ជាតិ
សង្គមជាតិ
កម្ពុជាបើកយុទ្ធនាការ ១០០ ថ្ងៃ ធ្វើលិខិតឆ្លងដែន​ដល់កម្មករ ១៦ ម៉ឺននាក់នៅថៃ
06, Jul 2017 , 7:33 pm        
រូបភាព
លោករដ្ឋមន្រ្តី អ៊ិត សំហេង ធ្វើសន្និសីទកាសែតនៅព្រលានយន្តហោះ​អន្តរជាតិភ្នំពេញ
លោករដ្ឋមន្រ្តី អ៊ិត សំហេង ធ្វើសន្និសីទកាសែតនៅព្រលានយន្តហោះ​អន្តរជាតិភ្នំពេញ
ដោយ: ថ្មីៗ
រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានប្រកាសថា រដ្ឋាភិបាលកម្ពុជា នឹងបើកយុទ្ធនាការ ១០០ ថ្ងៃ ដើម្បីធ្វើលិខិតឆ្លង​ដែន​ដល់​ពលករខ្មែរ ដែលកំពុងធ្វើការ​នៅ​ប្រទេសថៃ​។



ក្រោយចុះពីលើយន្តហោះ បន្ទាប់ពី​បញ្ចប់បេសកកម្មនៅ​ប្រទេសថៃ លោក អ៊ិត សំហេង បាននិយាយថា មានកម្មករខ្មែរប្រមាណ ១៦ ម៉ឺននាក់ គ្មានលិខិតឆ្លងដែន ដែលកំពុងធ្វើការនៅប្រទេស​ថៃ។ លោករដ្ឋមន្រ្តីក្រសួងការងារ បញ្ជាក់ថា ក្នុងចំណោមកម្មករទាំងនោះ មានកម្មករផ្នែកនេសាទប្រមាណ ៤ ម៉ឺននាក់ គ្មានលិខិតឆ្លង​ដែន ដែលក្រុមការងារ​របស់​លោក នឹងត្រូវធ្វើលិខិតឆ្លងដែនឲ្យមុនគេក្នុងយុទ្ធនាការ ១០០ ថ្ងៃនេះ។ «យើងគ្រោងថា ធ្វើមួយថ្ងៃយ៉ាងតិច​ឲ្យបាន ៥០០ លិខិត​ឆ្លងដែនជូនកម្មករ។ យើងនឹងចុះទៅដល់រោងចក្រតែម្តង»។ នេះជាការបញ្ជាក់របស់លោករដ្ឋមន្រ្តីនៅក្នុង​សន្និសីទកាសែតនៅព្រលានយន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ នៅល្ងាចថ្ងៃទី ៦ ខែកក្កដា​។

ជាមួយគ្នានេះលោក សំហេង ក៏ផ្ញើសារទៅកម្មករខ្មែរដែលកំពុងធ្វើការដោយគ្មានលិខិតស្នាមត្រឹមត្រូវនៅប្រទេសថៃ ដោយកុំឲ្យបារម្ភថា អាជ្ញាធរថៃនឹង​ចាប់បញ្ជូនពួកខ្លួនមកកម្ពុជាវិញ ព្រោះលោកបាន​ធ្វើការងារជាមួយភាគីថៃរួចហើយ។ លោក បញ្ជាក់យ៉ាងនេះថា៖« សុំបងប្អូនកុំបារម្ភ​។ សុវត្ថិភាពរបស់បងប្អូន គឺធានាដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ»។

សារព័ត៌មានថ្មីៗ នឹងលម្អិតព័ត៌មាននេះបន្ថែមទៀត នៅពេលក្រោយ។

Tag:
 កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com