កីឡាជាតិ
ជាតិ
AFF U15៖ ក្រោយ​ឈ្នះ​ហ្វីលីពីន U15​កម្ពុជា​បន្ត​ឈ្នះ​ទី​ម័​រ​ខាងកើត​ក្នុង​លទ្ធផល ១-០
14, Jul 2017 , 5:39 pm        
រូបភាព
ដោយ:
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា បាន​យកឈ្នះ​ក្រុមទី​ម័​រ​ខាងកើត ក្នុង​លទ្ធផល ១-០  នា​ជំនួប​លើក​ទី​បី​ក្នុង​ពូ​ល B នៃ​ព្រឹត្តិការណ៍ AFF U15 Championship នៅ​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ រសៀល​ថ្ងៃ​សុក្រ ទី​១៤ ខែកក្កដា នេះ​។ កីឡាករ សៀង ច​ន្ធា ក្លាយជា​កីឡាករ​ដែល​អាច​រក​គ្រាប់​បាល់​គ្រប់ការ​ប្រកួត​សម្រាប់ U15 កម្ពុជា​។



​សម្រាប់​ការប្រកួត​វគ្គ​ទី​១ U15 កម្ពុជា បានធ្វើការ​វាយ​សម្រុក នឹង​បង្កើត​ឱកាស​ជាច្រើន​ទៅលើ​ក្រុមទី​ម័​រ​ខាងកើត​តែ​ធ្វើ​មិនបាន​សម្រេច​។ ក្នុង​វគ្គ​ទី​១​នេះ U15 កម្ពុជា​ហាក់​គ្រប់គ្រង​បាល់​បាន​ច្រើនជាង​ក្រុមទី​ម័​រ​ខាងកើត​។ តែ​យ៉ាងណា ក្នុងជំនួប​ដ៏​ស្វិតស្វាញ​ក្នុង​វគ្គ​នេះ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​ស្មើ ០-០ រហូត​ចប់​វគ្គ​ទី​១​។

​ការប្រកួត​ដំណើរការ​មិនបាន​ប៉ុន្មាន​ផង​កីឡាករ សៀង ច​ន្ធា បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ U15 កម្ពុជា​នៅ​ដើម​វគ្គ​ទី​២​។ មួយ​គ្រាប់​របស់ ច​ន្ធា ក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ ១-០ របស់ U15 កម្ពុជា​លើ​ក្រុមទី​ម័​រ​ខាងកើត​ផងដែរ​។

​កីឡាករ សៀង ច​ន្ធា អា​ចរក​គ្រាប់​បាល់​គ្រប់​ការប្រកួត​សម្រាប់ U15 កម្ពុជា ក្នុងនោះ​រកបាន​១​គ្រាប់​ក្នុងជំនួប​ចាញ់​វៀតណាម ២-១ និង​រកបាន​៣​គ្រាប់​ក្នុង​ជ័យជម្នះ ៤-០ លើ​ក្រុម U15 ហ្វីលីពីន​។ នៅ​ថ្ងៃអាទិត្យ ទី​១៦ ខែកក្កដា កម្ពុជា ត្រូវ​ជួប​ជាមួយ​ព្រុយ​ណេ បន្ទាប់ពី​ហ្វីលីពីន ប៉ះ​ទី​ម័​រ​ខាងកើត ម៉ាឡេស៊ី ជួប វៀតណាម​។​

​នៅក្នុង​ពូ​ល A ម្ចាស់ផ្ទះ​ថៃ ឈ្នះ​ទាំង​៣​ប្រកួត​កន្លងមក ដោយមាន​៩​ពិន្ទុ មី​យ៉ាន់​ម៉ា​ឈរ​លេខ​២​បណ្តោះអាសន្ន ដោយមាន​៧​ពិន្ទុ ហើយ​អូស្ត្រាលី ប្រដេញ​តាម​ពីក្រោយ​ដោយមាន​៦​ពិន្ទុ​។ ឡាវ​មាន​៣​ពិន្ទុ ឥណ្ឌូណេស៊ី មាន​១​ពិន្ទុ ខណៈ​សិង្ហ​បុរី ចាញ់​ការប្រកួត​ទាំង​៣​លើក​កន្លងមក​៕


Tag:
 AFF U15 Championship 2017
  U15 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com