ជាតិ
អគ្គនាយក​អប្សរា​៖ កុំ​យក​បេតិកភណ្ឌ​មក​លាយឡំ​នយោបាយ​
14, Jul 2017 , 8:39 am        
រូបភាព
«លោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក្នុងសន្និសីទកាសែតនៅថ្ងៃទី១២ កក្កដា ឆ្នាំ២០១៧។ រូបថត៖ អ៊ីសា រ៉ហានី
«លោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក្នុងសន្និសីទកាសែតនៅថ្ងៃទី១២ កក្កដា ឆ្នាំ២០១៧។ រូបថត៖ អ៊ីសា រ៉ហានី
​សៀមរាប​៖ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ហៅ​សំណង់​ខុសច្បាប់​នៅ​តំបន់​អង្គរ ថា​មាន​លក្ខណៈ​នយោបាយ​។ ការមើលឃើញ​បែបនេះរ​ប​ស់លោក ស៊ុំ ម៉ាប់ ព្រោះ​កន្លងមក មាន​សារ​នយោបាយ​ពី​អ្នកនយោបាយ​ខ្លះ ដែលមាន​បំណង​មិនល្អ​មកលើ​ស្ថាប័ន​អ​ភ​រិ​រក្ស ស​ម្ប​តិ្ត​បេតិកភណ្ឌ ហើយ​អ្នក​ទាំងនោះ ជា​អ្នកគាំទ្រ​ឲ្យ​មាន​សំណង់​ខុសច្បាប់​ក្នុង​តំបន់​ការពា​ផងដែរ​។​



«​ហើយ​អ្វីដែល​ខ្ញុំ​បាន​លើក​មុននេះ ថា​សំណង់​មួយចំនួន វា​មាន​លក្ខណៈ​ពាក់ព័ន្ធ​នឹង​នយោបាយ វា​មាន ហើយក៏​មិនមែន​មាននៅ​អាណត្តិ​នេះដែរ គឺមាន​តាំង​ពីមុន​។ អស់លោក លោកស្រី ធ្លាប់​ឮ​គេ​ឃោសនា​ទេ «​បើ​ខ្ញុំ​ឈ្នះ (​បោះឆ្នោត​) ខ្ញុំ​លុប​អាជ្ញាធរ​ជាតិ​អប្សរា​ចោល​» អាហ្នឹង​ខ្ញុំ​ឮ​ផ្ទាល់​នឹង​ត្រចៀក​។ ហើយ​ថ្មីៗ​នេះ​សោត  អ្នកខ្លះ​និយាយថា សង់​ទៅ បើ​គេ​ឈ្នះ គេ​ជួយ​ការពារ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ុំ ម៉ាប់ នៅក្នុង​សន្និសីទ ជុំវិញ​វិធាន​ការរុះរើ​សំណង់​ខុសច្បាប់​នៅ​តំបន់​អង្គរ នៅ​ព្រឹក​ថ្ងៃទី​១២ កក្កដា នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​យ៉ាងណា លោក ស៊ុំ ម៉ាប់ ថា​លោក​មិន​ចង់​និយាយ​រឿងនេះ​ច្រើន​ប៉ុន្មាន​ទេ ព្រោះ​គ្មាន​ផលចំណេញ​ត្រឡប់មកវិញ តែ​អ្វីដែល​ត្រូវធ្វើ​នៅពេលនេះ គឺ​ត្រូវ​រួមគ្នា​គិតថា ធ្វើយ៉ាងណា​បន្ត​ការពារ​សម្បត្តិ​បេតិកភណ្ឌ និង​គិត​ធ្វើ​បែបណា យក​សំណង់​ខុសច្បាប់​ទាំងអស់ ចេញពី​តំបន់​អង្គរ​ឲ្យ​បាន​ឆាប់​បំផុត​។ លោក​បន្ថែមថា​៖« ឥឡូវ​សំណង់​នៅមុខ​នេះហើយ សូម​រួមគ្នា​គិត​ធ្វើ​ម៉េច យក​សំណង់​នោះ​ចេញ ជាជាង​គិត​ទៅលើ​នយោបាយ ជាជាង​កេងចំណេញ​ប្រជាប្រិយ​ដោយ​យក​បេតិកភណ្ឌ ជា​ត្រីមុខ​»​។​

​លោក​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បន្ថែមទៀតថា ជំហរ​ក្នុងការ​ការពារ និង​អភិរក្ស ជា​ជំហរ​របស់​រាជរដ្ឋាភិបាល ហើយ​គ្មាន​ហេតុផល​ណាមួយ ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ទទួល​ភារកិច្ច​ពី​រាជរដ្ឋាភិបាល ជា​អ្នក​ញុះញង់​ឲ្យ​សាងសង់​សំណង់​ក្នុង​តំបន់​អង្គរ​នោះទេ​៕

​សូម​ស្តាប់​សំឡេង​លោក ស៊ុំ ម៉ាប់​






Tag:
 ស៊ុំ ម៉ាប់​
  សំណង់​ខុសច្បាប់​
  បេតិកភណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com