ម៉ាឡេស៊ីចាប់ខ្លួនពលករខុសច្បាប់ជាង២០០០នាក់ដែលមកពីបណ្ដាប្រទេសជិតខាង និងត្រៀមបញ្ជូនពួកគេទៅស្រុកវិញ។ គេព្រួយបារម្ភថា ការបង្ក្រាបពលករខុសច្បាប់នេះអាចនឹងជំរុញឲ្យពលករទាំង បន្តលាក់ខ្លួន និង ប្រឈមមុខនឹងការជួញដូរមនុស្សពីក្រុមទុច្ចរិតផង។
ក្រៅពីថៃ ម៉ាឡេស៊ីកំពុងពង្រឹងវិធានការបង្ក្រាបពេលករខុសច្បាប់ដែលឆ្លងដែនមកពីប្រទេសជិតខាងដើម្បីមកធ្វើការងារនៅម៉ាឡេស៊ីនោះ។ ពលករច្រើនពាន់នាក់ហើយដែលត្រូវបានចាប់ខ្លួន និងអាចត្រូវអាជ្ញាធរម៉ាឡេស៊ីបញ្ជូនទៅស្រុកវិញផងដែរ។
ពាក់ព័ន្ធបញ្ហានេះ មន្ត្រីជាន់ខ្ពស់ផ្នែកអន្តោប្រវេសន៍ម៉ាឡេស៊ីលោកSaravana Kumar បានអះអាងថា ពលករចំនួន២០៣៩នាក់ដែលធ្វើការងារក្នុងរោងចក្រ និងភោជនីយដ្ឋាននានានៅម៉ាឡេស៊ីត្រូវបានចាប់ខ្លួនពេលអាជា្ញធរចេញប្រតិបត្តិការឆែកឆេរស្វែងរកពលករខុសច្បាប់ដែលចាប់ផ្ដើមពីថ្ងៃទី១ ខែកក្កដាមកនេះ។
ទីភ្នាក់ងារព័ត៌មានReuters បានស្រង់សម្ដីរបស់មន្ត្រីខាងលើដូច្នេះថា៖«ពលករខុសច្បាប់ដែលគេចាប់បាននឹងត្រូវឃុំខ្លួនរយៈពេល១៤ថ្ងៃ ដើម្បីស្រាវជ្រាវ និងផ្ដន្ទាទោសមុនពេលបញ្ជូនពួកគេទៅវិញ»។ក្នុងប្រតិបត្តិការបង្ក្រាបពលករខុសច្បាប់នេះដែរ អាជ្ញាធរឃាត់ខ្លួននិយោជក៥២នាក់ ព្រោះមានការសង្ស័យថាពួកគេបានជួលពលករខុសច្បាប់ឲ្យធ្វើការ។
លោក Saravana Kumarបានបន្តទៀតថា មួយចំនួនធំនៃពលករខុសច្បាប់ទាំងនេះមកពីឥណ្ឌូណេស៊ី និងបង់ក្លាដែស។ ពួកគេឆ្លងដែនចូលមកម៉ាឡេស៊ីដោយទិដ្ឋាការជាភ្ញៀវទេសចរណ៍ ហើយគ្មានការអនុញ្ញាតិការងារត្រឹមត្រូវនោះទេ។
ភាគច្រើនការងារសំណង់ និងកសិកម្មដាំដុះនៅម៉ាឡេស៊ីពឹងផ្អែកខ្លាំងទៅលើពលករចំណាកស្រុកមកពីឥណ្ឌូណេស៊ី បង់ក្លាដែស និងនេប៉ាល់ព្រោះប្រជាជនម៉ាឡេស៊ីមិនធ្វើការងារបែបនោះទេ។ ចំណែកចំនួនពលករស្របច្បាប់ដែលកំពុងធ្វើការងារនៅម៉ាឡេស៊ីមានចំនួន២លាននាក់ ខណៈដែលចំនួនពលករខុសច្បាប់ក៏មានប្រហាក់ប្រហែលគ្នាដែរ។
ដោយឡែក គេឃើញមានការបារម្ភខ្លាំងផងដែរចំពោះការបង្ក្រាបពលករខុសច្បាប់ទ្រង់ទ្រាយធំនេះ។ សកម្មជនការពារសិទ្ធកម្មករចំណាកស្រុកម៉ាឡេស៊ីលោក Aegile Fernandez យល់ថា ការចាប់ខ្លួននិងឃុំខ្លួនហើយបញ្ជូនពលករខុសច្បាប់ទាំងនេះទៅប្រទេសខ្លួនវិញ ជារឿងមិនយុត្តិធម៌នោះទេ។ នេះក៏ដោយសារពួកគេមិនបានទទួលបានការទទួលស្គាល់ជាពលករស្របច្បាប់ បើទោះបីជាពួកគេបង់ប្រាក់ឲ្យនិយោជកនិងភ្នាក់ងារអន្តោប្រវេសន៍ក៏ដោយ។
លោកAegile Fernandez បន្ថែមទៀតថា ការចាប់ខ្លួននេះនឹងជំរុញឲ្យហានិភ័យនៃការជួញដូរមនុស្សកើនឡើង ព្រោះពលករខុសច្បាប់ខ្លះបានព្យាយាមលាក់ខ្លួន និងព្យាយាមរត់ចេញពីម៉ាឡេស៊ី។
សូមជម្រាបផងដែរថា ម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខរៀងទី២ ក្នុងរបាយការណ៍ពីការជួញដូរមនុស្សរបស់អាមេរិកក្នុងឆ្នាំ ២០១៧ ដោយអាចឆ្លងផុតបញ្ជីប្រទេសដែលត្រូវគេឃ្លាំមើលហើយ។ នេះមានន័យថាម៉ាឡេស៊ីកំពុងតែព្យាយាមបង្ក្រាបការជួញដូរមនុស្ស ថ្វីបើមិនទាន់បានអនុវត្តតាមស្តង់ដារទាំងស្រុងក៏ដោយ៕