« មិនដែលទាក់ទងគ្នាទេ។ យើងគ្មានទំនាក់ទំនងជាមួយកូរ៉េខាងជើងឡើយឥឡូវនេះ»។ នេះជាការឆ្លើងតបរបស់លោក Zhou Bo មន្ត្រីយោធាជាន់ខ្ពស់នៃកងទ័ពរំដោះប្រជាជនចិនពេលដែលអ្នកសារព័ត៌មានសួរថា «តើទំនាក់ទំនងប្រភេទណាខ្លះដែលយោធាចិនមានជាមួយកូរ៉េខាងជើងក្នុងនាមជាមិត្តជាតិខាង?»។
ក្នុងនាមជាប្រធានមជ្ឈមណ្ឌលសម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិនោះ លោក Zhou Bo បានបកស្រាយថា កាលពីមុនយោធាចិននិង យោធាកូរ៉េខាងជើងពិតជាមានការប្រាស្រ័យទាក់ទងគ្នាមែន ប៉ុន្តែមកដល់ឥឡូវនេះវាលែងមានទៀតហើយ។
«បច្ចុប្បន្ននេះយើងមិនបានទាក់ទងគ្នាជាមួយកងទ័ពកូរ៉េខាងជើងឡើយ។ កាលពីមុនវាមានមែន។ យើងមានការប្រាស្រ័យទាក់ទងគ្នាច្រើនជាពិសេសការផ្លាស់ប្តូរទំនាក់ទំនងក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការយោធា។ ខ្ញុំគិតថាវាបង្ហាញឲ្យឃើញពីការផ្លាស់ប្តូរនៃសម្ព័ន្ធភាពរវាងប្រទេសយើងទាំងពីរដោយសារហេតុផលមួយចំនួនដែលគ្រប់គ្នាបានដឹងហើយ»។ នេះជាការបញ្ជាក់របស់លោក Zhou Bo។
គ្មានការប្រាស្រ័យទាក់ទំនងរវាងយោធាប្រទេសទាំងពីរត្រូវបានលោក Zhou Bo បកស្រាយថា វាជាឆន្ទៈរបស់ចិនក្នុងការចូលរួមអនុវត្តដំណោះស្រាយអង្គការសហប្រជាជាតិនិងគាំទ្រសហគមន៍អន្តរជាតិដោះស្រាយបញ្ហាកូរ៉េខាងជើង។
លោកបញ្ជាក់ដូច្នេះថា៖ « ចិននិងកូរ៉េខាងជើងជាមិត្តពិតមែន ហើយយើងថែមទាំងបានធ្វើសង្គ្រាមរួមគ្នានៅលើទឹកដីកូរ៉េកាលពីអតីតកាលយូរអង្វែងមកហើយដែរ។ ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយនោះគឺ ចិនបច្ចុប្បន្នកំពុងរួមជាមួយសហគមន៍អន្តរជាតិក្នុងការអនុវត្តដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ យើងសង្ឃឹមថា យើងនឹងអាចរកដំណោះស្រាយឃើញដើម្បីបញ្ចប់បញ្ហាទាំងនេះ»។
ការលើកឡើងថាទំនាក់ទំនងរវាងយោធាចិននិងយោធាកូរ៉េខាងជើងស្ថិតនៅកម្រិតសូន្យនោះ កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាញ់ឆ្លងទ្វីបដោយជោគជ័យ។ មីស៊ីលដែលត្រូវបានបាញ់នោះមានអនុភាពអាចហោះដល់អាឡាស្ការអាមេរិក ហើយមានអ្នកជំនាញមួយចំនួនវាយតម្លៃផងដែរថាវាអាចបំពាក់ក្បាលគ្រាប់នុយក្លអ៊ែរបានផងដែរ។
នេះជាការគំរាមកំហែងបំផុតធំបំផុតមួយដែរចំពោះសន្តិសុខអាមេរិក ហើយចិនក៏រងសម្ពាធខ្លាំងផងដែរពីអាមេរិកនិងប្រទេសផ្សេងទៀតដែលហាក់មិនប្រើអំណាចខ្លួនដាក់សម្ពាធកូរ៉េខាងជើងសោះនោះ។ នេះក៏ព្រោះគេគ្រប់គ្នាយល់ថា ចិនជាសម្ព័ន្ធមិត្តនិងជាខ្នងបង្អែកធំតែមួយគត់របស់កូរ៉េខាងជើង ដែលធ្វើឲ្យចិនមានទឹកមាត់ប្រៃក្នុងការដាក់សម្ពាធកូរ៉េខាងជើង។
ពាក់ព័ន្ធដំណោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងនេះដែរ អ្នកសារព័ត៌មាន Channel News Asia ក៏បានចោទសួរលោក Zhou Bo ផងដែរជុំវិញចំណាត់ការរបស់ចិនក្នុងការដាក់សម្ពាធឲ្យកូរ៉េខាងជើងឲ្យបោះបង់អាវុធនុយក្លេអ៊ែរនោះ។
លោក Zhou Bo បានឆ្លើយតបថា ក្រុងប៉េកាំងបច្ចុប្បន្នកំពុងប្រឹងប្រែងរកវិធានការ ហើយគោលជំហររបស់ចិនច្បាស់លាស់ណាស់ក្នុងការបន្តគាំទ្រការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រូបនេះគូសបញ្ជាក់ថា ស្ថានការណ៍បច្ចុប្បន្នកាន់តែស្មុគស្មាញ ដោយសារការដំឡើងខែលការពារមីស៊ីលអាមេរិក THAAD នៅកូរ៉េខាងត្បូង និងមួយទៀតការបន្តបាញ់មីស៊ីលរបស់កូរ៉េខាងជើងឥតឈប់ឈរ៕