ជាតិ
លោក សុខ ឥសាន​៖ លោក​សម រង្ស៊ី បញ្ចប់ជីវិត​នយោបាយ​ដោយ​ខ្លួនឯង
11, Jul 2017 , 3:35 pm        
រូបភាព
​ភ្នំពេញ​៖ លោក សម រង្ស៊ី អតីត​មេបក្ស​ប្រឆាំង បាន​លើកឡើងថា គោលបំណង​នៃ​ការកែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ជា​លើក​ទី​ពីរ​នេះ មាន​គោលដៅ​សម្លាប់​ជីវិត​នយោបាយ​របស់លោក​។ អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ក៏​មើលឃើញ​ដូច្នេះ​ដែរ​។ ប៉ុន្តែ​អ្នកនាំពាក្យ​បក្ស​កាន់អំណាច បាន​ច្រានចោល​ការលើកឡើង​ខាងលើ ហើយ​បាន​លើកឡើងថា សហ​ស្ថាបនិក​បក្ស​សង្គ្រោះ​ជាតិ​រូបនេះ បញ្ចប់ជីវិត​នយោបាយ​ដោយ​ខ្លួនឯង មិនមែន​ដោយសារ​សម្តេច ហ៊ុន សែន នោះឡើយ​។​



​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ចេញ​ប្រតិកម្ម ដោយ​បង្ហោះ​សំណេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាន​កម្ពុជា មានបំណង​សម្លាប់​ជីវិត​នយោបាយ​របស់លោក តាមរយៈ​ការកែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ លោក សម រង្ស៊ី ដែល​ហ៊ុមព័ទ្ធ​ដោយ​បណ្តឹង​របស់​សកម្មជន​និង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ត្រូវបាន​តុលាការ កាត់ទោស​ឲ្យ​មានឈ្មោះ​ជា​ទណ្ឌិត​នោះ បានលើកឡើង​ទៀត​ថា ប្រព័ន្ធតុលាការ ក៏​ជា​មធ្យោបាយ ដែល​សម្តេច ហ៊ុន សែន ប្រើប្រាស់​ដើម្បី​កម្ចាត់​លោក​ដែរ​។

​លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ឯប​រទេស បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​ស្នើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឈប់​ខាត​ពេល ប៉ុនប៉ង​សម្លាប់ សម រង្ស៊ី តាមផ្លូវ​នយោបាយ ដោយ​កែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ជា​បន្តបន្ទាប់​។ ការប៉ុនប៉ង​សម្លាប់ [​ជីវិត​នយោបាយ​របស់​ខ្ញុំ​] តាមផ្លូវ​តុលាការ​ក៏មាន តាមរយៈ​ដីកា​រាប់មិនអស់ ឲ្យ​ខ្ញុំ​ជាប់ពន្ធនាគារ​រាប់សិប​ឆ្នាំ​»​។​

​សម្រាប់​លោក សម រង្ស៊ី ការប្រើប្រាស់​ច្បាប់​ឬ​ប្រព័ន្ធតុលាការ ដើម្បី​សម្លាប់​ជីវិត​នយោបាយ​របស់លោក មិនបាន​ផ្តល់​ផលប្រយោជន៍​អ្វី​ដល់​សម្តេច ហ៊ុន សែន ឬ​ប្រទេសជាតិ នោះទេ​។ ផ្ទុយទៅវិញ លោក សម រង្ស៊ី យល់ថា ការធ្វើ​ដូច្នេះ មានតែ​ជួយ​លោក ឲ្យ​មាន​ប្រជាប្រិយភាព កាន់តែខ្លាំង​ឡើង​។  

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឆ្លើយតប​ថា គ្មាន​អ្នកណាម្នាក់ មាន​ចេតនា​សម្លាប់​ជីវិត​នយោបាយ​របស់លោក សម រង្ស៊ី នោះទេ​។ លោក សុខ ឥសាន បែរជា​និយាយថា លោក សម រង្ស៊ី គឺជា​អ្នក​សម្លាប់​ជីវិត​នយោបាយ​ខ្លួនឯង​។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​គាត់​ជា​អ្នកសរសេរ​លិខិត​សុំលាលែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខ្លួនឯង​។ អ៊ីចឹង ជីវិត​នយោបាយ​របស់​គាត់ គឺ​គាត់​ជា​អ្នក​សម្លាប់​ខ្លួនឯង​»​។

​លោក សុខ ឥសាន បន្តថា ការកែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ គឺ​ដើម្បី​ទប់ស្កាត់​គណបក្សនយោបាយ កុំ​ឲ្យ​ពាក់ព័ន្ធ​នឹង​អ្នកទោស​។ លោក​បន្ថែមទៀតថា ការកែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ មិន​មែនមាន​ចេតនា​ក្នុងការ​កម្ចាត់​ជីវិត​នយោបាយ​របស់លោក សម រង្ស៊ី នោះទេ​។ លោក សង្កត់ធ្ងន់ថា ច្បាប់​នេះ មាន​វិសាលភាព​ក្នុងការ​អនុវត្ត​លើ​គណបក្សនយោបាយ​ទាំងអស់ ដោយ​មិន​សំដៅលើ​បុគ្គល​ណាមួយ​ឡើយ​។

