កីឡាអន្តរជាតិ
អន្តរជាតិ
​បរាជ័យ​ដ៏​ចម្រូងចម្រាស់​ទំនងជា​មិនអាច​ឲ្យ Pacquiao ចូលនិវត្តន៍​បានទេ​
12, Jul 2017 , 9:39 pm        
រូបភាព
Manny Pacquiao បាន​និយាយថា​នឹង​បន្ត​អាជីព​ប្រដាល់​របស់គេ ទោះបី​ចាញ់​អ្នក​ប្រដាល់​អូស្ត្រាលី Jeff Horn កាលពី​ដើមខែ​នេះ​ក៏ដោយ​។ អ្នក​ប្រដាល់​ហ្វីលីពីន​រូបនេះ នឹង​ឡើង​សង្វៀន​ដើម្បី គ្រួសារ អ្នកគាំទ្រ និង​ប្រទេស​របស់គេ​។​



Horn បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ទ​ស្ស​និក​ជន​នៅ​ជុំវិញ​ពិភពលោក ដោយ​អាច​យកឈ្នះ​ម្ចាស់​ខ្សែក្រវាត់​៨​ស្ថាប័ន ក្នុង​លទ្ធផល​ពិន្ទុ​ឯក​ច្ឆ័​ន ១១៧-១១១ ១១៥-១១៣ និង​១១៥-១១៣ នា​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់ WBO Welterweight ដែល​ធ្វើឡើង​នៅ​ទីក្រុង Brisbane ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី​២ ខែកក្កដា​កន្លងទៅ​។​

​បន្ទាប់ពី​រង​បរាជ័យ​ក្រោម​កណ្តាប់ដៃ​អ្នក​ប្រដាល់​មិនដែល​ចាញ់​របស់​អូស្ត្រាលី លោក Freddie Roach ដែលជា​គ្រូបង្វឹក Pacquiao ជាង​១០​ឆ្នាំ​មកហើយ យល់ឃើញថា​រូបគេ​ដល់ពេល​ព្យូ​រ​ស្រោមដៃ​ទុក និង​ជម្រុញ​ឲ្យ​ចូលនិវត្តន៍​ទៀតផង​។​

​តែ​យ៉ាងណា​ជុំវិញ​រឿង​រាវ​ចូលនិវត្តន៍​នេះ​ត្រូវ​បានបង្ហាញ​ឲ្យ​ឃើញច្បាស់​ហើយ ក្រោយពេល​ស្តេច​ប្រដាល់​ហ្វីលីពីន វ័យ​៣៨​ឆ្នាំ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter នៅ​ថ្ងៃ​ពុធ ទី​១២ ខែកក្កដា​នេះ​ថា​៖«​ខ្ញុំ​ស្រលាញ់​កីឡា​នេះ រហូត​ទាល់តែ​ខ្ញុំ​អស់ចំណង់​ជាមួយ​វា​។ ខ្ញុំ​នឹង​បន្ត​អាជីព​នេះ​ទៀត និង​ឡើង​សង្វៀន​ប្រកួត​ដើម្បី​ព្រះ ក្រុមគ្រួសារ​របស់ខ្ញុំ អ្នកគាំទ្រ និង​ប្រទេស​របស់ខ្ញុំ​»​។​

​បើតាម​ការផ្សាយ​របស់ Channel News Asia ការប្រកួត​រវាង Pacquiao-Horn អាច​នឹង​កើតឡើង​ម្តងទៀត​នៅ​ចុងឆ្នាំ​នេះ​៕


Tag:
 ​ប្រដាល់​
  Manny Pacquiao
  Jeff Horn
  ចូលនិវត្តន៍​
© រក្សាសិទ្ធិដោយ thmeythmey.com