ជាតិ
សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ថ្មី ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់ខ្លួន​
12, Jul 2017 , 7:19 pm        
រូបភាព
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
​ភ្នំពេញ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានចេញ​សេចក្តីជូនដំណឹង អំពី​ការប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​របស់​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំង​២៥ រាជធានី​-​ខេត្ត ដែល​ទើបនឹង​ជាប់ឆ្នោត ក្នុង​អាណត្តិ​ទី​៤​នេះ​។ សេចក្តីជូនដំណឹង បាន​ឲ្យ​ដឹងថា កម្មវិធី​នៃ​ការប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​របស់​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ថ្មី នឹងធ្វើ​ឡើង​ក្នុង​រយៈពេល ១​ខែ គឺ​ចាប់ពី​ថ្ងៃទី​១៥ ខែកក្កដា ដល់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២0១៧​។​



​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏បាន​សហការ​ជាមួយ​មន្ត្រី​ផ្នែក​ប្រឆាំង​អំពើពុករលួយ​នៃ​ក្រសួងមហាផ្ទៃ​ផងដែរ សម្រាប់​ការរៀបចំ​កម្មវិធី​នៃ​ការប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​របស់​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ថ្មី​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដដែល​។​

​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​ជាប់ឆ្នោត​ក្នុង​អាណត្តិ​ទី​៤​នេះ មាន​ចំនួន ១១៥៧២​នាក់​។  សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ខាងលើ មកពី​គណបក្សនយោបាយ​ចំនួន​៧ គឺ​គណ​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​។​

​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​៦៥០៣ (​បាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​ចំនួន​១១៥៦) ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​៥០០៧ (​បាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​ចំនួន​៤៨៩)​។​

​ចំណែកឯ​គណបក្ស​៥​ទៀត គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​២៨ (​មិនបាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​) គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​២៤ (​បាន​តំណែង​ជា​មេឃុំ​១) គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​៥ (​មិនបាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​) គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​៤ (​មិនបាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​) និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​១ (​មិនបាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​)៕



Tag:
 សមាជិក​ឃុំ​-​សង្កាត់​
  ACU
  ប្រកាស​ទ្រព្យសម្បត្តិ​
© រក្សាសិទ្ធិដោយ thmeythmey.com