ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេឃុំ​ឆែប​២​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ក្រោយ​កាន់តំណែង​បាន​៣​ថ្ងៃ​
05, Jul 2017 , 6:17 pm        
រូបភាព
រូបលោក ងួន កន (ខាងឆ្វេង) ប្រកាសចូលកាន់តំណែងមេឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី២ កក្ដដា
រូបលោក ងួន កន (ខាងឆ្វេង) ប្រកាសចូលកាន់តំណែងមេឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី២ កក្ដដា
​ភ្នំពេញ​៖ មេឃុំ​ឆែប​២ ស្រុក​ឆែប ខេត្តព្រះវិហារ កូតា​គណបក្ស​ប្រជាជន​កម្ពុជា លោក ងួន កន អាយុ​៦៦​ឆ្នាំ ដែល​ទើប​ឡើងកាន់តំណែង​ជា​ផ្លូវការ បាន​មរណភាព​នៅ​ព្រឹក​ថ្ងៃទី​៥ កក្កដា​នេះ ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។​


 
​លោក ងួន កន មេឃុំ​ឆែប​២ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ ក្នុងអំឡុងពេល​រូបគាត់ បាន​បើកបរ​នៅក្នុង​ខេត្តស្ទឹងត្រែង ។ ហើយ​លោក​បាន​បាត់បង់​ជីវិត ខណៈដែល​រថយន្ត​សង្គ្រោះបន្ទាន់​បញ្ជូន​គាត់​ទៅ​មន្ទី​ពេទ្យ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​Fresh News ដែល​បាន​ស្រង់​សម្តី​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ។​
 
​លោក ងួន កន ទើប​ប្រកាស​ឲ្យ​ចូលកាន់​តំណែង​នៅ​ឃុំ​ឆែប​២ ស្រុក​ឆែប ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៧​នេះ ក្រោយពី​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ជ័យជម្នះ​លើ​ការបោះឆ្នោត​ឃុំ​-​សង្កាត់ កាលពី​ថ្ងៃទី​៤​មិថុនា​។​
 
​គួរ​បញ្ជាក់ថា កៅអី​ឃុំ​ឆែប​២ ស្រុក​ឆែប ខេត្តព្រះវិហារ​នេះ មាន​ចំនួន​៥​អ​សនៈ ដែល​ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​តំណែង​មេឃុំ ជំទប់​ទី​១ និង​សមាជិក​។ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​ពីរ​អ​សនៈ គឺ​ជំទប់​ទី​២ និង​សមាជិក​។​
 
​បើតាម​លក្ខន្តិក​នៃ​ច្បាប់បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នោះ លោក ហ៊ិ​ម យ៉ាន ដែលជា​ជំទប់​ទី​១ មកពី​កូតា​គណបក្ស​ប្រជាជន​កម្ពុជា នឹងត្រូវ​កាន់តំណែង​មេឃុំ​ជំនួស​លោក ងួន កន ដែល​ទទួលមរណៈភាព​នេះ ។ ចំណែក​លោក ទូច សារ៉ន កូតា​គណបក្ស​ប្រជាជន​នឹងត្រូវ​កាន់តំណែង​ទំនប់​ទី​១ ហើយ​លោក ជៀន ជិន ដែល​ឈរ​ជា​បេក្ខជន​លេខ​រៀង​ទី​៤ របស់​គណបក្ស​ប្រជាជន នឹង​ក្លាយជា​សមាជិក​ឃុំ​ឆែប​២​នេះ ជំនួស​លោក ទូច សារ៉ន វិញ​។​
 
​ចំណែក​សមាភាព​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប ដែល​ទទួលបាន​កៅអី​ជំទប់​ទី​២ និង​សមាជិក នៅ​រក្សា​ដដែល​៕
 

Tag:
 CPP
 ​មេឃុំ​សង្កាត់​
© រក្សាសិទ្ធិដោយ thmeythmey.com