កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ថា Rooney ទាមទារចេញពី Man Utd ដោយខ្លួនឯង
× លោក Jose Mourinho បានបង្ហើបប្រាប់ថា Wayne Rooney ជាអ្នកស្នើចង់ចាកចេញទៅកាន់ក្រុមចាស់ Everton ដោយខ្លួនឯង ហើយអ្នកចាត់ការទូទៅក្រុម Manchester United មិនអាចហាមឃាត់រូបគេបានទេ។ នេះបើតាមការចុះផ្សាយរបស់ Goal.com ។
ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស វ័យ៣១ឆ្នាំបានចាកចេញពី Everton មកចូលរួមជាមួយ Man Utd កាលពី១៣ឆ្នាំមុន ក្នុងតម្លៃផ្ទេ ៣៥លានដុល្លារ។ កាលពីយប់ថ្ងៃអាទិត្យទី៩ ខែកក្កដា អ្នកស៊ុតបញ្ចូលទីឲ្យបិសាចក្រហមច្រើនជាងគេក្នុងប្រវត្តិសាស្ត្រក្លិបនេះ បានសម្រេចទៅចូលរួមជាមួយក្រុមចាស់វិញដោយគ្នានតម្លៃខ្លួន។
មូលហេតុនៃការចាកចេញនេះ អាចមកពីរូបគេមិនចង់អង្គុយនៅកៅអីបម្រុង ច្រើនជាងឈរនៅទីលានដូចកាលពីរដូវកាលមុន និងស្របពេលដែលម្ចាស់ជើងឯក Premier League ២០សម័យកាល ឈានដល់កិច្ចព្រមព្រៀងទិញយកខ្សែប្រយុទ្ធ Romelu Lukaku ពី Everton មកកាន់ទឹកដី Old Trafford ថែមទៀត។
បន្ទាប់ពីការចាកចេញបានប្រកាសជាផ្លូវការហើយនោះ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានសរសេរនៅលើវេសាយផ្លូវការណ៍ Man Utdថា៖«វាមិនមែនជារឿងសម្ងាត់ដែលខ្ញុំធ្លាប់កោតសរសើរ Rooney ទេ។ គាត់គឺជាកីឡាករអាជីពដ៏ល្អម្នាក់របស់ក្លិប ហើយគាត់នឹងនៅតែមានឈ្មោះក្នុងប្រវត្តិសាស្ត្ររបស់ Man Utd ជារៀងរហូត»។ Mourinho បន្ថែមថា៖«វាមិនងាយស្រួលទេដែលឈរមើលកីឡាករដ៏អស្ចារ្យម្នាក់ចាកចេញនោះ តែនេះជាការសម្រេចចិត្តរបស់គាត់ ហើយខ្ញុំមិនអាចហាមឃាត់គាត់បានទេ មានតែជូនពរអោយគាត់មានអនាគតល្អនៅទីនោះ»។
សូមបញ្ជាក់ថា Rooney បានបង្ហាញខ្លួនឲ្យបិសាចក្រហម ៥៥៩ប្រកួត និងស៊ុតបញ្ចូលទីបាន ២៥៣គ្រាប់ ក្រោយចាកចេញពី Everton មកកាន់ទឹកដី Old Trafford កាលពីឆ្នាំ២០០៤ និងជួយ Man Utd ឈ្នះជើងឯក Premier League ៥សម័យកាល Champions League ១លើក ពានលំដាប់ទី២អឺរ៉ុប Europa League ១លើក រួមទាំងពានជាច្រើនទៀត៕
Tag:
បាល់ទាត់
Wayne Rooney
Manchester United
Jose Mourinho
Everton
© រក្សាសិទ្ធិដោយ thmeythmey.com