ពីនេះ ពីនោះ
តើ «​រំភាយ​រស្មី​ព្រះអាទិត្យ​» និង «​រំភាយ​រស្មី​ក្រហម​អាំង​ហ្វ្រា​កម្តៅ​» មានន័យ​ដូចម្ដេច​?
09, Jul 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ពាក្យ «​រំភាយ​រស្មី​ព្រះអាទិត្យ​» និង «​រំភាយ​រស្មី​ក្រហម​អាំង​ហ្វ្រា​កម្តៅ​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​

​ពាក្យ «​រំភាយ​រស្មី​ព្រះអាទិត្យ​» (Solar radiation) ជា​រំភាយ​រស្មី​អេ​ឡិច​ត្រូ​ម៉ាញ៉េទិក​ដែល​ភាយ​ចេញពី​ព្រះអាទិត្យ ដោយមាន​បាច់​ពន្លឺ​ជិត​ស្មើនឹង​អង្គ​ពណ៌​ខ្មៅ​មួយ​មាន​សីតុណ្ហភាព​៥៧៧០˚K(​ស្មើនឹង​៥៤៩៦,៨៥˚C)​។ កាំរស្មី​នេះ​ឡើងដល់​កម្រិត​កំពូល​ក្នុង​ទម្រង់​ជំហាន​រលក​មើលឃើញ​។ នៅពេល​ប្រៀបធៀប​ជាមួយ​រំភាយ​រស្មី​ដែល​ផ្លាត​ពី​ដែនដី ជា​ញឹកញយ គេ​ហៅថា​រំភាយ​រស្មី​ជំហាន​រលក​ខ្លី​។​
 
​រីឯ ពាក្យ «​រំភាយ​រស្មី​ក្រហម​អាំង​ហ្វ្រា​កម្តៅ​» (Thermal infrared radiation) ជា​រំភាយ​រស្មី​ដែល​ភាយ​ចេញពី​ផ្ទៃផែនដី បរិយាកាស និង​ពពក ហើយ​ដែល​គេ​អាច​ហៅ​ផងដែរ​ថា រំភាយ​រស្មី ពី​ដែន​ដីគោក​ឬ​កាំរស្មី​ជំហាន​រលក​វែង​។ រំភាយ​រស្មី​នេះ​មាន​លក្ខណៈ​ខុសពី​រំភាយ​រស្មី​ក្បែរ​អាំង​ហ្វ្រា​ដែលជា​ផ្នែក​មួយ​នៃ​ជំហាន​រលក​ពន្លឺព្រះអាទិត្យ​។ ជាទូទៅ​រំភាយ​រស្មី​ក្រហម​អាំង​ហ្វ្រា មាន​ជំហាន​រលក​វែង​ជាង​ជំហាន​រលក​ពណ៌​ក្រហម​នៅក្នុង​ផ្នែក​នៃ​បាច់​ពន្លឺ​មើលឃើញ​។ ជំហាន​រលក​រំភាយរ​ស្មី​ក្រហម​អាំង​ហ្វ្រា​កម្តៅ​ខុសពី​រំភាយ​រស្មី​ជំហាន​រលក​ខ្លី ឬ​រំភាយ​រស្មី​ព្រះអាទិត្យ ដោយសារតែ​ភាពខុសគ្នា នៃ​សីតុណ្ហភាព​រវាង​ព្រះអាទិត្យ និង​ប្រព័ន្ធ​បរិយាកាស ផែនដី ។​
 
​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕
 

Tag:
 ពីនេះ​ពី​នោះ​
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com