ជាតិ
​លោក ហ៊ូ វ៉ាន់​នី​៖ ទោះ​កាន់តំណែង​ជា​ស្នងការ​ខេត្តសៀមរាប​បាន ២ ខែ ហើយ​ប្តូរ​វិញ ក៏​មោទកភាព​
09, Jul 2017 , 11:08 am        
រូបភាព
លោក ហ៊ូ វ៉ាន់នី នៅខាងស្តាំលោក នេត សាវឿន ក្នុងពិធីចុះកាន់តំណែងកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៧
លោក ហ៊ូ វ៉ាន់នី នៅខាងស្តាំលោក នេត សាវឿន ក្នុងពិធីចុះកាន់តំណែងកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៧
ដោយ:
 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច​ ស ខេង បានសម្រេច​ផ្ទេរ​មុខតំណែង​ស្នងការ​នគរបាល​ខេត្តសៀមរាប​លោក ហ៊ូ វ៉ាន់​នី ដែល​ទើប​កាន់តំណែង​បាន ២ ខែ ឲ្យ​ទៅកាន់​តួនាទី​ផ្សេង​វិញ​។ យ៉ាងណា ទោះ​កាន់តំណែង​ជា​ស្នងការ​បានត្រឹមតែ ២ ខែ​ក្តី ក៏​លោក វ៉ាន់​នី មាន​មោទកភាព យ៉ាងខ្លាំង​ចំពោះ​ការបំពេញ​ការងារ​រប​ស់​ខ្លួន​កន្លងមក ដើម្បី​បម្រើប្រជាជន​ខេត្តសៀមរាប​។​

 
​លោក ហ៊ូ វ៉ាន់​នី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីប្រកាស​ផ្ទេរ​មុខតំណែង​របស់លោក​ពី​ស្នងការ​នគរបាល​ខេត្តសៀមរាប ទៅកាន់​តួនាទី​ជា​អនុប្រធាននាយកដ្ឋាន​ទេសចរណ៍​នៃ​ក្រសួងមហាផ្ទៃ​វិញ​។ ចំណែក​អ្នក​ដែល​មក​ជំនួស​តំណែង​លោក គឺ​លោក ទិ​ត្យ ណា​រ៉ុង ដែល​បច្ចុប្បន្ន​ជា​អធិការនគរបាល​ក្រុង​សៀម​រាម​។ 
 
​បើ​ទោះបី​ជា​ទើបតែ​កាន់តំណែង​ជា​ស្នងការ​នគរបាល​ខេត្តសៀមរាប បានត្រឹមតែ ២ ខែ ហើយ​ត្រូវ​ផ្លាស់ប្តូរ​វិញ​ក្តី ក៏​លោក វ៉ាន់​នី ពេញចិត្ត និង​មាន​មោទកភាព​ចំពោះ​ការងារ​របស់ខ្លួន​នាពេល​កន្លងមក​។​« ខ្ញុំ​មោទកភាព ចំពោះ​ស្នាដៃ​របស់ខ្ញុំ​កន្លងមក ដូចជា​ការការពារ​ស​ន្តិ​សុខ ការបង្ក្រាប​គ្រឿង​ញឿ​ន និង​ក្មេង​ទំនើង​ជាដើម ដើម្បី​បម្រើប្រជាជន​ខេត្តសៀមរាប​»​។ លោក បញ្ជាក់​យ៉ាងនេះ​ហើយ ក៏​បន្ត​ដូច្នេះ​ថា​៖« ខ្ញុំ​ពេញ​ចិត្តនឹង​ការផ្ទេរ​តំណែង​នេះ ព្រោះ​យើង​ធ្វើការ​តែងតែមាន​ការផ្លាស់​ប្តូរ​ជាធម្មតា​ទេ​។ ខ្ញុំ​ជឿជាក់ថា អ្នក​កាន់តំណែង​ជំនួស​ខ្ញុំ​ក្រោយ នឹងមាន​សមត្ថភាព​ខ្លាំង​ជាង​រាប់រយ​ដង និង​ខ្ញុំ​សូម​ជូនពរ​គាត់​( ទិ​ត្យ ណា​រ៉ុង​) ជោគជ័យ​»​។​
 
​លោក ហ៊ូ វ៉ាន់​នី ដែល​បាន​កាន់តំណែង​ជា​ស្នងការ​ខេត្តសៀមរាប​នៅ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៧ ក៏​ឲ្យ​ដឹង​ដែរ​ថា រូបលោក បាន​សរសេរ​លិខិតអញ្ជើញ​មន្ត្រី កម្លាំង​នគរបាល ដែល​ពាក់ព័ន្ធ ដើម្បី​ចូលរួម​ពិធី​ផ្ទេរតំណែង​លោក​រួចហើយ​។ ពិធី​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១០ ខែកក្កដា ក្រោម​វត្តមាន​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​៕
 

Tag:
 ហ៊ូ វ៉ាន់​នី​
  ស្នងការ​
  ទិ​ត្យ ណា​រ៉ុង
© រក្សាសិទ្ធិដោយ thmeythmey.com