ជាតិ
នយោបាយជាតិ
សភាប្រជុំអនុម័តខ្លឹមសារថ្មីនៃច្បាប់គណបក្សនយោបាយ ដោយគ្មានវត្តមានCNRP
× ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ កក្កដានេះ រដ្ឋសភាប្រជុំពេញអង្គ ដើម្បីពិនិត្យនិងអនុម័តខ្លឹមសារថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលមានបំណងហាមអ្នកទោសធ្វើសកម្មភាពជាមួយអ្នកនយោបាយ។ កិច្ចប្រជុំពេញអង្គនេះ គ្មានវត្តមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិឡើយ គឺមានតែតំណាងរាស្ត្រគណបក្សប្រជាជន៦៦រូបប៉ុណ្ណោះ។
អនុប្រធានគណបក្សសង្គ្រោះជាតិ ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗថា មូលដែលគណបក្សលោកមិនចូលរួមប្រជុំអនុម័តនោះ ដោយសារតែខ្លឹមសារថ្មីនៃច្បាប់នេះ មានលក្ខណៈផ្ទុយពីរដ្ឋធម្មនុញ្ញ ដែលស្ថិតនៅក្នុងគោលបំណងរិតត្បិតសិទ្ធិសេរីភាពអ្នកនយោបាយ។ លោក អេង ឆៃអ៊ាង និយាយថា ខ្លឹមសារច្បាប់បង្កើតឡើងនេះ គ្មានចំណុចណាដែលអាចជួយដោះស្រាយបញ្ហានយោបាយ និងបញ្ហាជាតិឡើយ ពោលគឺមានតែការជំរុញឲ្យអ្វីៗ ដែលអ្នកនយោបាយធ្លាប់មានកន្លងមក បែជាដើរថយក្រោយទៅវិញ។
ខ្លឹមសារថ្មី ដែលខាងគណបក្សប្រជាជនកម្ពុជា ស្នើសុំវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនោះ មានបន្ថែម៣ចំណុចទៀត
ត្រង់មាត្រា៦ ដែលមានចំណុច៥ហើយនោះ រួមមាន៖ ទី១ គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សរបស់ខ្លួន ។ ទី២ មិនត្រូវយល់ព្រមដោយចំហរ ឬដោយតីណ្ហភាព ឬឃុបឃិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឲ្យធ្វើសកម្មភាពណាមួយ ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សរបស់ខ្លួន និងទី៣ មិនត្រូវគាំទ្រ ឬរៀបចំផែនការ ឬឃុបឃិតជាមួយរាល់បុគ្គល ដែលធ្វើសកម្មភាពក្នុងគោលបំណងប្រឆាំងនិងផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា ដូចមានចែងពីចំនុចទី១ ដល់ចំណុចទី៥ខាងលើឡើយ។
សម្រាប់ទោសទណ្ឌដល់គណបក្សនយោបាយ ដែលបានប្រព្រឹត្តផ្ទុយពីច្បាប់នេះ ត្រូវបានចែងនៅក្នុងមាត្រា៤៤ថ្មី (ពីរ) ចែងថា ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត គណបក្សនយោបាយដែលប្រព្រឹត្តល្មើសនឹងមាត្រា៦ថ្មី (ពីរ)នៃច្បាប់នេះ និងមាត្រា៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ តុលាការអាចសម្រេច ផ្អាកសកម្មភាពគណបក្សនយោបាយនោះ មិនលើសពី៥ឆ្នាំ ឫអាចរំលាយគណបក្សនោះ។
ក្រៅពីអនុម័តខ្លឹមសារថ្មីនេះច្បាប់គណបក្សនយោបាយនេះ រដ្ឋសភាក៏ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធនាទូទាត់របស់រដ្ឋាភិបាល ឲ្យក្រុមហ៊ុនខេមបូឌាន អេនើជី II ឯ.ក។ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធនាទូទាត់របស់រដ្ឋាភិបាល ឲ្យក្រុមហ៊ុនអេឡិច ខបភើរេសិនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com