ជាតិ
លោក ហ៊ុន ម៉ា​នី សំណូមពរ​បក្សប្រឆាំង​ឲ្យ​ចូលរួម​សាទរ​អ្វី​ដែលជា​មោទនភាព​ជាតិ​
11, Jul 2017 , 4:29 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បានបង្ហាញ​អារម្មណ៍​ខកចិត្ត​ចំពោះ​ករណី​ដែល​អ្នកនយោបាយ​ខ្លះ​​អត្ថាធិប្បាយ​ប្រាប់​បរទេសធ្វើ​ឲ្យ​ខាតបង់​ផលប្រយោជន៍​របស់​កម្ពុ​ជា​។ នៅក្នុង​កិច្ចប្រជុំ​ពេញ​រដ្ឋសភា​ពេញអង្គ​នៅ​ថ្ងៃទី​១០ខែ​កក្កដា អ្នកតំណាងរាស្ត្រ​វ័យក្មេង មិន​ចង់ឃើញ​អ្នកនយោបាយ​យក​ការ​បង្អាប់​ប្រទេសជាតិ​ដើម្បី​ជា​ថ្នូរ​នឹង​ប្រជាប្រិយភាព ឬ​សន្លឹកឆ្នោត​នោះឡើយ​។



​ស្តាប់​ប្រសាសន៍​លោក ហ៊ុន ម៉ា​នី




​តំណាងរាស្ត្រ​វ័យក្មេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ា​នី ទំនងជា​ចង់ឃើញ​យុទ្ធសាស្ត្រ​ប្រកួតប្រជែង​ថ្មី​ពី​គណបក្សប្រឆាំង​។ នោះ គឺ​មិនមែនជា​ការនិយាយ​បង្អាប់​កម្ពុជា ឬ​រារាំង​ការនាំចេញ​ផលិតផល​ពី​កម្ពុជា​ដើម្បី​ដាក់​សម្ពាធ​លើ​គណបក្សកាន់អំណាច​ទៀតឡើយ តែ​ជាការ​ចូលរួម​សាទរ​អ្វី​ដែលជាសមិទ្ធផលប្រទេសជាតិ និង​​កិត្តិយស​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។​

​នៅក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភាកាលពីថ្ងៃចន្ទ ដែល​មានតែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​ដដែល​បាន​ប្រើពេល​ជាង​២០​នាទី ដើម្បី​បង្ហាញ​ការខកចិត្ត​ចំពោះ​អ្នកនយោបាយ​ខ្មែរ​ដែល​តែងតែ​អំពាវនាវ​ឲ្យ​បរទេស​ពិចារណា​លើ​លក្ខខណ្ឌ​នៃ​ការនាំចេញ​សម្លៀកបំពាក់​ទៅ​ផ្សារ​អន្តរជាតិ និង​ការនិយាយ​បន្តុះបង្អាប់​ប្រទេស​កំណើត​ជាដើម​។​

​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ការអត្ថាធិប្បាយ​របស់​ឯកឧត្តម កឹម សុខា នៅ​បរទេស​ដែលថា កម្ពុជា​ក្រីក្រ គ្មាន​បង្គន់​នោះ បាន​រង​ការរិះគន់ និង​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​អ្នកគាំទ្រ និង​មន្ត្រីជាន់ខ្ពស់​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។ ការអះអាង​របស់​ឯក​ឧ​ត្ត​ម កឹម សុខា យ៉ាងនេះ​ប្រហែល​បាន​ប៉ះទង្គិច​អារម្មណ៍​របស់លោក ហ៊ុន ម៉ា​នី រហូតដល់​អ្នកតំណាង​រាស្ត្រ​រូបនេះ​លើកយក​បញ្ហា​នេះ​មកនេះ​បង្ហើរ​នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា ជាមួយនឹង​ការអំពាវនាវ​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​សូម​សំណូមពរ ក្នុងនាម​ខ្ញុំ​ជា​យុវជន​ជំនាន់​ក្រោយ​មួយរូប កុំ​យកមុខ​មាត់​ប្រទេសជាតិ​ដើម្បី​ការ​ចំណេញ​សន្លឹកឆ្នោត​!»​។ លោក​បន្តទៀតថា​៖«​មោទនភាព​នៃ​ប្រសាទ​ព្រះវិហារ ប្រាសាទសំបូរព្រៃគុក មោទនភាព​ទាំងអស់នេះ មិនអាច​សាប​ដោយសារតែ​ពាក្យ​ថា​ខ្មែរ​ក្រ​ណាស់ អត់​បង្គន់​នោះទេ​»​។​

​ខុស​តែ​ពី​ការ​បង្អាប់​ប្រទេសជាតិ និង​ការធ្វើសកម្មភាព​ដែល​នាំ​ឲ្យ​ខាតបង់​ប្រយោជន៍ និង​សេដ្ឋកិច្ច​របស់​កម្ពុជា លោក ហ៊ុន ម៉ា​នី បាន​បញ្ជាក់ថា វា​មាន​អ្វី​ផ្សេងៗ​ច្រើន​ទៀត សម្រាប់​អ្នកនយោបាយ​ប្រកួត​គ្នា​ដណ្តើម​សន្លឹកឆ្នោត​។​

«​បើសិន​វា​ជា​សំណូមពរ​របស់​យុវជន ហ៊ុន ម៉ា​នី នោះ អ្វី​ដែលជា​មោទនភាព​ជាតិ សូម​ចូលរួម​អបអរសាទរ​ទៅ ដូចជា​រឿង​ប្រាសាទសំបូរព្រៃគុក ឬ​ប្រាសាទ​អង្គ​វត្ត​ជា​គោលដៅ​ទេសចរណ៍​ទីមួយ​ស្ទើរ​រៀងរាល់ឆ្នាំ​។ ពេលខ្លះ​គិត​ឲ្យ​វិជ្ជមាន សូម​ចូលរួម​អបអរសាទរ​បន្តិច​ទៅ​!»​។ នេះ​ជា​សេចក្តីថ្លែងការណ៍​របស់​លោក ហ៊ុន ម៉ា​នី នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា ដោយ​លោក​បន្ថែមថា មិនមែន​អ្វីៗ សុទ្ធតែជា​នយោបាយ​នោះឡើយ​៕


Tag:
 ហ៊ុន ម៉ា​នី
  ព្រៃ​គុក
  ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com