ជាតិ
អាជ្ញាធរ​សៀមរាប ថា គណៈកម្មការ​ទ្រទ្រង់​សាលា​ជា​អ្នក​ផ្តើម​ឲ្យ​ដូរ​ឈ្មោះ​វិទ្យាល័យ​អង្គរ​
14, Jul 2017 , 12:06 pm        
រូបភាព
​សៀមរាប​៖ សំណើសុំ​ដូរ​ឈ្មោះ ឬ​បន្ថែម​ឈ្មោះ​វិទ្យាល័យ​អង្គរ ទៅជា​វិទ្យាល័យ តេ​ជោ ហ៊ុន សែន អង្គរ របស់​រដ្ឋបាល​ខេត្តសៀមរាប ធ្វើ​ឲ្យ​មានការ​ជជែក​ច្រើន​នៅតាម​បណ្តាញ​សង្គម ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ គ្រូបង្រៀន និង​សិស្សានុសិស្ស នៃ​វិទ្យាល័យ​អង្គរ​មួយចំនួន បានបង្ហាញ​ពីសារ​មិន​ពេញចិត្ត​នៅតាម​បណ្តាញ​សង្គម ចំពោះ​សំណើសុំ​ដូរ​ឈ្មោះ​នេះ ដោយ​ពួកគេ​លើកឡើងថា ធ្វើ​ឲ្យ​បាត់បង់​ប្រវត្តិសាស្ត្រ​នៃ​សាលា​មួយ​នេះ​។​



​ឆ្លើយតប​នឹង​ការចោទប្រកាន់​របស់​ម​ហា​ជន ដែលថា រដ្ឋបាល​ខេត្តសៀមរាប ជា​អ្នក​ផ្តួចផ្តើម សុំ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ដូរ​ឈ្មោះ​សាលា​នោះ អភិបាលរង​ខេត្តសៀមរាប និង​ជា​អ្នកនាំពាក្យ លោក លី សំ​រិ​ទ្ធិ ថា សំណើនេះ​ផ្តើមឡើង​ពី​គណៈកម្មការ​ទ្រទ្រង់​វិទ្យាល័យ​អង្គរ​។ លោក​បញ្ជាក់ប្រាប់​សារ​ព័ត​មាន​ថ្មីៗ​នៅ​ព្រឹក​ថ្ងៃទី​១៤ កក្កដា នេះ​ថា គណៈកម្មការ​ទ្រទ្រង់​សាលា ចង់បង្ហាញ​ពី​ការដឹងគុណ​របស់​សម្តេច ហ៊ុន សែន ទើប​ដាក់សំណើទៅកាន់​មន្ទីរអប់រំ និង​រដ្ឋបាល​ខេត្តសៀមរាប ដើម្បី​ដាក់សំណើបន្តទៅ​ក្រសួង​អប់រំ ចង់​ដូរ​ឈ្មោះ​ពី «​វិទ្យាល័យ​អង្គរ​» ទៅជា «​វិទ្យាល័យ តេ​ជោ ហ៊ុន សែន អង្គរ​»​។​

​លោក លី សំ​រិ​ទ្ធិ បន្ថែមថា រឿង​ដូរ ឬ​មិន​ដូរ គឺជា​ការសម្រេច​ពី​រដ្ឋមន្ត្រីក្រសួង​អប់រំ​។​

​យោងតាម​លិខិត​របស់​រដ្ឋបាល​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២០ មិថុនា ដែល​ដាក់​ទៅ​រដ្ឋមន្ត្រីក្រសួង​អប់រំ អំពី​សំណើសុំ​ប្តូរ​ឈ្មោះ​វិទ្យាល័យ​អង្គរ ទៅ​វិទ្យាល័យ តេ​ជោ ហ៊ុន សែន អង្គរ គឺធ្វើឡើង​ទៅតាម​សំណើរបស់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​មួយ​នេះ​។ លិខិត​នោះ​បញ្ជាក់ថា ការប្តូរ​នេះ គឺ​ដើម្បី​ដឹងគុណ​សម្តេច ហ៊ុន សែន ក្រោយ​សម្តេច បានផ្តល់​អគារ​សិក្សា​ចំនួន ៣​ខ្នង កំពស់ ៤​ជាន់ ស្មើនឹង ១២០​បន្ទប់ និង​អគារ​អន្តេវាសិកដ្ឋាន​សិស្សស្រី​ចំនួន ១​អាគារ កំពស់​៣​ជាន់ ស្មើនឹង ៣០​បន្ទប់ ដល់​វិទ្យាល័យ​អង្គរ​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក លី សំ​រិ​ទ្ធិ​



​យ៉ាងណា ក្នុង​ហេ្វ​ស​ប៊ុ​ក ដែល​ដាក់ឈ្មោះថា «​វិទ្យាល័យ​អង្គរ​» ដែល​គេ​ជឿថា ទំនង​គ្រប់គ្រង ដោយ​សាលា​នេះ បាន​សរសេរ​នៅ​ថ្ងៃទី​១២ កក្កដា ដោយ​បញ្ជាក់ថា «​វិទ្យាល័យ​អង្គរ​នឹង​មិនមាន​ការប្ដូរឈ្មោះ ឬ​បន្ថែម​ឈ្មោះ​ថ្មី​ទេ គឺ​នៅតែ​រក្សា​ឈ្មោះ​ជា វិទ្យាល័យ​អង្គរ ដដែល​»៕



Tag:
 ​វិទ្យាល័យ​អង្គរ​
  លី សំ​រិ​ទ្ធិ​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com