អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ព្រោះ ត្រាំ កិច្ចប្រជុំ G20 បញ្ចប់​ដោយ​មិន​ចុះសម្រុង​គ្នា​រឿង​ប្រែប្រួល​អាកាសធាតុ និង​ពាណិជ្ជកម្ម​
09, Jul 2017 , 7:39 pm        
រូបភាព
 កិច្ចប្រជុំ​ប្រទេស ២០ នៅ Hamburg អាល្លឺម៉ង់ បិទ​បញ្ចប់​ទៅដោយ​ចម្រូងចម្រាស ហើយ​គ្មាន​ឡើយ​ជំហរ​រួមគ្នា​ជា​ធ្លុង​មួយ​លើ​បញ្ហា​ចម្បង​ដូចជា​ពាណិជ្ជកម្ម​សេរី និង​ការប្រែប្រួល​អាកាសធាតុ​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅតែ​រក្សា​ជំហរ​រឹងត្អឹង​លើ​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ និង​ការអនុវត្ត​វិធានការ​គាំពារ​និយម​ពាណិជ្ជកម្ម​ក្នុង​បរិបទ​សាកលភាវូបនីយកម្ម​នេះ​ស្របតាម​គោលនយោបាយ​ដ​ម្ក​ល់​ប្រយោជន៍​អាមេរិក​ជាធំ​ដដែល​។

 
​កិច្ចប្រជុំ​ប្រទេស​សេដ្ឋកិច្ច​រីកចម្រើន​ទាំង ២០ (G-20) នៅ​អាល្លឺម៉ង់​ក្លាយជា​អាប់អួរ​មួយ​ដោយ​ចលនា​បាតុកម្មហិង្សា​ក្បែរ​កន្លែង​ប្រជុំ និង​កម្តៅ​ក្នុង​បន្ទប់​ប្រជុំ​ពេលដែល​មេដឹកនាំ​ចរចា​មិនសូវ​ត្រូវរ៉ូវ​គ្នា​លើ​បញ្ហា​ពិភពលោក​ជាច្រើន​តាំងពី​ពាណិជ្ជកម្ម សន្តិសុខ និង​បរិស្ថាន​នោះ​។ 
 
​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​និង​បញ្ជាក់បាន​ថា កិច្ចប្រជុំ​តានតឹង​គឺ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឲ្យ​កូនស្រី​ខ្លួន អ៊ី​វ៉ាន់​កា ត្រាំ (Ivanka Trump) ដែលជា​ទីប្រឹក្សា​ប្រធានាធិបតី​ជំនួស​តំណែង​លោក​ចូល​ចរចា​ជាមួយ​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត​វិញ​។ ហើយ​លោក ត្រាំ ចាក​ចេញពី​អាល្លឺម៉ង់​ដោយ​មិន​ព្រម​ចូល​សន្និសីទកាសែត​ឲ្យ​គេ​សួរ​សំណួរ​ពាក់ព័ន្ធ​លទ្ធផល​នៃ​កិច្ចប្រជុំ​ឡើយ​។​
 
​រឿង​ដែល​នៅតែ​ចម្រូងចម្រាស ដែល​ធ្វើ​ឲ្យ​មេដឹកនាំ​ពិភព​លោ​ល​ផ្សេងទៀត​ដូចជា​អាល្លឺម៉ង់ បារាំង និង​កាណាដា ទើសទាល់​ចិត្តខ្លាំង​នោះ​គឺ គោលជំហរ​លោក ត្រាំ លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​គោលការណ៍​គាំពារ​និយម​ដែលជា​ចំណុច​ស្នូល​នៃ​គោលនយោបាយ​ប្រធានាធិបតី​អាមេរិក​ផង​នោះ​។​
 
