កីឡាអន្តរជាតិ
អន្តរជាតិ
Horn ចង់​ជួប Pacquiao ម្តងទៀត ដើម្បី​ដឹងថា​អ្នកណា​សមជា​ម្ចាស់​ខ្សែក្រវាត់ WBO
13, Jul 2017 , 7:39 pm        
រូបភាព
​អ្នក​ប្រដាល់​អូស្ត្រាលី Jeff Horn មិនមាន​មន្ទិល​លើ​ជ័យជម្នះ​របស់គេ​លើ​កីឡាករ Manny Pacquiao នោះទេ​។ ប៉ុន្តែ​អ្នក​ប្រដា​ល់វ័យ ២៩​ឆ្នាំនេះ​ជឿជាក់ថា​មានតែ​ការប្រកួត​ជាមួយ ស្តេច​ប្រដាល់​ហ្វីលីពីន​ម្តងទៀត​ប៉ុណ្ណោះ ដែល​អាច​ដោះស្រាយ​ភាពចម្រូងចម្រាស​នេះ​បាន​។​



​មានការ​រិះគន់​ជាច្រើន​តាមរយៈ​អ្នកកីឡា​ល្បីៗ និង​អ្នក​ចូលចិត្ត​ទស្សនា​វិស័យ​កីឡាប្រដាល់​នៅ​ជុំវិញ​ពិភពលោក​អំពី​ការវិនិច្ឆ័យ​ដោយ​កាត់សេចក្តី​ឲ្យ Manny Pacquiao ចាញ់ Jeff Horn នា​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់ WBO ដែល​ធ្វើឡើង​នៅ​ទីក្រុង Brisbane ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី​២ ខែកក្កដា​កន្លង​ង​ទៅ​។​

​លើសពីនេះ ក៏មាន​ការស្នើសុំ​ឲ្យ​ពិនិត្យ​ការប្រកួត និង​ដាក់ពិន្ទុ​ឡើងវិញ​ពី​ភាគី​សហព័ន្ធ​កីឡាប្រដាល់​ហ្វីលីពីន​ទៀតផង ក្រោយពី​ចៅក្រម​ទាំងបី​រូប​បាន​កាត់សេចក្តី​ឲ្យ Horn ឈ្នះ Pacquiao ដោយ​ពិន្ទុ​ឯកច្ឆ័ន្ទ ១១៧-១១១, ១១៥-១១៣ និង ១១៥-១១៣​។

​អង្គការ​កីឡាប្រដាល់​ពិភពលោក WBO បាន​បង្កើត​ក្រុម​ចៅក្រម​ឯករាជ្យ​មួយ​ដើម្បី​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ជុំវិញ​ការប្រកួត និង​លទ្ធផល​ពិន្ទុ​របស់​កីឡាករ​ទាំងពីរ​។ ប៉ុន្តែ​លទ្ធផល​ក្រោយ​ការពិនិត្យ​នៅតែ​ឃើញថា Horn ជា​អ្នកឈ្នះ​ដដែល ដោយ​ក្នុង​១២​ទឹក Horn ឈ្នះ​៧​ទឹក ហើយ Pacquiao ឈ្នះ​៥​ទឹក​។​

​ជុំវិញ​រឿង​រាវ​នេះ អ្នក​ប្រដាល់​មិន​ស្គាល់​ជាតិ​ចាញ់​របស់​អូស្ត្រាលី  បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ទីក្រុង Los Angeles ថា​នឹង​គោរព​សេចក្តីសម្រេច​របស់​ស្ថាប័ន WBO លើ​ការត្រួត​ពិនិត្យឡើងវិញ​។ តែ​ប្រសិនបើ​លទ្ធផល​ចេញមក​ថា​រូបគេ​មិន​ឈ្នះ ក៏​គេ​មាន​អារម្មណ៍​ថា​គេ​ជា​អ្នកឈ្នះ​ដដែល​។​

​ទោះបីជា​យ៉ាងណាក៏ដោយ​អ្នក​ប្រដាល់​ជា​អតីត​គ្រូបង្រៀន លើកឡើងថា​មាន​វិធី​តែមួយគត់​សម្រាប់​ដោះស្រាយ​ភាពចម្រូងចម្រាស​នេះ​ដើម្បី​ឲ្យ​ឃើញច្បាស់​ថា​អ្នកណា​សមជា​ម្ចាស់​ខ្សែក្រវាត់ WBO welterweight ពិតប្រាកដ​នោះ គឺ​ការវិលត្រឡប់​មកកាន់​សង្វៀន​ជាមួយ Pacquiao ជាថ្មី​ម្តងទៀត​ប៉ុណ្ណោះ​។

​សូមបញ្ជាក់ថា Horn ជា​កីឡាករ​របស់​អូស្ត្រាលី​ទីមួយ​ហើយ​ដែល​អាច​ផ្តួល​ម្ចាស់​ខ្សែក្រវាត់ ៨​ស្ថាប័ន វ័យ​៣៨​ឆ្នាំនេះ​បាន បន្ទាប់ពី​មាន​កីឡាករ ៣​រូប​របស់​អូ​ស្ត្រ​លី​ត្រូវ​បរាជ័យ​ក្រោយ​ដៃ​របស់ Pacquiao រួចមកហើយ​នាពេល​កន្លងមក​៕


Tag:
 ប្រដាល់​
  Manny Pacquiao Jeff Horn
  WBO
© រក្សាសិទ្ធិដោយ thmeythmey.com