ជាតិ
មាត្រាថ្មីនៃច្បាប់នយោបាយ ធ្វើឲ្យលោក សម រង្ស៊ី កាន់តែឃ្លាតឆ្ងាយពី CNRP? លោក សម រង្ស៊ី សហស្ថាបនិកគណបក្សសង្គ្រោះជាតិ
× ភ្នំពេញ៖ មិនយូរទេ ទំនាក់ទំនងរវាងលោក សម រង្ស៊ី ជាមួយគណបក្សសង្គ្រោះជាតិ នឹងត្រូវបានកាត់ផ្តាច់ស្ទើរទាំងស្រុង។ ការកាត់ផ្តាច់ទំនាក់ទំនងរវាងលោក សម រង្ស៊ី ជាមួយគណបក្សសង្គ្រោះជាតិ គឺធ្វើឡើងតាមរយៈការបន្ថែមខ្លឹមសារថ្មី ចូលទៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយ។
ពេលណាខ្លឹមសារថ្មី ដែលសរសេរដោយគណបក្សប្រជាជនកម្ពុជា ក្លាយជាមាត្រាក្នុងច្បាប់ស្តីពី គណបក្សនយោបាយ តាមរយៈការអនុម័តរបស់រដ្ឋសភា ពេលនោះលោក សម រង្ស៊ី ដែលហ៊ុមព័ន្ធទៅដោយបណ្តឹង ហើយត្រូវបានតុលាការ កាត់ទោសឲ្យមានឈ្មោះជាទណ្ឌិត នឹងមិនអាចយកខ្លួន ទៅភ្ជាប់ជាមួយគណបក្សសង្គ្រោះជាតិ ទៀតឡើយ។ ប្រសិនបើនៅតែមានទំនាក់ទំនងជាមួយគ្នាតាមរូបភាពណាមួយ គណបក្សសង្គ្រោះជាតិ ប្រាកដជាប្រឈមនឹងផ្លូវច្បាប់ ដោយជៀសមិនរួច។
«គ្រប់គណបក្សនយោបាយ មិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិត ដែលជាប់ទោសពីបទឧក្រិដ្ឋឬបទមជ្ឈិម ដើម្បីជាប្រយោជន៍នយោបាយ សម្រាប់គណបក្សរបស់ខ្លួន។ គណបក្សនយោបាយ មិនត្រូវយល់ព្រមដោយចំហ ឬដោយតុណ្ហីភាព [ភាពស្ងៀមស្ងាត់] ឬឃុបឃិតជាមួយទណ្ឌិត ឲ្យធ្វើសកម្មភាពណាមួយ ដើម្បីប្រយោជន៍នយោបាយ សម្រាប់គណបក្សរបស់ខ្លួន។ បើគណបក្សណា បានប្រព្រឹត្តនូវទង្វើទាំងនេះ តុលាការ អាចរំលាយគណបក្សនោះ»។ ទាំងនេះ គឺជាខ្លឹមសារខ្លះៗ ដែលនឹងក្លាយទៅជាមាត្រាថ្មីក្នុងច្បាប់ស្តីពី គណបក្សនយោបាយ។ ខ្លឹមសារថ្មីនៃច្បាប់ស្តីពី គណបក្សនយោបាយ ដែលសរសេរឡើងតាមគំនិតគោលរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងត្រូវលើកទៅពិភាក្សា ក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នៅថ្ងៃទី១0 ខែកក្កដា ឆ្នាំ២0១៧។
ខ្លឹមសារថ្មីទាំងនេះហើយ ដែលបង្ខំឲ្យគណបក្សសង្គ្រោះជាតិ ត្រូវតែដកខ្លួន ចេញពីលោក សម រង្ស៊ី ទោះបីជាមិនចង់ក៏ដោយ។ អ្វីដែលមានលក្ខណៈធ្ងន់ធ្ងរនោះ គឺគណបក្សសង្គ្រោះជាតិ អាចនឹងត្រូវបានរំលាយចោលតែម្តង ប្រសិនបើធ្វើខុសនឹងខ្លឹមសារថ្មីនៃច្បាប់ស្តីពី គណបក្សនយោបាយ។
គេមិនទាន់ភ្លេចនោះទេថា កាលពីដើមឆ្នាំ២0១៧នេះ សម្តេច ហ៊ុន សែន ក៏ជាម្ចាស់គំនិត ក្នុងការស្នើឲ្យរដ្ឋសភា កែប្រែច្បាប់ស្តីពីគណបក្សនយោបាយដែរ។ ដោយផ្នែកលើគំនិតគោលរបស់សម្តេច ហ៊ុន សែន ដែលបានលើកឡើងក្នុងពេលនោះ រដ្ឋសភា ក៏បានកែប្រែច្បាប់ស្តីពីគណបក្សនយោបាយ ដោយកំណត់ថា ទណ្ឌិត មិនអាចក្លាយជាប្រធានគណបក្ស ឬក៏ក្លាយជាសមាជិកគណៈកម្មាធិការនាយក នៃគណបក្សណាមួយឡើយ។
ដោយសារតែច្បាប់ស្តីពី គណបក្សនយោបាយ ត្រូវបានកែប្រែបែបនេះ លោក សម រង្ស៊ី ដែលមានឈ្មោះជាទណ្ឌិត ក៏ប្រកាសលាលែងពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែ លោក សម រង្ស៊ី នៅតែមានសកម្មភាពជាមួយគណបក្សសង្គ្រោះជាតិ ដដែល ថ្វីបើលោកប្រកាសលាលែងពីតំណែងជាប្រធាន ក៏ដោយ។
លោក សម រង្ស៊ី បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដើម្បីបង្កើនការគាំទ្រដល់គណបក្សសង្គ្រោះជាតិ។ ជាក់ស្តែង លោក បានបង្ហោះវីដេអូឃ្លីប និងសារជាច្រើន លើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីសុំឲ្យប្រជាពលរដ្ឋ បោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ កាលពីអំឡុងនៃការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នាអាណត្តិទី៤ ដែលទើបនឹងបញ្ចប់ក្នុងពេលថ្មីៗនេះ។
យ៉ាងណាក៏ដោយចុះ សកម្មភាពរបស់លោក សម រង្ស៊ី ដែលធ្លាប់ផ្សារភ្ជាប់ជាមួយគណបក្សសង្គ្រោះជាតិកន្លងមក នឹងមិនអាចកើតមានទៀតឡើយ នៅពេលខ្លឹមសារថ្មីខាងលើ បានក្លាយជាមាត្រានៃច្បាប់ ស្តីពីគណបក្សនយោបាយ។ តុលាការ អាចចាត់ការតាមផ្លូវច្បាប់ ប្រសិនបើ លោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ នៅតែបន្តទាក់ទងគ្នា ដើម្បីធ្វើសកម្មភាពណាមួយ៕
Tag:
CPP
CNRP
សម រង្ស៊ី
ច្បាប់នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com