ជាតិ
អគ្គនាយក​អប្សរា មិន​លើកលែង​មន្ត្រី​ដែល​យកលុយ​ជា​ថ្នូរ​នឹង​សំណង់​ខុសច្បាប់​ឡើយ​
12, Jul 2017 , 3:04 pm        
រូបភាព
«លោក ស៊ុ ម៉ាប់ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវិធានការចុះរុះរើសំណង់ខុសច្បាប់។ រូបថត៖ អ៊ីសា រ៉ហានី
«លោក ស៊ុ ម៉ាប់ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវិធានការចុះរុះរើសំណង់ខុសច្បាប់។ រូបថត៖ អ៊ីសា រ៉ហានី
​សៀមរាប​៖ ឆ្លើយតប​ទៅនឹង​សំណួរ​អ្នកសារព័ត៌មាន ដែល​លើកឡើងថា សំណង់​ខុសច្បាប់​នៅ​តំបន់​អង្គរ កើតឡើង​ដោយសារ​ការផ្តល់​លុយ​មួយចំនួន ដល់​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា ជា​ថ្នូរ​នឹង​ការ​បាន​សិទ្ធិ​សាងសង់​។ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ស៊ុំ ម៉ាប់ បាន​បញ្ជាក់ថា លោក​បានឮ​ពី​ព័ត៌មាន​នេះ​ជា​យូរណាស់​មកហើយ តែ​នៅ​រក​ភស្តុតាង​មិនទាន់បាន​។ លោក​បាន​ព្រមាន ចាត់ការ​តាមផ្លូវ​ច្បាប់ ដល់​បុគ្គលិក​ណា ដែល​រកឃើញថា បាន​ដើរ​យកលុយ​ពី​ម្ចាស់​សំណង់​ខុសច្បាប់​។​



​លោក ស៊ុំ ម៉ាប់ ហាក់​ចង់ដឹង​កាន់តែខ្លាំង ចំពោះ​ព័ត៌មាន​ដែល​លើកឡើងថា បុគ្គលិក និង​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា ជា​អ្នក​អនុញ្ញាត​សិទ្ធិ​សាងសង់ ជា​ថ្នូរ​ឲ្យ​សំណូក​ផ្សេងៗ​។ លោក​ស្នើសុំ​កិច្ចសហការ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​រកមុខ​អ្នកប្រព្រឹត្តិ​បទល្មើស​ឲ្យ​ខាន​តែ​បាន តែ​រហូតមកដល់​ម៉ោង​នេះ រក​មិនទាន់​ឃើញ​នៅឡើយ​។ លោក​បញ្ជាក់​យ៉ាងច្បាស់​ថា នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ជន​ណា​ដែល​ប្រព្រឹត្តិ​បទល្មើស​នេះ ដោយ​មិន​លើកលែង​ឡើយ​។​

​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« យើង​មិន​អនុគ្រោះ​ទេ បុគ្គល​មួយរូប ២​រូប ១០​រូប ២០​រូប ដែល​មក​បំផ្លាញ​ស្ថាប័ន​នេះ​ទាំងមូល​»​។ លោក​បន្តថា​៖« ត្រឹមតែ​ពាក្យ​ច​ចាម​អារាម គ្មាន​ភស្តុតាង​ច្បាស់លាស់ សូមមេត្តា​កុំ​បំ​ប៉ង​ថា​តាម​នោះ វា​នាំ​ឲ្យ​ស្ថាប័ន​អភិរក្ស​នេះ​មួយ ត្រូវបាន​គេ​ស្អប់ខ្ពើម ខណៈ​ធាតុពិត វា​មិនមែន​ចឹ​ង​»៕

​សូម​ស្តាប់​ការលើកឡើង​របស់​អគ្គ​នាយក​អាជ្ញាធរ​ជាតិ​អប្សរា​




​លោក ស៊ុំ ម៉ាប់ ក៏បាន​ពន្យល់​ពី​ហេតុផល​មួយ ដែល​ធ្វើ​ឲ្យ​កើត​សំណង់​ខុសច្បាប់​អំឡុងពេល​បោះឆ្នោត​ផងដែរ​។ លោក​ថា មិនមែន​អាជ្ញាធរ​ជាតិ​អប្សរា​បណ្តោយ​ទេ តែ​នេះ​ជាការ​អនុវត្តតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល និង​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត ដែល​អំពាវនាវ​ឲ្យ​រក្សា​សណ្តាប់ធ្នាប់ ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​បានដាក់​គោលការណ៍​មួយ ជៀសវាង​ឲ្យ​មាន​បាតុកម្ម​ពាក់ព័ន្ធ​នឹង​ការឃាត់​ការសាងសង់ ដកហូត​។ លោក ស៊ុំ ម៉ាប់​បន្ថែម​៖« ការណ៍​នេះ បានត្រឹមតែ​អាជ្ញាធរ ចុះ​ណែនាំ​មិន​ឲ្យ​សាងសង់ តែ​ពួកគេ​មិន​ស្តាប់ និង​បន្ត​សាងសង់​។ គាត់​យល់ថា សង់​ហើយ​មាន​មនុស្ស​នៅ មាន​ចានឆ្នាំង​ហើយ​នោះ គេ​មិន​រើ​ទេ នេះ​សុទ្ធតែ​ចាញ់​នូវ​ការ​ភូតកុហក ពី​មជ្ឈដ្ឋាន​មួយចំនួន ហើយ​អ្នក​មួយចំនួន​នោះ សុទ្ធតែ​អាជីវករ​...»​។​

​គួរ​បញ្ជាក់ថា គណៈកម្មការ​ចម្រុះ ដែល​ចូលរួម​ពី​អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ខេត្តសៀមរាប នឹង​ចាប់ផ្តើម​អនុវត្ត​គោលការណ៍​ចុះ​រុះរើ​សំណង់​ខុសច្បាប់​ក្នុង​តំបន់​អង្គរ ចាប់ពី​សប្តាហ៍​ទី​៣ នៃ​ខែកក្កដា​នេះ​តទៅ​៕


Tag:
 ស៊ុំ ម៉ាប់​
  សំណង់​ខុសច្បាប់​
  អាជ្ញាធរ​អប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com