ជាតិ
ថ្ងៃនេះ ជា​ខួប​១៥ឆ្នាំ នៃ​ការដាក់​ប​ញ្ចូ​ល​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​
07, Jul 2023 , 9:35 am        
រូបភាព
សម្តេច សុខ អាន អតីតរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី​ប្រើ​ពេល​៧​ឆ្នាំក្នុងការស្នើសុំ រហូតឈានដល់​ការចុះបញ្ជីប្រាសាទព្រះវិហារជាផ្លូវការ។ រូបថត AFP
សម្តេច សុខ អាន អតីតរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី​ប្រើ​ពេល​៧​ឆ្នាំក្នុងការស្នើសុំ រហូតឈានដល់​ការចុះបញ្ជីប្រាសាទព្រះវិហារជាផ្លូវការ។ រូបថត AFP
​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២៣ នេះ ជា​ខួប​១៥ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​បន្ថែមទៀត បើ​គិត​ចាប់តាំងពី​កម្ពុជា​ទទួលបាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ​នេះ ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលាការអន្តរជាតិ​ក្រុងឡាអេ​នា​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២​។



​ព្រះវិហារ ប្រាសាទ​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ដែល​ស្ថិតនៅលើ​ភ្នំ​ដងរែក ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​កិច្ចប្រជុំ​ទី​៣២​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា​។



​តាមពិតទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ចុះបញ្ជី​ប្រាសាទព្រះវិហារ តាំងពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០០១ ប៉ុន្តែ​ករណីនេះ បាន​ជួប​បញ្ហា​ស្មុ​គ្រ​ស្មាញ​យ៉ាងច្រើន ជាពិសេស​ការបង្ក​រឿង​ពី​សំណាក់​ភាគី​ថៃ​។ ប៉ុន្តែ​ក្រោយ​ការយកចិត្ត​ទុក​ពី​អង្គការ​យូណេស្កូ និង​ភាគី​កម្ពុជា ដែល​តំណាង​ដោយ​សម្តេច​ឧបនាយករដ្ឋមន្ត្រី សុខ អាន  អតីតរដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី ទើប​៧​ឆ្នាំ​ក្រោយមក ប្រាសាទព្រះវិហារ ត្រូវបាន​ចុះបញ្ជី​ជា​ផ្លូវការ​។​






​សូម​រម្លឹកថា កាលពី​ថ្ងៃទី ១៥ ខែមិថុនា  គឺជា​ខួប ៦១ ឆ្នាំ  នៃ​ថ្ងៃ​ដែល​តុលាការអន្តរជាតិ​ទីក្រុង​ឡាអេ ប្រទេស​ហូ​ឡង់ បានសម្រេច​ប្រគល់​ប្រាសាទព្រះវិហារ​ឲ្យ​មក​ប្រទេស​កម្ពុជា​គ្រប់គ្រង​វិញ ក្រោយពី​បារាំង​ប្រគល់​ឲ្យ​ថៃ​កាន់កាប់​។ ប្រាសាទព្រះវិហារ​បាន​ស្ថិតនៅក្នុង​ការគ្រប់គ្រង​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​វិញ ដោយសារ​ព្រះរាជ​សកម្មភាព​ទាមទារ​យក​ប្រាសាទព្រះវិហារ​ពី​ថៃ​មកវិញ​ របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ។

កាលពីថ្ងៃទី ១៥ ខែកក្កដា២០១៨ រដ្ឋាភិបាល​បាន​រៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏ធំមួយនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីអបអរខួប​១០ឆ្នាំ និងខួប១ឆ្នាំ នៃការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក៕

Tag:
 ​ប្រាសាទព្រះវិហារ​
  យូណេស្កូ​
  បេតិកភណ្ឌ​ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com