ជាតិ
នយោបាយជាតិ
បក្សសង្គ្រោះជាតិ នឹងមិនអាចប្រើរូបលោកសម រង្ស៊ី ដែលឈរកាន់ដៃឯ.ឧ កឹម សុខា ទៀតឡើយ
× ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ នឹងមិនមានសិទ្ធិ ក្នុងការប្រើរូបរបស់លោក សម រង្ស៊ី ដែលឈរកាន់ដៃជាមួយឯកឧត្តម កឹម សុខា ទៀតនោះទេ នៅពេលរដ្ឋសភា អនុម័តខ្លឹមសារថ្មីនៃច្បាប់ស្តីពី គណបក្សនយោបាយ នាពេលខាងមុខ។ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ដូច្នេះ ក្រោយចាកចេញពីកិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២0១៧នេះ។
លោក អេង ឆៃអ៊ាង លើកឡើងថា ខ្លឹមសារថ្មីនៃច្បាប់ស្តីពី គណបក្សនយោបាយ ដែលសរសេរដោយតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា បានជំរុញឲ្យគណបក្សសង្គ្រោះជាតិ ត្រូវដករូបរបស់លោក សម រង្ស៊ី ចេញ។ លោក សង្កត់ធ្ងន់ថា ប្រសិនបើមិនដករូបរបស់លោក សម រង្ស៊ី ចេញទេ គណបក្សសង្គ្រោះជាតិ អាចនឹងប្រឈមនឹងការរំលាយចោលតែម្តង។
អនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះ និយាយដូច្នេះថា៖«បើយើងប្រើ [រូបរបស់ឯកឧត្តមសម រង្ស៊ី] ទៀត យើងត្រូវបរាជ័យ។ វា អត់ដល់គោលដៅ។ បើយើងប្រើរូបហ្នឹង គេរំលាយគណបក្សយើង។ អ៊ីចឹងយើងអត់ទៅខ្វល់ទេ។ យើងត្រូវដើរឆ្ពោះរកគោលដៅរបស់យើង។ [……] បើគេ មិនឲ្យប្រើរូបរបស់ឯកឧត្តម សម រង្ស៊ី យើងដូរទៅ»។
ខ្លឹមសារថ្មី ដែលនឹងត្រូវបន្ថែម ចូលទៅក្នុងច្បាប់ស្តីពី គណបក្សនយោបាយ មិនអនុញ្ញាតឲ្យគណបក្សនយោយបាយ យករូបភាពរបស់បុគ្គលណាមួយ ដែលមានឈ្មោះជាអ្នកទោសឬទណ្ឌិត ទៅប្រើប្រាស់ឡើយ។ ដូច្នេះ ចង់មិនចង់ គណបក្សសង្គ្រោះជាតិ នឹងត្រូវបង្ខំចិត្តដករូបរបស់លោក សម រង្ស៊ី ដែលឈរកាន់ដៃជាមួយឯកឧត្តម កឹម សុខា ក្រោយពីខ្លឹមសារថ្មី ត្រូវបានបញ្ជូលទៅក្នុងច្បាប់ស្តីពី គណបក្សនយោបាយ។
ខ្លឹមសារថ្មីនោះ បានសរសេរថា៖«គ្រប់គណបក្សនយោបាយ មិនត្រូវប្រើប្រាស់សារសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដើម្បីជាប្រយោជន៍នយោបាយសម្រាប់គណបក្សរបស់ខ្លួន ឡើយ។ បើគណបក្សណា បានប្រព្រឹត្ត តុលាការ អាចរំលាយគណបក្សនោះ»។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំលើសំណើរសុំឲ្យកែប្រែច្បាប់ស្តីពី គណបក្សនយោបាយ។ គណៈកម្មាធិការអចិន្ត្រៃយ៍ សម្រេចយកសំណើរនេះ ទៅពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នៅថ្ងៃទី១0 ខែកក្កដា ឆ្នាំ២0១៧។
សូមបញ្ជាក់ថា ការកែប្រែច្បាប់ស្តីពី គណបក្សនយោបាយ គឺធ្វើឡើងតាមសំណើររបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ក្នុងពិធីរម្លឹកខួប៦៦ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលរៀបចំឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២0១៧ សម្តេច ហ៊ុន សែន បានស្នើឲ្យរដ្ឋសភា ធ្វើវិសោធនកម្មសាជាថ្មី លើច្បាប់ស្តីពី គណបក្សនយោបាយ ដោយបន្ថែមខ្លឹមសារថា ទណ្ឌិតឬអ្នកទោស មិនអាចយកខ្លួនទៅភ្ជាប់ជាមួយគណបក្សនយោបាយ ដើម្បីធ្វើសកម្មភាពឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com