ជាតិ
សេដ្ឋកិច្ច
ការយក​«VAT ១០​ភាគរយ​»​ពី​អ្នកប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​បន្ទាប់បន្សំ ត្រូវបាន​ព្យួរ​ការអនុវត្ត​
06, Jul 2017 , 10:54 pm        
រូបភាព
ដោយ:

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បានប្រកាស​ព្យួរ​ការអនុវត្ត​ជា​បណ្ដោះអាសន្ន​ចំពោះ​ការយក​អាករ​លើ​តម្លៃបន្ថែម (VAT) លើ​សេវា​មូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ (​សេវា​ហិរញ្ញវត្ថុ​បន្ទាប់បន្សំ​)​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន នៅ​ថ្ងៃទី​៦​ខែកក្កដា​។​



​កាលពី​ចុងខែ​ឧសភា​ឆ្នាំនេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានចេញ​ប្រកាស​មួយ​ដែល​ឈានទៅដល់​ការយក VAT ១០​ភាគរយ​ពី​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​បន្ទាប់បន្សំ​។ បើតាម​អ្នក​នៅក្នុង​វិស័យនេះ ការដាក់ VAT នេះ គឺមាន​រយៈពេល​យូរ​ឆ្នាំ​មកហើយ ប៉ុន្តែ​អនុវត្ត​តែ​ទៅលើ​មុខទំនិញ​ផ្សេងៗ ដោយ​មិនទាន់​អនុវត្ត​ចំពោះ​សេវាកម្ម​ហិរញ្ញវត្ថុ​នោះ​ទ ទើប​ក្រសួង​ចេញប្រកាស​ឲ្យ​ចាប់ផ្ដើម​អនុវត្ត​នៅ​ខែឧសភា​។​
 
​ប្រកាស​របស់​ក្រសួង​កាលពី​ខែឧសភា​បានកំណត់​សេវា​មូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ​លើ​ច្រើន​ចំណុច តែមាន​ចំណុច​មួយ​ដែល​កំណត់​លើ​«​ប្រតិបត្តិ​ការទទួលប្រាក់​បញ្ញើ និង​ផ្ដល់​ឥណទាន ប៉ុន្តែ​មិន​រួមបញ្ចូល​កម្រៃ​សេវា​ដែល​ទាក់ទិន​នឹង​ការផ្ដល់​ឥណទាន​»​។​
 
​អ្នក​ក្នុង​វិស័យ​ធនាគារ​ខ្លះ​ប្រាប់ថា សេវា​ដែល​ជាប់​កាតព្វកិច្ច VAT ១០​ភាគរយ​នេះ ​សំដៅ​ដល់កម្រៃ​សេវា​ផ្ទេរប្រាក់ កម្រៃ​សេវា​វាយតម្លៃ​លើ​ការទទួល​កម្ចី ឬ​សេវា​ផ្នែក​ច្បាប់ សេវា​ថែទាំ​គណនេយ្យ រួមទាំង​សេវា​ផ្សេងៗ​ជាច្រើន​ទៀត​។ ប៉ុន្តែ​អត្រា​ការប្រាក់ មិនត្រូវ​ជាប់ VAT នេះ​ទេ​។ ហើយ​ការបង់ VAT នេះ គឺ​តាមរយៈ​ការ​កាត់​ទុក​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ពី​អ្នកប្រើប្រាស់​សេវា រួច​គ្រឹះស្ថាន​យកប្រាក់​ទាំងនោះ ​បង់​ជូន​អគ្គនាយកដ្ឋាន​ពន្ធដារ​។ បានសេចក្ដីថា បើ​គ្រឹះស្ថាន​យក​កម្រៃ ២​ពាន់​រៀល​ក្នុងការ​ផ្ទេរប្រាក់​ក្នុង​មួយដង នោះ​គ្រឹះស្ថាន​ត្រូវ​កាត់​ប្រាក់ ២​រយ​រៀល​ទៀត​ទុក​បង់​ជូន​រដ្ឋ​។​
 
​ទោះយ៉ាងណា តាមរយៈ​សេចក្ដីជូនដំណឹង​ខាងលើ អគ្គនាយកដ្ឋាន​ពន្ធដារ ប្រកាស​ព្យួរ​ការអនុវត្ត​ជា​បណ្ដោះអាសន្ន​ចំពោះ​ការយក VAT នេះ រហូតដល់​មា​ការជូនដំណឹង​ជាថ្មី​។ អគ្គនាយកដ្ឋាន​ពន្ធដារ ​បញ្ជាក់ទៀតថា ​​នឹង​សហការ​ជាមួយ​ផ្នែក​ឯកជន ដើម្បី​សិក្សា​លម្អិត​ឡើងវិញ ​នូវ​និយមន័យ​ពាក្យ​ «​សេវា​មូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ​» និង​ពិនិត្យ​ការអនុវត្ត VAT លើ​សេវា​មិនមែនជា​មូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ​។​
 
​គួរ​បញ្ជាក់ថា បន្ទាប់ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញប្រកាស​នៅ​ខែឧសភា វិស័យ​ឯកជន​បាន​ប្រតិកម្ម​នឹង​ប្រកាស​នេះ ដោយ​ចង់​ស្វែងរក​ដំណោះស្រាយ​ជុំវិញ​ការដាក់ VAT លើ​សេវា​ហិញ្ញ​វត្ថុ​បន្ទាប់បន្សំ​នេះ​។ កាលពីពេល​ថ្មីៗ​នេះ ថ្នាក់ដឹកនាំ​សមាគម​មីក្រូហិរញ្ញវត្ថុ (CMA)   បាន​ថ្លែង​ក្នុង​សនិសីទ​របស់ខ្លួន​ថា សមាជិក CMA មិនទាន់​អនុវត្តតាម​ប្រកាស​នោះឡើយ ព្រោះថា​វា​បានដាក់​បន្ទុក​ដល់​អ្នក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​បន្ទាប់បន្សំ និង​រង់ចាំ​ជួបពិភាក្សា​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​៕ 
 

Tag:
 សេវា​ហិរញ្ញវត្ថុ​
© រក្សាសិទ្ធិដោយ thmeythmey.com