ជាតិ
សេដ្ឋកិច្ច
ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ គ្រោង​សង់​នៅ​ចុងឆ្នាំ​នេះ​
14, Jul 2017 , 8:09 pm        
រូបភាព
ផ្លូវជាតិលេខ៤ ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ
ផ្លូវជាតិលេខ៤ ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ
ភ្នំពេញ៖ ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ គ្រោង​ផ្តើម​សង់​នៅ​អំឡុង​ខែវិច្ឆិកា ចុងឆ្នាំ​២០១៧​នេះ បន្ទាប់ពី​ផ្តល់​សំណង​រួចរាល់​ដល់​ពលរដ្ឋ​ដែល​ប៉ះពាល់​។ បើតាម លោក វ៉ា ស៊ឹម​សុរិយា ផ្លូវ​ល្បឿន​លឿន​នេះ ជា​ផ្លូវ​បង់ប្រាក់ ដែល​នឹង​ស្ថាបនា​ឡើង​ស្របតាម​ស្តង់ដារ​ខ្ពស់ ដោយមាន​របង​ព័ទ្ធជុំវិញ​ផង​។​



គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅកាន់ ខេត្ត​ព្រះសីហនុ ប្រវែង​ប្រមាណ​១៩០​គីឡូម៉ែត្រ បាន​សិក្សា​ចប់​រួចរាល់​ហើយ និង​គ្រោង​ចាប់ផ្តើម​សាងសង់ នៅ​អំឡុង​ខែវិច្ឆិកា ចុងឆ្នាំ​២០១៧​នេះ​។ នេះ​បើតាម​ទី​ភ្នា​ក់​សារព័ត៌មាន​កម្ពុជា (AKP) ចុះផ្សាយ​នៅ​ថ្ងៃទី​១៣ ខែកក្កដា ដែល​បាន​ស្រង់​សម្តី​លោក លោក វ៉ា ស៊ឹម​សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។
 
​តាម AKP លោក វ៉ា ស៊ឹម​សុរិយា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រុមហ៊ុន​វិនិយោគ​ចិន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គ្រោង​ការដ្ឋាន​តាម​ផែនការ​នៅ​រង្វង់​ខែវិច្ឆិកា ចុងឆ្នាំ​២០១៧​នេះ បន្ទាប់ពី​ពិភាក្សា ពី​ការផ្តល់​សំណង​ដល់​ប្រជាពលរដ្ឋ រួចរាល់​»​។

​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា ផ្លូវ​ល្បឿន​លឿន​នេះ ជា​ផ្លូវ​បង់ប្រាក់ ដែល​នឹង​ស្ថាបនា​ឡើង​ស្របតាម​ស្តង់ដារ​ខ្ពស់ ដោយមាន​របង​ព័ទ្ធជុំវិញ​ផង​។ ផ្លូវ​នេះ អាច​ចេញដំណើរ​ពី​តំបន់​ចោមចៅ ឬ​តំបន់​ផ្លូវ​ទំនប់​កប់​ស្រូវ ដោយ​ស្រប​ជាមួយ​ផ្លូវជាតិ​លេខ​៤ ហើយ​ផ្នែក​ខ្លះ គង​ពីលើ​ផ្លូវជាតិ លេខ​៤ ឬ​តំបន់​ទីប្រជុំជន​មួយចំនួន​ផង​។ លោក ស៊ឹម​សុរិយា ថ្លែង​យ៉ាងនេះ​ថា​៖«​ផ្លូវ​នេះ នឹង​ស្ថាបនា​ឡើង​ស្របតាម​បច្ចេកទេស ស្តង់ដារ​ខ្ពស់ ដោយមាន​របង​ព័ទ្ធជុំវិញ ពុំ​អនុញ្ញាត​ឲ្យ​មនុស្ស សត្វ និង​មធ្យោបាយ ដឹកជញ្ជូន​ផ្សេងទៀត​ឆ្លងកាត់​ឡើយ ព្រោះ​វា​ជា​ផ្លូវ​បង់លុយ​»​។​

​សម្រាប់​អ្នកនាំពាក្យ​ក្រសួង​សាធារណការ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ដែល​នឹង​សង់​ដោយ​ក្រុមហ៊ុន​ចិន  នេះ​មិន​ត្រឹមតែ​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា និង​ចំណេញ​ពេលវេលា​ធ្វើដំណើរ ឬ​ដឹកជញ្ជូន​ទំនិញ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​នឹងធ្វើ​ឲ្យ​ការដឹកជញ្ជូន​កាន់តែ​សុវត្ថិភាព​៕


Tag:
 លោក វ៉ា ស៊ឹម​សុរិយា​
 ​ផ្លូវ​ល្បឿន​លឿន​
 ​ភ្នំពេញ​
 ​ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com