ជាតិ
សិល្បះ
បទចម្រៀងដែលទាក់ទងនឹងភូមិសាស្ត្រមិនខ្វះទេការគាំទ្រ !
× ទន្លេវ៉ៃកូ គយត្របែក វត្តព្រៃឆ្លាក់ វាលយន្ត បាវិត! អ្នកដែលបានទៅដល់ទីតាំងទាំងនេះ ច្បាស់នឹកដល់ចម្រៀងមួយបទដែលមានចំណងជើងថា «វាសនាបុប្ផាស្វាយរៀង» ជាមិនខាន។ បទចម្រៀងបែកបាក់ស្នេហាដែលច្រៀងដោយកញ្ញា សួស វីហ្សា នេះ មានអាយុកាលជិត៣ឆ្នាំហើយ ប៉ុន្តែវាមិនបានសាបរលាបដូចបទមួយចំនួននោះទេ។
ក្នុងអាល់ប៊ុមស៊ីឌី ៥២៣ និងវីស៊ីឌី ២១៤ «វាសនាបុប្ផាស្វាយរៀង» គ្រាន់តែជាបទចម្រៀងមួយក្នុងចំណោមបទផ្សេងៗ ដែលផលិតកម្មរស្មីហង្សមាស បានចេញលក់នាឱកាសបុណ្យចូលឆ្នាំ កាលពីជាងពីរឆ្នាំមុនប៉ុណ្ណោះ តែបទចម្រៀងនេះ ជាតែការពេញនិយមរបស់អ្នកស្តាប់ដដែល។
«វាសនាបុប្ផាស្វាយរៀង» ដែលនិពន្ធទំនុកច្រៀងដោយលោក ហ៊ុន ហេង និងសម្រួលតន្ត្រីដោយ លោក ញូង សារិន រួមជាមួយនឹងសំឡេងដ៏ពិរោះរបស់កញ្ញា សួស វីហ្សា បានអង្រួនអារម្មណ៍អ្នកស្តាប់ឲ្យស្រមៃដល់ភូមិសាស្ត្រមួយចំនួននៅក្នុងខេត្តស្វាយរៀង ក្នុងនោះមាន ទន្លេវ៉ៃកូ ភូមិគយត្របែក វត្តព្រៃឆ្លាក់ ភូមិវាលយន្ត (ឬផ្សារវាលយន្ត) និងក្រុងបាវិត ជាដើម។
បទចម្រៀងបែបមនោសញ្ចេតនានេះ លើកឡើងពីនារីម្នាក់ដែលច្រៀងប្រាប់ទន្លេវ៉ៃកូស្តីពីប្រវត្តិស្នេហារបស់ខ្លួនជាមួយនិស្សិតកម្រិតបរិញ្ញាម្នាក់ដែលក្រោយមកឈានទៅដល់ការបែកបាក់ ស្របពេលដែលនារីរូបនោះ ត្រូវទៅធ្វើការនៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។
នៅក្នុងវីស៊ីឌី បទ «វាសនាបុប្ផាស្វាយរៀង» គ្រាន់តែមានការសម្តែងកាយវិការរាំច្រៀងលើឆាកប៉ុណ្ណោះ មិនមានការចុះផ្តិតរូបភាពទៅតាមទីតាំងនៅក្នុងបទចម្រៀងនោះឡើយ។ គេក៏មិនបានដឹងថា នារីរូបនោះ ទៅបាវិតដើម្បីធ្វើជាកម្មការិនីរោងចក្រ ទៅបម្រើការកាស៊ីណូ ឬធ្វើអ្វីឲ្យពិតប្រាកដនោះទេ។
ជាការឆ្លើយតបនឹងការត្អូញត្អែររបស់កញ្ញា សួស វីស្សា ក៏មានការច្រៀងបកស្រាយពីតារាចម្រៀងប្រុសម្នាក់ផងដែរ ដោយប្រើបទភ្លេងតែមួយ។ ប៉ុន្តែ ភាពអាថ៌កំបាំងគឺជាសិល្បៈ ដូច្នេះការច្រៀងបកស្រាយ មិនសូវជាទទួលបានការគាំទ្រដូចបទដើមឡើយ។
ប្រជាប្រិយភាពរបស់បទ «វាសនាបុប្ផាស្វាយរៀង» បានបង្ហាញឲ្យឃើញថា ជនជាតិកម្ពុជាពិតជាស្រឡាញ់បទដែលរៀបរាប់ពីទីតាំងភូមិសាស្ត្រខ្លាំងណាស់ បើទោះបីជាវាមិនទទួលបានការគាំទ្រយ៉ាងគំហុកដូចបទញាក់ បទហ៊ីបហប ប៉ុន្តែអាយុកាលនៃការគាំទ្រមានរយៈពេលយូរ។
ដោយមិនចាំបាច់និយាយដល់កវីនិពន្ធឆ្នើម លោក គង្គ ប៊ុនឈឿន លោក ពៅ ស៊ីផូ ឬលោក ម៉ា ឡាពី ដែលចូលចិត្តតែងបទចម្រៀងទាក់ទងនឹងទីតាំងភូមិសាស្ត្រ លោក ហ៊ុន ហេង ក៏បានសាងស្នាដៃលេចធ្លោជាច្រើនផងដែរ ជាក់ស្តែង បទ «សម្រស់បុប្ផាកំពង់ធំ» ដែលច្រៀងដោយលោក ណូយ វ៉ាន់ណេត៕
Tag:
ស្វាយរៀង
សួស វីហ្សា
© រក្សាសិទ្ធិដោយ thmeythmey.com