​ជា​ប្រពៃណី​ក្រោយ​បញ្ចប់​កិច្ចប្រជុំ មេដឹកនាំ​ទាំង ២០ ត្រូវ​ចេញ​សេចក្តីថ្លែងការណ៍​ចុងក្រោយ​មួយ​ដែល​គ្រប់គ្នា​បង្ហាញ​ជំហរ​ជា​ឯកច្ឆន្ទ​លើ​បញ្ហា​ជាច្រើន​រួមទាំង​សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ​និង​បញ្ហា​ផ្សេងទៀត​ផងដែរ​។ ប៉ុន្តែ​លើក​នេះ ចំណុច​និង​ភាសា​មួយចំនួន​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ក្នុង​សេចក្តីថ្លែងការណ៍​ឆ្លុះបញ្ចាំង​កាន់តែច្បាស់​ពី​ការទាស់ទែង​ខ្វែងគំនិត​គ្នា​ក្នុងចំណោម​ប្រទេស​ឧស្សាហកម្ម​ធុន​ធ្ងន់ និង​សេដ្ឋកិច្ច​រីកចម្រើន​ឈានមុខ​គេ​ទាំង ២០​នេះ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សេចក្តីថ្លែងការណ៍​នោះ​មាន​លើកឡើង​ពី  ការទទួលស្គាល់​ពី​សេចក្តីសម្រេចចិត្ត​របស់​លោក ត្រាំ ក្នុងការ​ចាកចេញ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥ និង​កត់សម្គាល់​ច្បាស់​ថា អាមេរិក​នៅតែ​បន្ត​ប្រើប្រាស់​និង​លក់​ប្រេង​ផូស៊ីល​ឥន្ធនៈ​ដែលជា​ប្រភព​ចម្បង​នៃ​ការប្រែប្រួល​អាកាសធាតុ​នោះ​។​
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​នោះ​ក៏បាន​កំណត់​ជា​លើកដំបូង​នូវ​សិទ្ធ​ក្នុងការ​ប្រើប្រាស់​«​វិធានការ​ស្របច្បាប់​ផ្នែក​ពាណិជ្ជ​ដើម្បី​គាំពារ​ទីផ្សារ​»​របស់ខ្លួន ដែល​ការប្រើប្រាស់​​ភាសា​បែបនេះ​ផ្តល់​ទម្ងន់​បន្ថែម​ឲ្យ គោលនយោបាយ​ជាតិនិយម​ដែល​«​ដ​ម្ក​ល់​ប្រយោជន៍​អាមេរិក​ជាធំ​»​របស់លោក ត្រាំ ថែមទៀត​។ 
 
​គេ​ដឹង​ច្បាស់​ថា ជំហរ​នេះ​ផ្ទុយ​ទាំងស្រុង​ពី​ជំហរ​សម្ព័ន្ធមិត្ត​និង​ដៃគូ​អាមេរិក ដែល​កន្លងមក​បាន​ទិតៀន​និង​ព្រមាន​អាមេរិក​ផងដែរ​ពី​គ្រោះថ្នាក់​ពេល​អាមេរិក​និន្នាការ​ងាក​ទៅប្រើ គោលនយោបាយ​ឯកោ​និយម ឡើងវិញ និង​ចាប់ផ្តើម​សង្គ្រាម​ពាណិជ្ជកម្ម​នោះ​។​
 
​ក្រោយ​កិច្ចប្រជុំ លោកស្រី អែន​ជេ​ឡា មឺ​ហ្គែ​ល (Angela Merkel) ដែលជា​ប្រធាន​នៃ​កិច្ចប្រជុំ​ដែល​នោះបាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ថា គ្មាន​ឡើយ​ការឯកភាព​គ្នា​ជា​ឯកច្ឆន្ទ​ក្នុង​សេចក្តីថ្លែងការណ៍​រួមគ្នា​នេះ​។ «​នៅពេលដែល​គ្មាន​ឯកច្ឆន្ទ​ភាព​ក្នុង​កិច្ចពិភាក្សា សេចក្តីថ្លែងការណ៍​រួម​វា​តែងតែមាន​ចំណុច​មិន​ឯកភាពគ្នា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី មឺ​ហ្គែ​ល​។​
 
 
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  G-20
  Hamburg
  Ivanka Trump
  Angela Merkel
© រក្សាសិទ្ធិដោយ thmeythmey.com