ជាតិ
​​​ន​យោ​បាយ​ជាតិ​
​បក្ស​មូលដ្ឋាន នឹង​សាង​រូបសំណាក​បណ្ឌិត កែម ឡី នៅ​ទីសាធារណៈ បើ​ដឹកនាំ​រដ្ឋាភិបាល
09, Jul 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានធ្វើ​ពិធីបុណ្យ​រម្លឹក​ខួប​មួយឆ្នាំ​នៃ​មរណភាព​លោក​បណ្ឌិត កែម ឡី នៅ​ទីស្នាក់ការ​កណ្តាល​បក្ស ស្ថិតនៅក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ នៅក្នុង​ពិធី​នេះ លោក យ៉េ​ង វីរៈ បាន​ថ្លែងថា ប្រសិនបើ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទទួលបាន​សំឡេងគាំទ្រ​ដឹកនាំ​រដ្ឋាភិបាល នឹងធ្វើ​រូបសំណាក​លោក កែម ឡី  នៅ​សួន​សាធារណៈ​ណាមួយ​។​



​នៅពេល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ដឹកនាំ​រដ្ឋាភិបាល​នៅពេល​ក្រោយ គណបក្ស​នេះ​នឹង​ស្វែង​ទីតាំង​សាធារណៈ​ណាមួយ​សមស្រប ដើម្បី​សាងសង​រូបសំណាក​លោក បណ្ឌិត កែម ឡី ទុកជា​ការ​រំ​ឮ​ក​គុណ​សម្រាប់​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ចងចាំ​វីរភាព​របស់លោក​។ នេះ​ជាការ​សន្យា​របស់លោក យ៉េ​ង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅក្នុង​ពិធី​រម្លឹក​ខួប​មួយឆ្នាំ នៃ​មរណភាព​របស់លោក​ប​ណ្ឌិ​ត កែម ឡី ដែល​គណបក្ស​នេះ រៀបចំ​ធ្វើ​នៅ​ស្នាក់ការ​កណ្តាល​បក្ស​នៅ​ខណ្ឌ​សែន​សុខ នៅ​ថ្ងៃទី ៩ ខែកក្កដា​។ លោក យ៉េ​ង វីរៈ ដែល​ធ្លាប់ជា​សហការី​ជាមួយ​លោក កែម ឡី បាន​ថ្លែង​ពី​ការចង់បាន​របស់​បណ្ឌិត កែម ឡី សម្រាប់​ជាតិ និង​ប្រជាជន ដោយ​មិន​គិតពី​ខ្លួនឯង​។ លោក​បន្ថែម​យ៉ាងនេះ​ថា​៖«​យើង​បានដឹង​ទាំងអស់គ្នា​ថា លោក​បណ្ឌិត កែម ឡី មិនមែនជា​មនុស្ស​គិត​អំពី​ខ្លួន​ជាធំ​នោះទេ​។ លោក​បណ្ឌិត កែម ឡី ចង់ឃើញ​យុត្តិធម៌​សម្រាប់​សង្គម​ខ្មែរ លោក​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន លោក​ចង់​ឲ្យ​មានការ​រៀបចំ​អភិបាលកិច្ច​ល្អ​សម្រាប់​ប្រទេសជាតិ​។ ទាំងនេះ​ជា​ក្តី​ស្រមៃ​ដ៏​ធំ​របស់លោក ដែល​យើង​ធ្លាប់បាន​ជជែក​ជាមួយគ្នា​»​។ 
 
 
​ជាមួយគ្នា លោក  យ៉េ​ង វីរៈ ក៏​ប្តេជ្ញា​បន្តដំណើរ​ស្វែងរក​យុត្តិធម៌​ចំពោះ​លោក​បណ្ឌិត កែម ឡី​។ សម្រាប់​លោក វីរៈ ទោះ​មានការ​កាត់ទោស ជួប សម្លាប់​ដាក់ពន្ធនាគារ​មួយជីវិត​ក៏ដោយ ក៏​លោ​កនៅ​មិន​ជឿថា លោក​បណ្ឌិត កែម ឡី ត្រូវបាន​បាញ់សម្លាប់​ដោយសារ​ការ​ជំពាក់​លុយ ចំនួន​៣០០០​ដុល្លារ​នោះដែរ​។​«​យើង​ជឿថា លោក​បណ្ឌិត កែម ឡី ស្លាប់​ដោយសារតែ​លោក​បាន​បំពេញការងារ ក្នុងនាម​ជា​អ្នក​រូត​វាំងនន​សង្គម ក្នុងនាម​ជា​អ្នក​សកម្ម​ក្នុងការ​វិភាគ​អំពី​បញ្ហា​សង្គម និង​នយោបាយ​។ យើង​នៅ​បន្ត​ទាមទារ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច ស្ថាប័ន​តុលាការ បន្ត​ការស្រាវជ្រាវ​ស្វែងរក​ការពិត​ទាក់ទង​នឹង​ការធ្វើឃាត​លោក​បណ្ឌិត កែម ឡី​»​។​
 
​លោក​បណ្ឌិត​កែម ឡី ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​កាលពី​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច ក្បែរ​ស្តុ​ប​បូកគោ រាជធានី​ភ្នំពេញ​៕
 

 

Tag:
 យ៉េ​ង វីរៈ​
  កែម ឡី​
© រក្សាសិទ្ធិដោយ thmeythmey.com