និស្ស័យ​សិល្បៈ​ហាក់​ស្ថិតនៅក្នុង​ឈាម​របស់​សែ​រាជវង្ស ដែល​បានធ្វើ​ឲ្យ​សមាជិក​រាជវង្ស​មាន​អារម្មណ៍​ស្រឡាញ់ និង​ហាត់រៀន​សិល្បៈ​ទាំងនោះ​។​



«​និស្ស័យ​ផ្នែក​សិល្បៈ​មាននៅ​ក្នុង​ហ្សែ​ន (Gène) នៃ​សន្តតិវង្ស​»​។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ា សេរី​វុ​ឌ្ឍ ដែលជា​អ្នកនិពន្ធ​ទំនុកច្រៀង​នៃ​បទ​«​អា​នី​» បាន​អះអាង​យ៉ាង​ម៉ឺងម៉ា់ត់​យ៉ាងនេះ​។ បន្ទូល​របស់​ព្រះអង្គម្ចាស់​ក៏​ជា​ចម្លើយ​ឆ្លើយ​ទៅ​សាធារណជន​ណា​ដែល​ពិភាល់ក្នុងចិត្ត នៅពេលដែល​ពួកគេ​ឃើញ​សមាជិក​រាជវង្ស​សំដែង​សិល្បៈ​។​



​ពលរដ្ឋ​ខ្មែរ​ទូទៅ​បានដឹងថា​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ មាន​ជំនាញ​ដ៏​ប៉ិនប្រសប់​ជាច្រើន​លើ​វិស័យ​ភាពយន្ត ភ្លេង និង​ការនិពន្ធ​នានា​។ ព្រះអង្គ​ក៏បាន​ដឹកនាំ​ក្រុម​តន្ត្រី​សំដែង ដោយមាន​មាន​ចូលរួម​ប្រគំ​ពី​ព្រះ​ញាតិវង្ស​ផ្សេងទៀត ដូចជា​សម្តេច​នរោត្តម សេរី​វុ​ឌ្ឍ និង​ព្រះអង្គម្ចាស់ ប៉ាណារ៉ា សេរី​វុ​ឌ្ឍ​។ នៅ​កម្ពុជា និង​នៅក្នុង​ពិភព​សិល្បៈ​ថ្នាក់​អន្តរជាតិ​ផង អ្នកណា​ក៏​ដឹងថា ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គ​មាន​ជំនាញ​របាំ Ballet តន្ត្រី និង​ភាពយន្ត​ផង​។ ចំណែកឯ​សម្តេចព្រះរាម នរោត្តម បុ​ប្ជា​ទេវី ព្រះអង្គ​គឺជា​អតីត​អ្នករបាំ​ព្រះរាជ​ទ្រព្យ (​របាំ​បុរាណ​) ប្រចាំ​ប្រទេស​កម្ពុជា​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​។ សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ និង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក៏​សុទ្ធ​តែមាន​ព្រះទ័យ​ចំពោះ​សិល្បៈ​តន្ត្រី​។ ព្រះអង្គម្ចាស់ ប៉ាណារ៉ា សេរី​វុ​ឌ្ឍ បាន​មានបន្ទូល​បន្ថែមថា មាន​សមាជិក​រាជវង្ស​ជាច្រើន​អង្គ​ទៀត ដូចជា​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ កូឡាឆាត ដែល​សុទ្ធ​តែមាន​ទេពកោសល្យ និង​និស្ស័យ​ចំពោះ​វិស័យ​សិល្បៈ​តន្ត្រី​។​

​និស្ស័យ​ពី​កំណើត​អាចជា​មូលហេតុ​មួយ​ដែល​ជំរុញ​ឲ្យ​ញាតិវង្សានុវង្ស​មាន​ចំណាប់អារម្មណ៍​លើ​វិស័យ​សិល្បៈ​ពី​ធម្មជាតិ​។ ក៏ប៉ុន្តែ​វា​ក៏​អាចមាន​កត្តា​ជំរុញ​មួយទៀត​ដែរ​។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ា សេរី​វុ​ឌ្ឍ ដែលជា​អ្នក​ច្រៀង​បទ «​បាត់​អូន​» និង​បាន​តែង​ទំនុកច្រៀង និង​ទំនុកភ្លេង​ជាច្រើន​ដែរនោះ បាន​ពន្យល់ថា ព្រះបរមរាជវាំង​គឺជា​មជ្ឈមណ្ឌល​នៃ​ការថែរក្សា និង​អភិរក្ស​សម្បត្តិ​វប្បធម៌ និង​សិល្បៈ​ខ្មែរ​។ ដូច្នេះ បើតាម​បន្ទូល​ព្រះអង្គ ចំណេះដឹង​របស់​អ្នកជំនាញ និង​អ្នក​ពូកែៗ សុទ្ធតែ​ត្រូវបាន​លើកទឹកចិត្ត និង​ត្រូវបាន​ប្រមូល​ឲ្យ​ចូលក្នុង​ព្រះបរមរាជវាំង​។​



​ព្រះអង្គម្ចាស់ ដែល​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ បាន​មានបន្ទូល​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ព្រះមហាក្សត្រី​យា​នី ស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន ដែលជា​ព្រះ​មាតា​របស់​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ព្រះ​អង្គជា​អ្នក​ស្រឡាញ់ និង​ថែរក្សា​សិល្បៈ​ខ្លាំងជាងគេ ពិសេស​ផ្នែក​របាំ​។ បន្ទាប់មក​គឺ ព្រះ​បរម​រតន​កោដ្ឋ​។ ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់ថា តាំងតែ​ពី​ដើម​រៀងមក ព្រះបរមរាជវាំង គឺជា​មជ្ឈមណ្ឌល​អភិរ​ក្ស​សម្បត្តិ​វប្បធម៌​ជាតិ​»​៕


Tag:
 ស៊ីសុវត្ថិ ប៉ាណារ៉ា សេរី​វុ​ឌ្ឍ​
  វប្បធម៌​
  ចម្រៀង​
  រាជវង្ស​
© រក្សាសិទ្ធិដោយ thmeythmey.com