ជាតិ
សេដ្ឋកិច្ច
អាពាហ៍ពិពាហ៍​៖ បណ្ណាការ​លែង​ជា​បញ្ហា​, ពិធី​ខ្លី​ជាង​មុន​, អញ្ជើញ​ការ​តាម​ហ្វេ​ស​ប៊ុ​កបាន​, ចំណាយ​ដើម្បី​សម្ញែង​…
07, Jul 2017 , 3:16 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បើ​និយាយ​ពី​ការរៀប​អាពាហ៍ពិពាហ៍ អ្នកខ្លះ គិតថា វា​ជា​រឿង​លំបាក​ណាស់ ពីព្រោះ ពួកគេ​ត្រូវ​រៀបចំ​ពិធី និង​អញ្ជើញ​អ្នកចូលរួម​។ តែ​អ្នកខ្លះ​ទៀតថា ការរៀបចំ​ពិធីការ​នាពេល​បច្ចុប្បន្ន​នេះ មិនសូវ​ប្រឈម​ប៉ុន្មាន​ឡើយ ព្រោះ ក្រុមហ៊ុន​សេវាកម្ម​ទាក់ទង​នឹង​ការរៀបចំ​អាពាហ៍ពិពាហ៍​មាន​ច្រើនណាស់​។ ម្យ៉ាងទៀត ការអញ្ជើញ​ភ្ញៀវ​ឲ្យ​ចូលរួម​អាពាហ៍ពិពាហ៍​អាចធ្វើ​ឡើង​តាម​ផ្ទាល់មាត់ តាម​ហ្វេ​ស​ប៊ុ​ក តាម​អ៊ីមែល​។​ល​។ តែ​រឿង​ប្រឈម​ខ្លាំង គឺ​ការធ្វើ​រោងការ​បិទផ្លូវ​អ្នកដំណើរ​។



ខាងក្រោម​នេះ គឺជា​បទសម្ភាសរវាង​លោក សេង ពិសិដ្ឋ អគ្គនាយក​ក្រុមហ៊ុន​រៀបចំ​ព្រឹត្តិការណ៍ ANUSSA និង​លោក ចំណារ អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​។

​សារព័ត៌មាន​ថ្មីៗ​៖ ហេតុអ្វី​លោក​សម្រេចចិត្ត​បង្កើត​ពិព័រណ៍​អាពាហ៍ពិពាហ៍​? អ្វី​នៅ​ពីក្រោយ​គំនិត​នេះ​?
​លោក សេង ពិសិដ្ឋ​៖ ជារួម ការបង្កើត​កម្មវិធី​នេះ គឺ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អនាគត​គូ​ស្វាមី ភរិយា​ដែល​ត្រៀម​រៀបចំ​មង្គលការ​។ ពួកគេ​អាចធ្វើ​ការជ្រើសរើស​អ្នកផ្គត់ផ្គង់​សម្ភារៈ សម្លៀកបំពាក់ សម្អាងការ តុបតែង ថតរូប ពិធីការ​ផ្សេងៗ ដោយ​កាត់បន្ថយ​ការចំណាយ​វេលា កាត់បន្ថយ​ភាពស្មុគស្មាញ​ដែល​នាំ​ឲ្យ​ឈឺក្បាល​។ ម្យ៉ាងទៀត គួ​ស្រករ​ថ្មី​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពី​ក្រុមហ៊ុន​ពាក់ព័ន្ធ​នានា​។



​សារព័ត៌មាន​ថ្មីៗ​៖ តើ​អាពាហ៍ពិពាហ៍​បច្ចុប្បន្ន និង​អតីតកាល​មាន​លក្ខណៈខុស​គ្នាច្រើន​ឬទេ​? បើ​ខុសគ្នា តើ​ខុស​ចំណុច​ធំៗ​ណាខ្លះ​?
​លោក សេង ពិសិដ្ឋ​៖ បើតាម​គំនិត​ខ្ញុំ ខ្ញុំ​សង្កេតឃើញ​ការខុស​គ្នា​ត្រង់​និន្នាការ​នៃ​ការរៀបចំ និង ចំនួន​អ្នកចូលរួម​។ ក្រុមគ្រួសារ​កាត់បន្ថយ​ភាពស្មុគស្មាញ​ក្នុង​មង្គលការ មានន័យថា កាត់ចោល​ពិធី​មួយចំនួន​ចោល ដោយ​រក្សាទុក និង​រៀបចំ​តែ​ពិធី​សំខាន់ៗ​ដើម្បី​ចំណេញ​ពេលវេលា និង បន្ថយ​ការរំខាន​ដល់​បងប្អូន​ញាតិមិត្ត ក៏ដូចជា​បន្ថយ​ចំណាយ​មិនចាំបាច់​មួយចំនួន​។ ខ្ញុំ​សង្កេតឃើញថា មានប្រតិកម្ម​ច្រើន​ពី​សាធារណជន​ពី​ការអញ្ជើញ​ទៅ​មង្គលការ​ច្រើនពេក​។ ជាក់ស្តែង ឥឡូវនេះ អ្នកចូលរួម​មង្គលការ គិតថា ទៅ​ចូលរួម​ខ្លះ ឬ​មិន​ទៅ​ចូលរួម​ខ្លះ ហើយ​ពួកគេ​លែងមាន​សម្ពាធ​ផ្នែក​អារម្មណ៍​ដូច​មុន​ទៀតហើយ​។