​លោក សូ ចន្ថា អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មើលឃើញថា កែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នាពេលនេះ គឺ​ដើម្បី​ប្រយោជន៍​នយោបាយ ច្រើនជាង​ប្រយោជន៍​ជាតិ​។ អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​រូបនេះ និយាយថា លោក សម រង្ស៊ី និង​គណបក្ស​ស​ង្រោះ​ជាតិ គឺជា​គោលដៅ​ចម្បង ដែល​ជំរុញ​ឲ្យ​មានការ​កែប្រែ​ច្បាប់​នេះ​។ លោក និយាយ​បែបនេះ​ថា​៖«​លោក សម រង្ស៊ី រង​ការចោទប្រកាន់​ពី​តុលាការ​។ ដូច្នេះ ការកែប្រែ​ច្បាប់ គឺ​ដើម្បី​ហាមឃាត់ និង​បញ្ចប់ជីវិត​នយោបាយរ​ប​ស់លោក សម រង្ស៊ី ហើយក៏​ជាការ​ដាក់​គំនាប​លើ​បក្សប្រឆាំង​ដែរ​»​។​

​លោក សូ ចន្ថា លើកឡើងថា ទិដ្ឋភាព​នយោបាយ​បែបនេះ ធ្លាប់​កើតមាន​ក្នុងប្រទេស​កម្ពុជា​ម្តង​រួចហើយ កាលពី​អតីតកាល​។ លោក រម្លឹកថា កាលនោះ ច្បាប់​ស្តីពី​ឯក​ពន្ធភាព ត្រូវបាន​បង្កើតឡើង ដើម្បី​សំដៅលើ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។

​នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​កែប្រែ​ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​។ គំនិត​គោល​ក្នុងការ​កែប្រែ​ច្បាប់​ជា​លើក​ទី​ពីរ គឺ​ដើម្បី​មិន​ឲ្យ​គណបក្សនយោបាយ ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នកទោស​។

​យោងតាម​ខ្លឹមសារ​ថ្មី ដែល​ត្រូវបាន​ដាក់បញ្ចូល​ទៅ​ក្នុ​ច្បាប់​ស្តីពី គណបក្សនយោបាយ តុលាការ មាន​សិទ្ធិអំណាច​យ៉ាង​ធំធេង រហូតដល់​អាចរំលាយ​គណបក្ស​ណាមួយ ប្រសិនបើ​គណបក្សនយោបាយ​នោះ​ផ្សារភ្ជាប់​ឬ​មាន​ទំនាក់ទំនង​ជាមួយ​ទណ្ឌិត ក្នុង​ការធ្វើសកម្មភាព ដើម្បី​ផលប្រយោជន៍​ផ្នែក​នយោបាយ​។ ខ្លឹមសារ​ថ្មី​ទាំង​នោះបាន​សរសេរ​យ៉ាង​ដូច្នេះ​៖«​គ្រប់​គណបក្សនយោបាយ មិនត្រូវ​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត ដែល​ជាប់ទោស​ពីបទ​ឧក្រិដ្ឋ​ឬ​បទមជ្ឈិម ដើម្បី​ជា​ប្រយោជន៍​នយោបាយ សម្រាប់​គណបក្ស​របស់​ខ្លួន​។ គណបក្សនយោបាយ មិនត្រូវ​យល់ព្រម​ដោយ​ចំហ ឬ​ដោយ​តុណ្ហីភាព [​ភាព​ស្ងៀមស្ងាត់​] ឬ​ឃុបឃិត​ជាមួយ​ទណ្ឌិត ឲ្យ​ធ្វើ​សកម្មភាព​ណាមួយ ដើម្បី​ប្រយោជន៍​នយោបាយ សម្រាប់​គណបក្ស​របស់​ខ្លួន​។ បើ​គណបក្ស​ណា បាន​ប្រព្រឹត្ត​នូវ​ទង្វើ​ទាំងនេះ តុលាការ អាចរំលាយ​គណបក្ស​នោះ​»​។​

​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា អនុម័ត​ហើយ តាមរយៈ​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា កាលពី​ថ្ងៃទី​១0 ខែកក្កដា ឆ្នាំ​២0១៧​។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ពហិការ មិន​ចូលប្រជុំ​ក្នុង​រដ្ឋសភា​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​អនុម័ត​ខ្លឹ​សារ​ថ្មី​នៃ​ច្បាប់​ខាងលើ នោះទេ​។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ចាត់ទុក​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្តី​ខាងលើ​ថា មាន​ចរិត​នយោបាយ ហើយ​គាបសង្កត់​លើ​សិទ្ធិ​បុគ្គល និង​គណបក្សនយោបាយ​។

​កាលពី​ខែ​ដើមឆ្នាំ​២0១៧ ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​កែប្រែ​ម្តង​រួចទៅហើយ​។ ច្បាប់​ស្តីពី​បក្សនយោបាយ ដែល​ត្រូវបាន​កែប្រែ​នាកាល​នោះ បាន​កំណត់ថា អ្នកទោស មិនអាច​ធ្វើជា​ប្រធាន​គណបក្ស ឬក៏​ធ្វើជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្សនយោបាយ​ណាមួយ​ឡើយ​។
​ការកែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ទាំងពីរ​លើ​នេះ សុទ្ធតែ​ធ្វើឡើង​តាម​សំណើ​របស់​សម្តេច ហ៊ុន សែន​៕


Tag:
 សម រង្ស៊ី​
  ហ៊ុន សែន​
  អ្នកវិភាគ​
  ច្បាប់​នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com