English-Français
លោក Blaise Kilian ថា ចង់ចេះភាសាបរទេស «ចូរកុំអៀនមាត់!»
× បច្ចុប្បន្ន លោក Blaise Kilian គឺជាអ្នកគ្រប់គ្រងនៅស្ថាប័ន EuroCham ដែលគេស្គាល់ថាជាសភាពាណិជ្ជកម្មសភាពអឺរ៉ុប។ លោក Blaise ជាជនជាតិបារាំងដែលនិយាយ អាន និងសរសេរភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ។
សូមស្តាប់បទសម្ភាសរវាង នាយ យ៉ាន និង លោក Blaise Kilian ជាភាសាបារាំង ដែលរៀបរាប់អំពីប្រវត្តិនៃការសិក្សាភាសារបស់លោក Blaise ដូចតទៅ៖
តាំងពីមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៩ លោក Blaise Kilian មានតួនាទី និងការងារសំខាន់នៅក្នុងស្ថាប័នធំៗទាំងក្នុងវិស័យរដ្ឋ និងឯកជននៅកម្ពុជា។ លោកធ្លាប់ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យច្បាប់ និងសេដ្ឋកិច្ច ធ្លាប់បម្រើការនៅអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា និងក៏ធ្លាប់បម្រើការនៅការិយាល័យព័ត៌មាននៅស្ថានទូតបារាំងផងដែរ។ រស់នៅ និងបំពេញការងារនៅកម្ពុជារយៈពេល១៨ឆ្នាំមកនេះ បានអនុញ្ញាតឲ្យលោក Blaise បង្កើនចំណេះដឹងផ្នែកភាសាខ្មែរ ដែលលោកមានទុនបន្តិចបន្តួចរួចមកហើយតាំងពីលោករស់នៅប្រទេសបារាំង។
បើតាមការរៀបរាប់របស់លោក Blaise នៅក្នុងបទសម្ភាសនេះ លោក Blaise បានចាប់អារម្មណ៍ស្រឡាញ់ប្រទេសកម្ពុជា និងប្រវត្តិសាស្ត្ររបស់ប្រទេសជាខ្លាំង។ ក្តីស្រឡាញ់នេះ បូករួមទាំងការស្គាល់មិត្តភក្តិជាច្រើនជាជនជាតិខ្មែរដែលជាជនភៀសខ្លួននោះ វាជាចំនុចាប់ផ្តើមនៃការនិយាយភាសាខ្មែររបស់ លោក Blaise៕
© រក្សាសិទ្ធិដោយ thmeythmey.com