ជាតិ
សេដ្ឋកិច្ច
កម្ពុជា ជំរុញ​ឲ្យ​មី​យ៉ាន់​ម៉ា ពិនិត្យ​លទ្ធភាព​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និង​ការការពារ​វិនិយោគ​
12, Jul 2017 , 7:39 pm        
រូបភាព
រូបពីហ្វេសប៊ុកប្រធានាធិបតីមីយ៉ាន់ម៉ា
រូបពីហ្វេសប៊ុកប្រធានាធិបតីមីយ៉ាន់ម៉ា
ភ្នំពេញ​៖ កម្ពុជា ស្នើ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ព​ន្លឿ​ន​ការចរចា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ពិនិត្យ​លទ្ធ​ភាពចុះ​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និង​ការការពារ​វិនិយោគ រវាង​ប្រទេស​ទាំងពីរ​។ ការស្នើ​នេះ​ធ្វើឡើង​ស្រប​ពេលដែល​កម្ពុជា និង​មី​យ៉ាន់​ម៉ា កំពុង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​។


​បើតាម​សេចក្តីថ្លែងការណ៍​ក្រសួងការបរទេស​កម្ពុ​ជា កិច្ចព្រមព្រៀង​ខាងលើនេះ គឺជា​ការជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ តាមរយៈ​ការលើកទឹកចិត្ត​ដល់​ការវិនិយោគ​សហគ្រាស​ធុន​តូច និង​មធ្យម និង​ការផ្លាស់ប្ដូរ​ផលិតផល​កសិកម្ម​ជាដើម​។​
 
​បច្ចុប្បន្ន​កម្ពុ​ជាមាន​ក្រុមហ៊ុន​ចំនួន​៣០ ដែល​កំពុង​វិនិយោគ​នៅ​មី​យ៉ាន់​ម៉ា ភាគច្រើន​លើ​វិស័យ​សេវាកម្ម និង​ធនាគារ​។ ចំណែក​មី​យ៉ាន់​ម៉ា ក៏មាន​ក្រុមហ៊ុន​សេវាកម្ម​ទេសចរណ៍ និង​ធុរកិច្ច ចំនួន​៣ កំពុងដំណើរការ​នៅ​កម្ពុជា​ផងដែរ​។​
 
​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក ប្រាក់ សុខុន បាន​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​១០ -១១ កក្កដា ដែល​ជាការ​ទស្សនកិច្ច​លើកដំបូង​ចាប់តាំងពី​លោក​ចូលកាន់​តំណែង​កាលពី​ឆ្នាំមុន​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក ប្រាក់ សុខុន ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​បន្ថែមទៀត ដើម្បី​ស្វែងរក​យន្តការ​នានា ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​និង​ពហុភាគី​រវាង​ប្រទេស​ទាំងពីរ​។​
 
​កម្ពុជា និង​មី​យ៉ាន់​ម៉ា បាន​ប្ដេជ្ញា​រួមគ្នា​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ​។ ក្នុងជំនួប​រវាង​លោក ប្រាក់ សុខុន និង​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក ធិ​ន ច បាន​ពិភាក្សាគ្នា​និង​ឯកភាពគ្នា​ពង្រឹង​លើ​កិច្ចសហការ​លើ​វិស័យ​អប់រំ​, វប្បធម៌ ទេសចរណ៍ និង​ពាណិជ្ជកម្ម ព្រមទាំង​ការបង្កើន​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ប្រទេស​ទាំងពីរ​ជាដើម​៕
 

Tag:
 ប្រាក់ សុខុន
 ​កម្ពុជា​
 ​មី​យ៉ាន់​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com