កីឡាអន្តរជាតិ
អន្តរជាតិ
Bayern បាន James ពី Real តែ​ឲ្យ Costa ទៅ Juventus
12, Jul 2017 , 2:42 pm        
រូបភាព
Bayern Munich បាន​ចុះ​កិច្ចព្រមព្រៀង​នាំយក​កីឡាករ James Rodriguez ពី​ក្រុម Real Madrid ក្នុង​កិច្ចសន្យាខ្ចី​ជើង​រយៈពេល​ពីរ​ឆ្នាំ​។ ស្របពេល​គ្នា​នេះ​ម្ចាស់​ជើង​ឯង Bundesliga ៥​សម័យកាល​ជាប់ៗ​គ្នា​នេះ​ក៏បាន​អនុ​ញ្ជា​ត​ឲ្យ Juventus ខ្ចី Douglas Costa ដែរ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ផ្លូវការ Bayern Munich។​



​ប្រធាន​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី វ័យ​២៥​ឆ្នាំ​រូបនេះ​ត្រូវបាន Real Madrid ទិញ​ពី​ក្រុម Monaco ក្នុងតម្លៃ ៧១​លាន​ផោន ប្រមាណ ៩១​លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៤ អំឡុងពេល​លោក Carlo Ancelotti នៅ​ដឹកនាំ​។

​ក្រោម​ការដឹកនាំ​របស់​លោក Zinedine Zidane ពីរ​រដូវ​កាល​មកនេះ James មិនបាន​បង្ហាញខ្លួន​នោះទេ ពោល​នៅ​រដូវ​កាល​មុន​រូបគេ​បានបង្ហាញ​ខ្លួន​ត្រឹមតែ ២២ ប្រកួត​ប៉ុណ្ណោះ​ឲ្យ​ក្រុម​ស្តេច​ស​នៅ La Liga ។ ដោយសារ​មិនសូវ​បាន​ចូល​លេង​ក្នុង​ជម្រើស​១១​នាក់​ដំបូង និង​តែងតែ​អង្គុយ​នៅ​កៅអី​បម្រុង​ផង​នោះ ម្ចាស់​ស្បែកជើង​មាស​កាលពី World Cup ២០១៤ ក៏​សម្រេច​ចាក​ចេញមក​ចូលរួម​ជាមួយ Bayern Munich តែម្តង​។​

​មុន​មក​ចូលរួម​ជាមួយ​ក្រុម​ជើងឯក Bundesliga របស់​អាល្លឺម៉ង់​នេះ Rodriguez ក៏មាន​ការចាប់អារម្មណ៍​ពី​ក្រុម​នៅ​ក្របខណ្ឌ Premier League ដូចជា Chelsea និង Manchester United ជាដើម​។​

​បន្ទាប់ពី​យកបាន James Rodriguez មកកាន់​ទឹកដី Allianz Arena ហើយ​នោះ Bayern Munich ក៏​យល់ព្រម​ឲ្យ​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល វ័យ​២៦​ឆ្នាំ Douglas Costa ចាក​ចេញទៅ Juventus វិញ​ដែរ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​មួយឆ្នាំ ប៉ុន្តែ​ទទួលបាន​ប្រា​ក់ជាង​៦​លាន​ដុល្លារ ពី​ក្រុម​រងជើង​ឯក Champions League រដូវ​កាល​មុន​ផងដែរ​៕








Tag:
 បាល់ទាត់​
  James Rodriguez
  Bayern Munich
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com