​សារព័ត៌មាន​ថ្មីៗ​៖ តើ​ការរៀបចំ​អាពាហ៍ពិពាហ៍​នាពេល​បច្ចុប្បន្ន​លំបាក​ខ្លាំង​ឬទេ​?
​លោក សេង ពិសិដ្ឋ​៖ មិន​លំបាក​ជាង​មុន​ទេ តាមពិត វា​ងាយស្រួល​ជាង​មុន​។ សេវាកម្ម​ថ្មីៗ​ត្រូវបាន​បង្កើតឡើង​ដើម្បី​សម្រួល​ដល់​ការរៀបចំ​មង្គលការ​ទាំ​ង​មូល ដូចជា ក្រុមហ៊ុន​ពិធីការ ក្រុមហ៊ុន​រៀបចំ​គម្រោង​អាពាហ៍ពិពាហ៍ ក្រុមហ៊ុន​រចនា​តុបតែង សេវាកម្ម​វេរ​លុយ​ចងដៃ សេវាកម្ម​ដឹក​ជ​ញ្ចូ​ន​ធៀប​ការ​ជាដើម​។​

​សារព័ត៌មាន​ថ្មីៗ​៖ តើ​ការអញ្ជើញ​ភ្ញៀវ​គួរ​ធ្វើឡើង​តាមរបៀប​ណា​? អញ្ជើញ​ផ្ទាល់មាត់​? តាម​ហ្វេ​ស​ប៊ុ​ក​? តាម​អ៊ី​ម៉ែ​ល​?
​លោក សេង ពិសិដ្ឋ​៖ មែនទែនទៅ ធ្វើឡើង​តាម​មធ្យោបាយ​ណា​ក៏បាន វា​អាស្រ័យ​លើ​ភាពជិតស្និទ្ធ​។
​អញ្ជើញ​ផ្ទាល់មាត់ ឬ តាម​ហ្វេ​ស​ប៊ុ​ក សម្រាប់​មិត្តភក្តិ​ជិតស្និទ្ធ​បំផុត​។ ទោះជា​យ៉ាងណាក៏ដោយ ក៏​ការជូន​សំបុត្រ​ការ​ដល់​កន្លែងធ្វើការ ឬ​ដល់​គេហដ្ឋាន​នៅតែ​ជាការ​សម្តែង​ការគោរព​ដ៏​ល្អ​បំផុត​សម្រាប់​ប្រពៃណី​ខ្មែរ​។ វា​ជា​លេស​មិន​សមស្រប ប្រសិនបើ​គេ​និយាយថា​សូម​ការ​អធ្យាស្រ័យ​មិនបាន​ជូន​ធៀប​ការ​ដោយ​ផ្ទាល់ដៃ​ដោយសារ​ជាប់រវល់​នេះ ឬ​រវល់​នោះ​។ គូស្រករ​ថ្មី​រវល់ តែ​ភ្ញៀវ​ក៏ត្រូវ​ចំណាយពេល​វេលារ​វល់​របស់​ពួកគេ​ដើម្បី​ទៅ​ចូលរួម​មង្គលការ​របស់​យើង​ដែរ​។



​សារព័ត៌មាន​ថ្មីៗ​៖ បច្ចុប្បន្ននេះ តើ​ថ្លៃ​បណ្ណាការ​ជា​រឿង​ប្រឈម​សម្រាប់​យុវជន​មិនទាន់​រៀបការ​ឬទេ​?
​លោក សេង ពិសិដ្ឋ​៖ បច្ចុប្បន្ននេះ គេ​សង្កេតឃើញ​មានការ​សម្របសម្រួល​គ្នាច្រើន មិនមែន​ចេះតែ​ទារ​នោះទេ​។ គ្រួសារ​ទាំងសងខាង​ចាប់ផ្តើម​ទទួលស្គាល់​ពី​តួនាទី​នៃ​ការចូលរួម​ក្នុង​ការកសាង​គ្រួសារ​ថ្មី ទាំងពី​ខាង​កូនកំលោះ និង ខាង​កូនក្រមុំ ពោលគឺ​មិនមែនជា​បន្ទុក​ផ្តាច់មុខ​ខាង​ប្រុស​តែ​ម្ខាង​នោះទេ​។ គ្រួសារ​ទាំងសងខាង​ផ្តល់នូវ​ធនធាន​ដល់​គ្រួសារ​ថ្មី​ដើម្បី​រៀបចំ​ជីវិត​អាពាហ៍ពិពាហ៍​។ ហើយ​កូនកំលោះ និង កូនក្រមុំ​ផ្ទាល់ មាន​លក្ខណៈ​ឯករាជ្យ​ជាង​មុន ដោយ​ភាគច្រើន ពួកគេ​មាន​ប្រភព​ចំណូល​ផ្ទាល់ខ្លួន ដូច្នេះ ពួកគេ​អាច​រៀបចំ​មង្គលការ​ដោយ​ខ្លួនឯងបាន​។

