កីឡាអន្តរជាតិ
អន្តរជាតិ
Floyd នៅ​ជំពាក់​ពន្ធ​រដ្ឋ​ពី​ចំណូល​ដែល​រកបាន​ពី​ការប្រកួត​ជាមួយ Pacquiao
10, Jul 2017 , 9:19 pm        
រូបភាព
​កំពូល​អ្នក​ប្រដាល់​មិនដែល​ចាញ់ Floyd Mayweather Jr ត្រូវបាន​គេ​រាយការណ៍​ថា នៅ​ជំពាក់​ពន្ធ​រដ្ឋ លើ​ប្រាក់ចំណូល​របស់គេ​កាលពី​ឆ្នាំ ២០១៥ និង​បានដាក់​ញត្តិ​មួយ​ដើម្បី​ពន្យា​ការទូទាត់​រហូតដល់​ប​ញ្ច​ប់​ការប្រកួត​ជាមួយ​អ្នក​ប្រយុទ្ធ Conor McGregor រូ​ចរាល់​។



​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Rappler  អ្នក​ប្រដាល់​សញ្ជាតិ​អាមេរិក អាយុ​៤០​ឆ្នាំ​បាន​សរសេ​នៅក្នុង​ញត្តិ​មួយ​ជាមួយ​តុលាការ​ពន្ធ​សហរដ្ឋអាមេរិក ថា​រូបគេ​មាន​សមត្ថភាព​បង់ពន្ធ ប៉ុន្តែ​ប្រាក់​របស់គាត់​ត្រូវបាន​ចងភ្ជាប់​ទៅនឹង​ទ្រព្យសម្បត្តិ​ដែល​ពិបាក​ប្តូរ​ទៅជា​សាច់ប្រាក់​បាន​ស្រួល​ដើម្បី​យកទៅ​បង់ពន្ធ​។​

​ចំនួន​ទឹកប្រាក់​ដែល Floyd មិនទាន់បាន​បង់​ទៅ​ឲ្យ​ខាង​ពន្ធដា​អាមេរិក​កាលពី​ឆ្នាំ​២០១៥ ត្រូវបាន​គេ​វាយតម្លៃថា​ប្រមាណ ២២០ ទៅ ២៣០​លាន​ដុល្លារ​ដែល​រកបាន​ពី​ការឡើង​វាយ​ជាមួយ Manny Pacquiao ខណៈ​អ្នក​ប្រដាល់​ហ្វីលីពីន​ទទួលបាន ១០០​លាន​ដុល្លារ​។​

​យ៉ាងណាក៏ដោយ​ស្តេច​ប្រដាល់​ដែល​ប្រកួត ៤៩​ដង​ឈ្នះ​ទាំង ៤៩​ដង​នេះ បានស្នើ​សុំ​ខាង​ភាគី​ពន្ធដារ​ដើម្បី​ទុកពេល​ឲ្យ​គេ​រហូតដល់​ការប្រកួត​ជាមួយ​អ្នក​ប្រយុទ្ធ MMA កីឡាករ McGregor បញ្ចប់​សិន ទើប​ចូលខ្លួន​ទៅ​ទូទាត់​បំណុល​នេះ​។​

​សូមបញ្ជាក់ថា Floyd Mayweather ត្រូវ​ឡើង​វាយ​ជាមួយ​កំពូល​អ្នក​វាយ​ក្នុង​ទ្រុង Conor McGregor ក្នុង​ប្រភេទ​ទម្ងន់​មធ្យម នា​ថ្ងៃទី​២៦ ខែសីហា​ខាងមុខនេះ នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក ដែល​រំពឹងថា​នឹង​ទទួលបាន​តម្លៃ​ខ្លួន​១០០​លាន​ដុល្លារ​ផងដែរ​៕


Tag:
 ប្រដាល់​
  Floyd Mayweather
  ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com