ជាតិ
រដ្ឋាភិបាល ត្រៀម​ថវិកា​ជិត​១​លាន​ដុល្លារ ទុក​លើកទឹកចិត្ត​មន្ត្រី ក្នុងការ​កម្ចាត់​គ្រឿងញៀន​
13, Jul 2017 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ ត្រៀម​ថវិការ​ប្រមាណ ១​លាន​ដុល្លារ  ដើម្បី​ទុក​ផ្តល់​ដល់​ក្រុមមន្ត្រី និង​កម្លាំង​សមត្ថកិច្ច ដែល​បានទទួល​ជោគជ័យ​ក្នុងការ​បង្ក្រាប​គ្រឿងញៀន​។ នេះ​បើតាម សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២0១៧​។



​សម្តេច ស ខេង បញ្ជាក់ថា ថវិកា​ទាំងនេះ គឺ​បានមកពី​ការបូកបញ្ចូល​គ្នា​រវាង​ក្រសួងមហាផ្ទៃ​និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។ សម្តេច លើកឡើង​ទៀតថា ការផ្តល់​ថវិកា គឺជា​ការលើកទឹកចិត្ត ដល់​ក្រុមមន្ត្រី​និង​កម្លាំង​សមត្ថកិច្ច ដែលមាន​ស្នាដៃ​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។

​សម្រាប់​សម្តេច ស ខេង ការលើកទឹកចិត្ត​បែបនេះ នឹង​ជំរុញ​ឲ្យ​មន្ត្រី ក៏ដូចជា​កម្លាំង​សមត្ថកិច្ច រឹតតែ​ប្រឹងប្រែង​បំពេញការងារ​បន្ថែមទៀត​។ ផ្ទុយទៅវិញ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ យល់ថា ភាព​អសកម្ម​ក្នុងការ​បង្ក្រាប​គ្រឿងញៀន នឹង​កើតមានឡើង ប្រសិនបើ​គ្មាន​ការលើកទឹកចិត្ត ឬក៏​ការលើកទឹកចិត្ត មិន​សម​នឹង​ការប្រឹងប្រែង​។​

​សម្តេច ស ខេង និយាយ​ដូច្នេះ​ថា​៖«​បើកាលណា​គេ ខំ​ដែរ  ប៉ុន្តែ​យើង​មិនបាន​លើទឹក​ចិត្ត​គេ ឬក៏​លើកទឹកចិត្ត​ដែរ តែ​មិនត្រូវ ឬ​មិន​អស់ គឺ​អត់​ល្អ​។ [​ថវិកា ដែល​ទុក​សម្រាប់​លើកទឹកចិត្ត​ហ្នឹង​] គឺ​ជិត ១​លាន​ដុល្លារ​»​។​

​ការលើកឡើង​របស់​ស​ម្តេច ស ខេង គឺធ្វើឡើង​ក្រោយ​ចាក​ចេញពី​កិច្ចប្រជុំ​នៅ​ក្រសួងមហាផ្ទៃ នា​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២0១៧​នេះ​។ ការបើក​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពិភាក្សាគ្នា ក្នុងការ​ត្រៀម​រៀបចំ​សន្និបាត​នាពេលខាងមុខ ជុំវិញ​ការ​បូកសរុប​លទ្ធផល​នៃ​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន សម្រាប់​ពាក់កណ្តាល​ឆ្នាំ​២0១៧៕


Tag:
 ស ខេង​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com