ជាតិ
នយោបាយជាតិ
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាច្រើនរូប ទៅជួបលោក សម រង្ស៊ី នៅទីក្រុងហុងកុង
× ភ្នំពេញ៖ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាច្រើនរូប បាននាំគ្នាទៅជួបលោក សម រង្ស៊ី អតីតប្រធានគណបក្ស នៅទីក្រុងហុងកុង។
តាមរយៈរូបភាពជាច្រើនសន្លឹក ដែលបានបង្ហោះនៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហាញថា វត្តមានមន្ត្រីជានខ្ពស់នៃគណបក្ស ដែលបានធ្វើដំណើទៅទីក្រុងហុងកុង នេះមាន លោក ប៉ុល ហំម , លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូ វ៉ាន់ ,លោក គង់ សភា ,លោក ជា ប៉ូច, លោកស្រី មូ សុខហួរ, លោក ឡុង រី និងលោក អេង ឆៃអ៊ាង ជាដើម។
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងមន្ត្រីគណបក្សសង្គ្រោះជាតិ ដើម្បីសុំការអត្ថាធិប្បាយនៃជំនួបរវាងលោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្ស នេះនៅឡើយទេ។
បើទោះជាមិនមានការបកស្រាយក្តី ប៉ុន្តែបើមើលតាមសំណេរលើហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង វិញ ការជួបគ្នារវាងមន្ត្រីបក្ស និងលោក សម រង្ស៊ី នេះ គឺបង្ហាញពីការគោរព នឹករឭកអតីតមេដឹកនាំខ្លួន មុនខ្លឹមសារនៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលហាមទណ្ឌិត ធ្វើសកម្មភាពគ្រប់ទម្រង់រូបភាពជាមួយអ្នកនយោបាយ នឹងត្រូវលេចចេញជារូបរាងឡើងនាពេលខាងមុខ។
តាមរូបភាពដែលបង្ហាញទិដ្ឋភាពបរិភោគអាហារជួបជុំគ្នា រវាងលោក សម រង្ស៊ី និងមន្ត្រីបក្ស អមជាមួយសំណេររបស់លោក អេង ឆៃអ៊ាង នោះបានបញ្ជាក់ដូច្នេះថា៖« មនុស្សដែលពួកយើង និងប្រជាពលរដ្ឋគោរព ស្រលាញ់ មិនអាចបំភ្លេចបានឡើយ ទោះបីបន្តិចទៀតនេះ ច្បាប់តម្រូវឲ្យយើងដករូប សម្លេង និងសកម្មភាពរបស់គាត់(សម រង្ស៊ី)ចេញពីគណបក្សសង្គ្រោះជាតិក៏ដោយ »។
គួរបញ្ជាក់ថា ច្បាប់ស្តីពីគណបក្សនយោបាយ ដែលមានខ្លឹមសារហាមទណ្ឌិត ធ្វើសកម្មភាព ជាមួយអ្នកនយោបាយ បានធ្លាក់ដល់ដៃព្រឹទ្ធសភា ដែលត្រៀមពិនិត្យ និងអនុម័តហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com