ជាតិ
មហាផ្ទៃ រម្លឹក NGO ឲ្យធ្វើសកម្មភាពតាមគោលការណ៍ច្បាប់ រូបសម្ដេច ស ខេង នៅក្នុងពិធីតែងតាំងអភិបាលរាជធានីថ្មី កាលពីថ្ងៃទី២៨ មិថុនា
× ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីរម្លឹកដល់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងដំណើរការក្នុងប្រទេសកម្ពុជា ឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ទៅតាមច្បាប់។ ការរម្លឹកនេះ ធ្វើឡើងក្រោយពីក្រសួងមហាផ្ទៃ សង្កេតឃើញថា សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ហាក់មិនទាន់អនុវត្តឲ្យបានត្រឹមត្រូវទៅតាមគោលការណ៍និងច្បាប់ ដែលបានចែង។
បើតាមខ្លឹមសារនៃសេចក្តីជូនដំណឹង សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ត្រូវផ្តល់របាយការណ៍អំពីគណនីក្នុងធនាគារ ដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការ ដល់ក្រសួងមហាផ្ទៃនិងក្រសួងសេដ្ឋកិច្ច ឲ្យបានមុនបំណាច់ខែកញ្ញា ឆ្នាំ២0១៧។ តាមរយៈសេចក្តីជូនដំណឹងខាងលើ ក្រសួងមហាផ្ទៃ ថែមទាំងទាមទារឲ្យសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ផ្តល់ព័ត៌មានជាលាយលក្ខណ៍អក្សរដល់ខ្លួន ប្រសិនបើចង់ធ្វើវិសោធកម្មលើលក្ខន្តិកៈ ផ្លាស់ប្តូរទីស្នាក់ការ ផ្លាស់ប្តូរប្រធាន ឬមានការប្រែប្រួលផ្នែកគណនីក្នុងធនាគារ។
មិនត្រឹមតែប៉ុណ្ណឹងទេ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ក៏ត្រូវតែផ្ញើរបាយការណ៍ប្រចាំឆ្នាំ អំពីការបូកសរុបសកម្មភាពការងារនិងហិរញ្ញវត្ថុ ដល់ក្រសួងមហាផ្ទៃនិងក្រសួងសេដ្ឋកិច្ចផងដែរ។ ក្រសួងមហាផ្ទៃ បានប្រាប់ទៅសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលបែបនេះ នៅក្នុងសេចក្តីជូនដំណឹងដដែល។
ក្រសួងមហាផ្ទៃ បានព្រមាននៅក្នុងសេចក្តីជូនដំណឹងយ៉ាងដូច្នេះថា៖«ករណីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលណាមួយ មិនបានបំពេញតាមលក្ខខណ្ឌដូចបានចែងខាងលើ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនោះ ត្រូវទទួលវិធានការតាមច្បាប់ស្តីពី សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល»។
ការចេញសេចក្តីជូនដំណឹងនេះ គឺស្របពេលដែលក្រសួងមហាផ្ទៃ បានប្រាប់ទៅ «បន្ទប់ស្ថានការណ៍» ដែលមានអង្គការមិនមែនរដ្ឋាភិបាលជាច្រើនជាសមាជិក ឲ្យបញ្ឈប់សកម្មភាពរបស់ខ្លួន ។ ក្រសួងមហាផ្ទៃ លើកឡើងថា «បន្ទប់ស្ថានការណ៍» បានអនុវត្តផ្ទុយទៅនឹងបទបញ្ញត្តិនៃច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com