កីឡាអន្តរជាតិ
អន្តរជាតិ
WBO៖ Pacquiao ពិតជា​ចាញ់ Horn ក្រោយ​ពិនិត្យ​ការប្រកួត​ឡើងវិញ​
11, Jul 2017 , 2:23 pm        
រូបភាព
​អ្នក​ប្រដាល់​អូស្ត្រាលី Jeff Horn ពិតជា​ឈ្នះ Manny Pacquiao ប្រាកដ​មែន បន្ទាប់ពី​មានការ ពិនិត្យមើល​ការប្រកួត​ឡើងវិញ​ដោយ​អង្គការ​កីឡាប្រដាល់​ពិភពលោក WBO​។​



​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Rappler ក្រោយ​ពិនិត្យ​លើ​ការដាក់​ពិន្ទុ​ឡើងវិញ​ពី​ការប្រកួត​រវាង Horn-Pacquiao រួចមក នៅ​ថ្ងៃ​អង្គារ​ទី ១១ ខែកក្កដា​នេះ អង្គការ​កីឡាប្រដាល់​ពិភពលោក​ហៅ​កាត់​ថា WBO បានបញ្ជាក់​ថា​អ្នក​ប្រដាល់​មិនដែល​ចាញ់​របស់​អូ​ស្ត្រ​លី​គឺជា​អ្នកឈ្នះ​យ៉ាងច្បាស់ និង​ជា​ម្ចាស់​ជើងឯក​ខ្សែក្រវាត់ WBO welterweight នេះ​ប្រា​ដក​មែន​។



​ស្ថាប័ន WBO បាន​បង្កើត​ក្រុម​ចៅក្រម​ឯករាជ្យ​មួយ​ដើម្បី​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ជុំវិញ​ការប្រកួត និង​លទ្ធផល​ពិន្ទុ​របស់​កីឡាករ​ទាំងពីរ បន្ទាប់ពី​ស្ថាប័ន​គ្រប់គ្រង​កីឡាប្រដាល់​ហ្វីលីពីន​បាន​រិះគន់​អាជ្ញាកណ្តាល និង​ចៅក្រម​ដោយ​ទាមទារ​ឲ្យ​មានការ​ពិនិត្យឡើងវិញ ក្រោយ Pacquiao ចាញ់ Horn នា​ការប្រកួត នៅ​ទីក្រុង Brisbane ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី​២ ខែកក្កដា​កន្លងទៅ​។​

​អ្នក​ប្រដាល់​អតីត​ជា​គ្រូវ​បង្រៀន វ័យ​២៩​ឆ្នាំ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ទ​ស្ស​និក​ជន​នៅ​ជុំវិញ​ពិភពលោក ដោយ​អាច​យកឈ្នះ​ម្ចាស់​ខ្សែក្រវាត់​៨​ស្ថាប័ន ក្នុង​លទ្ធផល​ពិន្ទុ​ឯក​ច្ឆ័​ន ១១៧-១១១ ១១៥-១១៣ និង​១១៥-១១៣​។​



​បើតាម​ការបញ្ជា​ក់រប​ស់​ស្ថា​ប័ន​គ្រប់គ្រង​កីឡាប្រដាល់ WBO ក្នុងចំណោម​ការប្រកួត​ទាំង​១២​ទឹក Horn ឈ្នះ​ក្នុង​ទឹក​ទី​១, ៦, ១២ បាន​១០០​ភាគរយ​តែម្តង ហើយ​ទឹក​ទី ២, ៤, ៧ ឈ្នះ​៨០​ភាគរយ និង​ទឹក​ទី​១០ ឈ្នះ​៦០​ភាគរយ ខណៈ Pacquiao ឈ្នះ​ក្នុង​ទឹក​ទី ៣, ៨, ៩ បាន​១០០​ភាគរយ​ពេញ ទឹក​ទី​៥ ឈ្នះ​៨០​ភាគរយ និង​ទឹក​ទី​១១ ឈ្នះ​៦០​ភាគរយ​។​

​យ៉ាងណាក៏ដោយ អ្នក​ប្រដាល់​មិនដែល​ចាញ់​ដែល​ធ្លាប់​ប្រកួត ១៧​ដង ស្មើ​ម្តង និង​ឈ្នះ​១៦ បានប្រកាសថា​រូបគេ​ស្វាគមន៍​ជានិច្ច​សម្រាប់​ការប្រកួត​សងសឹក​ជាមួយនឹង​ម្ចាស់​ខ្សែ​ក្រ​វាត​ពិភពលោក​៨​ស្ថាប័ន វ័យ​៣៨ របស់​ហ្វីលីពីន​នេះ​៕


Tag:
 ប្រដាល់​
  Manny Pacquiao
  Jeff Horn
  WBO
© រក្សាសិទ្ធិដោយ thmeythmey.com