​សារព័ត៌មាន​ថ្មីៗ​៖ តើ​ដៃគូ​អនាគត​គួរ​ចំណាយ​ប្រា​ក់លើ​ពិធី​អាពាហ៍ពិពាហ៍​ច្រើនពេក​ឬទេ​? គួរ​សន្សំ​លុយ​ទុក​ទិញ​គេហដ្ឋាន ឬ​គួរ​ចំណាយលុយ​លើ​ពិធី​ដែល​ខាតបង់​ចោល​ដើម្បី​តែ​កិត្តិយស​មួយ​ភ្លែត​ប៉ុណ្ណោះ​?
​លោក សេង ពិសិដ្ឋ​៖ កិត្តិយស​ពិតប្រាកដ​បានមកពី​ការធ្វើ​អ្វី​ជា​ប្រយោជន៍​ដល់​សង្គម មិនមែន​បាន​ពី​ការចាយវាយ សម្ញែង​ហ៊ឺហារ សម្រាប់តែ​ខ្លួនឯង និង​ក្រុមគ្រួសារ​នោះទេ​។ បើដូច្នោះ តើ​ត្រូវ​ចំណាយ​បង្ហិន​លុយ​ធ្វើ​អី្វ​? សន្សំ​លុយ​ទុក​រៀបចំ​គ្រួសារ រៀប​គម្រោង​ថវិកា​ឲ្យ​បាន​ល្អិតល្អន់ វិនិយោគ​លើផ្ទះ ដី និង ការបង្កើន​ចំណូល​ផ្សេងៗ វា​អាច​នាំ​គ្រួសារ​ថ្មី​ទៅរក​សុភមង្គល ជាជាង​ចំណាយ​ខ្ជះខ្ជាយ​លើ​មង្គលការ​មួយថ្ងៃ​។

​សារព័ត៌មាន​ថ្មីៗ​៖ តើ​រោង​អាពាហ៍ពិពាហ៍​គួរ​ធ្វើឡើង​ដោយ​បិទផ្លូវ​សាធារណៈ​ឬទេ​?
​លោក សេង ពិសិដ្ឋ​៖ ខ្ញុំ​គិតថា បិទ​ចុះបើ​ផ្លូវ​ស្ងាត់​មិនសូវមាន​គេ​ជិះ​។ បើ​ផ្លូវ​ស្ទះ​ស្រាប់​ទៅហើយ ហើយ​គេ​ធ្វើ​រោងការ​បិទ​ទៀត តើ​អ្នកធ្វើដំណើរ​ជិះ​តាមផ្លូវ​ណា​? ហើយ​បើ​អ្នកធ្វើដំណើរ​ខ្លះ​មាន​កិច្ចការ​អាសន្ន មាន​ជំងឺ ត្រូវ​ប្រញាប់​…​តើ​ពួកគេ​ធ្វើ​ដូចម្តេច​? ការបិទផ្លូវ​ដើម្បី​សម្ញែង​ពី​កម្មវិធី​ខ្លួនឯង វា​ពិតជា​ផ្តល់​ផល​លំបាក​ច្រើនណាស់​ដល់​អ្នកធ្វើដំណើរ​។ កាលពី​ពេលមុន បិទផ្លូវ​មិនសូវ​អី​ទេ ព្រោះ​ផ្លូវ​វា​មិនសូវ​ស្ទះ​។ តែ​ឥឡូវនេះ ផ្លូវ​ស្ទះ​សឹង​គ្រប់ពេល និង គ្រប់​ទីកន្លែង​។ ហេតុដូច្នេះ បើ​ជៀស​ធ្វើ​រោងការ​នៅ​ផ្លូវ​ស្ទះ​បាន សូម​ពិចារណា​ចំនុច​នេះ ហើយ​បើ​មិនអាច​ជៀសបាន សូម​យក​ចំណែក​ផ្លូវ​តូច​បំផុត​។ ថ្ងៃ​មង្គល​គួរតែ​ជា​ថ្ងៃ​សិរី​សួស្តី មិនមែនជា​ថ្ងៃ​ដែល​អ្នកធ្វើដំណើរ​ជិះ​កាត់​រោងការ ជេរ​ហុយ​ដី​នោះទេ​៕


 

Tag:
 អាពាហ៍ពិពាហ៍
© រក្សាសិទ្ធិដោយ thmeythmey.com