ជាតិ
សេដ្ឋកិច្ច
លោក ម៉ុង ឫទ្ធី បង្កើន​ការទិញ​កសិផល​២០០​តោន​ក្នុង​មួយថ្ងៃ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កសិករ​
15, Jul 2017 , 10:23 am        
រូបភាព
រូបពីហ្វេសប៊ុកលោកឧកញ៉ា ម៉ុង ឫទ្ធី (ខាងស្ដាំពាក់អាវពណ៌ក្រហម)
រូបពីហ្វេសប៊ុកលោកឧកញ៉ា ម៉ុង ឫទ្ធី (ខាងស្ដាំពាក់អាវពណ៌ក្រហម)
​ភ្នំពេញ​៖ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប សម្រេច​បង្កើន​ទិញ​ផលិតផល​កសិកម្ម ចំនួន​២០០​តោន​ក្នុង​មួយថ្ងៃ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រជាកសិករ ដែល​កំពុង​ពិបាក​រក​ទីផ្សារ​កសិកម្ម​។



​លោក ម៉ុង ឫទ្ធី បាន​និយាយថា ក្រុមហ៊ុន​លោក​នឹង​បង្កើន​ទិញ​កសិផល​ពី​ពលរដ្ឋ ចាប់ពី​១៦០​តោន ទៅ​២០០​តោន​ក្នុង​មួយថ្ងៃ ដើម្បី​ដោះស្រាយ​បញ្ហា​ពួកគាត់ រហូតដល់​តម្លៃ​ទីផ្សារ​អាច​វិល​មករក​ភាពប្រក្រតី​វិញ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ម៉ុង ឫទ្ធី បានបញ្ជាក់​ដូច្នេះ​ថា​៖«​ពីមុនមក​យើង​ទិញ​ប្រហាក់ប្រហែល​១០០​តោន​ក្នុង​មួយថ្ងៃ​ទេ ប៉ុន្តែ​ពេល​ឃើញ​កសិករ​ជួប​ការលំបាក​អ៊ីចឹង ខ្ញុំ​ក៏​ប្រជុំ​ឲ្យ​ថ្នាក់ដឹកនាំ​រៀបចំ​ជួសជុល​រោងចក្រ​មុន ហើយ​ធ្វើ​យ៉ាងម៉េច​ជំរុញ​ការផលិត​បន្ថែម​ម៉ោង និង​ការផលិត​ចំណី​សត្វ​បន្ថែមទៀត ដោយសារ​តម្លៃ​សត្វ​ជ្រូក​ឡើងថ្លៃ​វិញ ដូច្នេះ​យើង​ក៏​អាចមាន​លទ្ធភាព​ជួយ​បង្កើន​ការទិញ​កសិផល​ពី​១៦០​តោន ទៅ​២០០​តោន ក្នុង​មួយថ្ងៃ ព្រោះ​ម៉ាស៊ីន​រោងចក្រ​យើង​អាច​ទទួល​ការផលិត​បាន​ប៉ុណ្ណឹង​»​។​

​ទាក់ទង​នឹង​បញ្ហា​ធ្លាក់​តម្លៃ​កសិកម្ម​នេះ​វិញ លោក ម៉ុង ឫទ្ធី បាន​ព្រលយ​ដូច្នេះ​ថា​៖«​តាមពិតទៅ​វា​មិនមាន​អ្វី​ពិបាក​ដោះស្រាយ​ទេ ។ ប៉ុន្តែ​មកពី​មិន​ដោះស្រាយ​ទេ​តាម​ខ្ញុំ​មើល ប្រសិន​ណា​ជា​យើង ខំ​នាំគ្នា​អង្គុយ​នៅ​តុ​ដោះស្រាយ ហើយ​បើ​មាន​ជំហ​ដោះស្រាយ​នោះ​អត់​មាន​អ្វីដែល​ចាំបាច់​ពិបាក​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​គំនិត​របស់ខ្ញុំ ។​ហើយ​ខ្ញុំ​អាចជួយ​ទិញ​កសិផល​បានតែ​ប៉ុណ្ណឹង​ទេ​»​។​


 
​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប សម្រេច​បង្កើន​ការទិញ​កសិផល​ពី​ប្រជាកសិករ ដូចជា​ពោត ដំឡូង​មី​ជាដើម ដើម្បី​យកទៅ​ផ្គត់ផ្គង់​រោងចក្រ​ផលិត​ចំណី​សត្វ ដែលមាន​ទីតាំងនៅ​ភូមិ​មនោ​រម្យ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​គួរ​បញ្ជាក់ថា ប្រជាកសិករ បាន​ត្អូញត្អែរ​ពី​ការធ្លាក់ចុះ​នៃ​ផលិតផល​កសិកម្ម ដែល​មិនអាច​រក​ទីផ្សារ​កសិកម្ម ឲ្យ​បាន​សមស្រប ដើម្បី​ឆ្លើយតប​នឹង​ការចំណាយ​របស់​ពួកគេ លើ​ការដាំដុះ​កន្លងមក​ឡើយ​។ តែ​យ៉ាងណា​ក្រសួងកសិកម្ម ធ្លាប់​បញ្ជាក់ថា ការធ្លាក់ចុះ​នៃ​តម្លៃ​ទីផ្សា​កសិកម្ម គឺ​មិនមែន​កើតឡើង​តែ​ចំពោះ​កម្ពុជា​នោះទេ តែ​បណ្ដា​ប្រទេសមួយ​ចំនួន​ក៏​ជួប​បញ្ហា​នេះដែរ​។ ក្រសួងកសិកម្ម​អះអាងថា ក្រសួង​បាន​ចរចា​បើក​ទីផ្សារ​មួយចំនួន​នៅ​សហរដ្ឋអាមេរិក ជប៉ុន ចិន សហភាព​អឺរ៉ុប វៀតណាម និង​ឥណ្ឌា ជាដើម ។ បន្ថែមពីនេះក្រសួង​នឹង​រៀបចំ​ជំនួប​រវាង​អ្នកលក់ និង​អ្នកទិញ ដោះស្រាយ​បញ្ហា​ផលិតផល​ខ្មែរ​នេះ​។​ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្មកន្លងមក៕


Tag:
 ម៉ុង ឫទ្ធី​
 ​ កសិផល
© រក្សាសិទ្ធិដោយ thmeythmey.com