ជាតិ
ច្បាប់​មិន​ឲ្យ​អ្នកទោស និង បក្សនយោបាយ ធ្វើ​សកម្មភាព​ជាមួយគ្នា ត្រូវបាន​សភា​អនុម័ត​ជា​ផ្លូវការ​
10, Jul 2017 , 4:27 pm        
រូបភាព
​ភ្នំពេញ​៖ ខ្លឹមសារ​ថ្មី ដែល​បន្ថែម​ចូលទៅក្នុង​ច្បាប់​ស្តីពី គណបក្សនយោបាយ ត្រូវបាន​តំណាងរាស្ត្រ​៦៦​រូប ពី​គណបក្ស​ប្រជាជន​កម្ពុជា អនុម័ត​ហើយ នៅក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា នា​ថ្ងៃទី​១0 ខែកក្កដា ឆ្នាំ​២0១៧​នេះ​។ កិច្ចប្រជុំ ដើម្បី​អនុម័ត​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​នេះ ពុំមាន​វត្តមាន​របស់​តំណាងរាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ នោះទេ​។



​ការបន្ថែម​ខ្លឹមសារ​ថ្មី ចូលទៅក្នុង​ច្បាប់​ស្តីពី គណបក្សនយោបាយ គឺ​ដើម្បី​រារាំង​បុគ្គល ដែល​ត្រូវបាន​តុលាការ កាត់ទោស​ឲ្យ​មានឈ្មោះ​ជា​ទណ្ឌិត មិន​ឲ្យ​ចូលរួម​ធ្វើ​សកម្មភាព​តាម​រូបភាព​ណាមួយ ជាមួយ​គណបក្សនយោបាយ​។ ការតាក់តែង​នូវ​ខ្លឹមសារ​នៃ​ច្បាប់​ខាងលើ គឺធ្វើឡើង​តាម​សំណើ​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

​យោងតាម​ខ្លឹមសារ​ថ្មី ដែល​ត្រូវបាន​ដាក់បញ្ចូល​ទៅ​ក្នុ​ច្បាប់​ស្តីពី គណបក្សនយោបាយ តុលាការ មាន​សិទ្ធិអំណាច​យ៉ាង​ធំធេង រហូតដល់​អាចរំលាយ​គណបក្ស​ណាមួយ ប្រ​សិន​បើ​ផ្សារភ្ជាប់​ឬ​មាន​ទំនាក់ទំនង​ជាមួយ​ទណ្ឌិត ក្នុង​ការធ្វើសកម្មភាព ដើម្បី​ផលប្រយោជន៍​ផ្នែក​នយោបាយ​។ ខ្លឹមសារ​ថ្មី​ទាំងនោះ បាន​សរសេរ​យ៉ាង​ដូច្នេះ​៖«​គ្រប់​គណបក្សនយោបាយ មិនត្រូវ​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត ដែល​ជាប់ទោស​ពីបទ​ឧក្រិដ្ឋ​ឬ​បទមជ្ឈិម ដើម្បី​ជា​ប្រយោជន៍​នយោបាយ សម្រាប់​គណបក្ស​របស់​ខ្លួន​។ គណបក្សនយោបាយ មិនត្រូវ​យល់ព្រម​ដោយ​ចំហ ឬ​ដោយ​តុណ្ហីភាព [​ភាព​ស្ងៀមស្ងាត់​] ឬ​ឃុបឃិត​ជាមួយ​ទណ្ឌិត ឲ្យ​ធ្វើ​សកម្មភាព​ណាមួយ ដើម្បី​ប្រយោជន៍​នយោបាយ សម្រាប់​គណបក្ស​របស់​ខ្លួន​។ បើ​គណបក្ស​ណា បាន​ប្រព្រឹត្ត​នូវ​ទង្វើ​ទាំងនេះ តុលាការ អាចរំលាយ​គណបក្ស​នោះ​»​។​

​ការអនុម័ត​លើ​ខ្លឹមសារ​បន្ថែម​នៃ​ច្បាប់​ស្តីពី គណបក្សនយោបាយ ទទួលបាន​ការគាំទ្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែប៉ុណ្ណោះ​។ តំណាងរាស្ត្រ​មួយចំនួន ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឡើង​និយាយ​ពី​គុណសម្បត្តិ នៃ​ការធ្វើ​វិសោធនកម្ម​លើ​ច្បាប់​នេះ​។ តំណាងរាស្ត្រ​ទាំងនោះ សុទ្ធតែ​អះអាងថា ការធ្វើ​វិសោធនកម្ម​លើ​ច្បាប់​នេះ គឺ​ដើម្បី​ប្រយោជន៍​ប្រទេសជាតិ និង មាន​វិសាលភាព​ក្នុងការ​អនុវត្ត​លើ​គណបក្ស​ទាំងអស់​។

​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជំទាស់​នឹង​ការអនុម័ត​លើ​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​នេះ​។ តំណាងរាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រឹមតែ​មិន​ចូលរួម​ក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា​នា​ថ្ងៃនេះ​ទេ តែ​ថែមទាំង​បានចេញ​សេចក្តីថ្លែងការណ៍​ថែមទៀត ដើម្បី​សុំ​ឲ្យ​បញ្ចប់​ការអនុម័ត​លើ​ខ្លឹមសារ​នៃ​ច្បាប់​ខាងលើ​។

​តាមរយៈ​សេចក្តីថ្លែងការណ៍ ក្រុមតំណាងរាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា​៖«​សេចក្តីស្នើច្បាប់​នេះ មាន​ចរិត​នយោបាយ គាបសង្កត់​លើ​សិទ្ធិ​បុគ្គល និង​គាបសង្កត់​លើ​គណបក្សនយោបាយ ក្នុងន័យ​កម្ចាត់​ខ្មែរ​គ្នាឯង និង​គាបសង្កត់​គូប្រជែង​នយោបាយ​។ សេចក្តីស្នើច្បាប់​នេះ មិន​ស្របតាម​គោលការណ៍​នីតិរដ្ឋ ហើយ​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​»​។​

​យ៉ាងណា​ដោយ​ចុះ តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជ​ន​កម្ពុជា បានអនុម័ត​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ខាងលើ​រួចទៅហើយ​។

​ច្បាប់​ស្តីពី គណបក្សនយោបាយ ត្រូវបាន​កែប្រែ​ម្តង​ហើយ កាលពីដើមឆ្នាំ​២0១៧​នេះ​។ កាលនោះ ខ្លឹមសារ ដែល​ត្រូវបាន​សរសេរ​ក្នុង​ច្បាប់​ស្តីពី គណបក្សនយោបាយ ហើយ​ត្រូវបាន​រដ្ឋសភា អនុម័ត ដោយមាន​ការគាំទ្រ​ពី​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​កំណត់ថា ទណ្ឌិត មិនអាច​ធ្វើជា​ប្រធាន​គណបក្ស ឬក៏​ធ្វើជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្សនយោបាយ​ណាមួយ ឡើយ​។ ការកែប្រែ​ច្បាប់​ស្តីពី គណបក្សនយោបាយ​នាកាល​នោះ ក៏​ធ្វើឡើង​តាម​សំណើ​របស់​សម្តេច ហ៊ុន សែន ដែរ​៕


Tag:
 CPP
  CNRP
  ច្បាប់​នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com