ជាតិ
សេដ្ឋកិច្ច
ចិន​ផ្ដល់ជំនួយ​ជិត​៤​លាន​ដុល្លារ ទិញ​ឧបករណ៍ និង​សង់​មន្ទីរពិសោធន៍​វិនិច្ឆ័យ​ជំងឺ​សត្វ​
07, Jul 2017 , 5:11 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងកសិកម្ម
រូបភាពពីហ្វេសប៊ុកក្រសួងកសិកម្ម
ដោយ:
​កម្ពុជា និង​ចិន កាលពី​ថ្ងៃទី​៥ ខែកក្កដា បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ ស្តីពី​លទ្ធផល​នៃ​ការសិក្សា រៀបចំ​គម្រោង​សាងសង់​មន្ទីរពិសោធន៍​រោគវិនិច្ឆ័យ​ជំងឺ​សត្វ​។ គម្រោង​នេះ មាន​ទឹកប្រាក់​ប្រមាណ​២៥​លាន​RMB ឬ​ជិត​៤​លាន​ដុល្លារ​អាមេរិក ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន​សម្រាប់​អាស៊ាន​។



​រដ្ឋាភិបាល​ចិន បាន​ផ្តល់ជំនួយ ជិត​៤​លាន​ដុល្លារ​អាមេរិក ដល់​កម្ពុជា សាងសង់​មន្ទីរពិសោធន៍​រោគវិនិច្ឆ័យ​ជំងឺ​សត្វ​។ គម្រោង​នេះ ត្រូវបាន​ចុះហត្ថលេខា នៅ​ថ្ងៃទី​៥ ខែកក្កដារ រវាង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក លី អាន តំណាង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា ទឹកប្រាក់​នេះ ត្រូវ​បែង​ចែង​ទៅ​សង់​អគារ​ជាង ២​លាន​ដុល្លារ និង​ឧបករណ៍​បំពាក់​សម្រាប់​មន្ទីរពិសោធន៍​នេះ និង​មន្ទីរពិសោធន៍​ព្រែកលៀប​ជាង​១​លាន​ដុល្លារ​។



​បើតាម​ក្រសួងកសិកម្ម គម្រោង​នេះ នឹង​បន្ថែម​សមត្ថភាព​វិភាគ​ជំងឺ​សត្វ និង​ផលិតផល​សត្វ ដល់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក៏ដូចជា​មន្ទីរពិសោធន៍​សាលា​ជាតិ​កសិកម្ម​ព្រែកលៀប ដើម្បី​ផ្តល់​សេវា​វិភាគ​អនាម័យ និង​ភូតគាម​អនាម័យ​។ មន្ទីរពិសោធន៍​នេះ  នឹង​គាំទ្រ​ដល់​ការផ្គត់ផ្គង់​ផលិតផល​កសិកម្ម ប្រកបដោយ​សុ​វត្តិភាព​ទាំង​នៅក្នុង​ស្រុក និង​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម ទៅកាន់​ទីផ្សារ​អន្តរជាតិ នៅពេល​ខាងមុខ​។

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បានលើកឡើង​ពិធី​ចុះហត្ថលេខា​នោះ​ថា រដ្ឋាភិបាល​ចិន បានផ្តល់​នូវ​ជំនួយ​តាមរយៈ​គម្រោង​ជាច្រើន​ដល់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាពិសេស​មានការ​គាំទ្រ​ខ្ពស់​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។ សមិទ្ធិផល​ជាច្រើន​នេះ បង្ហាញឱ្យឃើញ​ពី​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ រវាង​រដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​ទាំង​២ ។ នេះ​ជាការ​បញ្ជាក់​របស់លោក​រដ្ឋមន្ត្រី​។​



​ក្រៅពីនេះ លោក វេ​ង សាខុន បានស្នើ​ទៅ​ភាគី​ចិន​ផ្តល់​អ្នកបច្ចេកទេស​បន្ថែ​ម​ទៀត​ដល់​កម្ពុជា លើ​វិស័យ​កសិកម្ម ផលិតកម្ម​សត្វ និង​វិស័យ​ផ្សេងៗ​ទៀត​។ បើតាម លោក​រដ្ឋមន្ត្រី វិស័យនេះ អាចជួយ​ដល់​ការងារ​កសិកម្ម នៅ​អគ្គនាយកដ្ឋាន​កសិកម្ម និង​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក្នុងទិសដៅ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា ឱ្យ​ប្រសើរឡើង  បំពេញតម្រូវការ​ទីផ្សារ និង​ការនាំ​ចេញទៅ​ក្រៅប្រទេស ប្រកបដោយ​ប្រសិទ្ធភាព រក្សាបាន​សន្តិសុខ​ស្បៀង និង​សុវត្ថិភាព​ស្បៀង​។

​ឆ្លើយតប​នឹង​ការស្នើ​នេះ លោក លី អាន តំណាង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​អះអាងថា លោក និង​រដ្ឋាភិបាល​ចិន  នៅតែ​បន្ត​គាំទ្រ និង​ផ្តល់ជំនួយ​បន្ថែមទៀត ដល់​កម្ពុជា ដើម្បី​ស្តារ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ប្រទេស​នេះ​៕


Tag:
 កសិកម្ម​
 ​ មន្ទីរពិសោធន៍​
 ​ ជំងឺ​សត្វ​
 ​ ជំនួយ​
 ​ កម្ពុជា​-​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com