ជាតិ
ពុទ្ធបដិមា​​ប្រក់​នាគ​ដែល​ពលរដ្ឋ​ប្រទះឃើញ​ត្រូវបាន​យកមក​រក្សាទុក​នៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ​
06, Jul 2017 , 9:02 am        
រូបភាព
​សៀមរាប​៖ ពុទ្ធបដិមាប្រក់​នាគ​មួយអង្គ ដែល​ពលរដ្ឋ​នៅ​ស្រុក​ស្វាយ​លើប្រទះឃើញ ត្រូវបាន​នាំមក​រក្សាទុក​នៅក្នុង​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ​។ កសិករ​មួយរូប​ រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ បាន​ប្រទះឃើញ​រូប​បដិមា​មួយអង្គនេះ ក្នុង​ដីចម្ការ​របស់ខ្លួន និង​បានប្រគល់​ឲ្យ​ស្ថាប័ន​ជំនាញ ដើម្បី​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​។​



​លោក ឈាន រដ្ឋា ប្រធានស្តីទី​នាយកដ្ឋាន​អភិរក្ស​ក្រៅ​ឧទ្យាន​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា លោក​ទទួលបាន​ដំណឹង​អំពី​ពុទ្ធបដិមា​នេះ នៅ​ល្ងាច​ថ្ងៃទី​៣ កក្កដា ហើយ​ព្រលប់​ថ្ងៃទី​៤ រូប​បដិមា​ព្រះ​ប្រក់​នាគ​នេះ  បាន​នាំយកមក​រក្សាទុក​ក្នុង​សារមន្ទីរ​។ លោក​បន្ថែមថា ពលរដ្ឋ​ដែល​ប្រគល់​រូប​បដិមា​ដល់​អាជ្ញាធរ​នេះ មានឈ្មោះ​អ្នកស្រី ព្រឹម រ៉​ន រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ដែល​ប្តី​អ្នកស្រី បាន​ប្រទះឃើញ​ខណៈពេល​កំពុង​កាប់ឆ្ការ​ក្នុង​ដីចម្ការ​ខ្លួន​។​

​រូប​បដិមា​ព្រះ​ប្រក់​នាគនេះ មាន​កម្ពស់ ៥៩សង់ទីម៉ែត្រ  ទទឹង ១៨សង់ទីម៉ែត្រ បណ្ដោយ ៣០សង់ទីម៉ែត្រ  ប្រក់​នាគ​ក្បាល​៧ និងគង់​លើ​នាគ​៣​ជាន់។ បដិមានេះ ​ប្រទះឃើញ​នៅ​ទីតាំង​ខាងត្បូង​ឈៀង​ខាងកើត ប្រាសាទ​តា​នុប។ ​អ្នកជំនាញ​​បញ្ជាក់ថា នឹង​សិក្សា​ស្រាវជ្រាវ​បន្ថែមលើរូបបដិមានេះ ដើម្បីបញ្ជាក់ថា​រូបនេះ មាន​ទាក់ទង​នឹង​ប្រាសាទ​មួយណា ដែល​ជិត​ភ្នំ​គូ​លេន ព្រោះ​ទីតាំងដែល​ប្រទះឃើញ មាន​ប្រាសាទបុរាណ​ច្រើន​កន្លែង​។​



​អ្នក​បុរាណ​វិទូ​ខាង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប៉ាន់ស្មាន​ជាបឋម​ថា រូបនេះ​ស្ថិតក្នុង​រចនាប័ទ្មបាយ័ន នៅ​ចុង​សតវត្សរ៍​ទី ១២ និង​ដើមទី​១៣ និង​មាន​ឈ្មោះថា ភេសជ្ជៈ​គុរុ ដែល​ប្រែ​ថា«គ្រូថ្នាំ»​​។ ពុទ្ធបដិមា​នេះ មាន​ទម្រង់​នៅ​ល្អ តែមាន​ស្នាម​ឆ្នូត​ផ្នែក​ខាងក្រោយ ដោយសារ​ការជីកប៉ះ​។​

​កញ្ញា ឆោម គ​ន្ធា នាយិកា​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ អង្គរ បាន​ឲ្យដឹង​ដែរ​ថា នេះ​ជា​រូប​ទី​៣ហើយ ដែល​សារមន្ទីរ​ទទួលបាន​ពី​ប្រជាពលរដ្ឋ ដើម្បី​រក្សាទុក​។ កញ្ញា​បញ្ជាក់ថា រូប​ទីមួយ ទទួលបាន​នៅ​ឆ្នាំ​២០១៦ ទី​ពីរ​នៅ​ដើមឆ្នាំ​២០១៧ និង​ចុង​ក្រោយនេះ គឺ​រូប​ព្រះ​ប្រក់​នាគ​នេះ​។ ជាមួយនឹង​ទម្រង់ និង​រូបរាង​ដ៏​ស្រស់ស្អាត និង​អស្ចារ្យ​របស់​ពុទ្ធបដិមា​ថ្មី​នេះ កញ្ញា ឆោម គ​ន្ធា រំពឹងថា នឹង​ទាក់ទាញ​ចំនួន​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​ក្នុង​សារមន្ទីរ កាន់តែ​ច្រើនឡើង ខណៈសារមន្ទីរ​គ្រោង​​បង្កើត​កម្មវិធី​ថ្មីៗ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែម​៕


Tag:
 ពុទ្ធបដិមា​
  សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com