ជាតិ
អគ្គនាយក​អប្សរា​ថា​មាន​អ្នក​ចាំ​ញុះញង់​ឲ្យ​ពលរដ្ឋ​ស្អប់​ស្ថាប័ន​ខ្លួន​
15, Jul 2017 , 3:59 pm        
រូបភាព
​សៀមរាប​៖ កន្លងមក មាន​ពលរដ្ឋ​មិនតិច​ទេ ដែល​រស់នៅ​តំបន់​អង្គរ និយាយ​មិនល្អ​ពី​អប្សរា ឬ​និយាយ​ឲ្យ​ស្រួល​ស្តាប់ ស្អប់​ស្ថាប័ន​មួយ​នេះ​។ ទំនង​មកពី ការ​រិត​បន្តឹង​ច្បាប់​សាងសង់​ផ្ទះ សម្បែង​ក្នុង​តំបន់​ត្រូវការពារ ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ ដែល​អាជ្ញាធរ​ហាម​មិន​ឲ្យ​សាងសង់​សំណង់ ផ្សេងៗ មិន​ពេញចិត្ត កើត​ចិត្ត​ស្អប់​ស្ថាប័ន​អភិរក្ស​បេតិកភណ្ឌ​មួយ​នេះ​។ អគ្គនាយក​អាជ្ញាធរ ជាតិ​អប្សរា បាន​ពន្យល់​ពី​ហេតុផល​ខ្លះៗ​ជុំវិញ​អ្វីដែល​អប្សរា ហាម​មិន​ឲ្យ​សាង​សង់ផ្ទះ​ថ្មី​នៅ តំបន់​១ និង​តំបន់​២ ដែល​ត្រូវ​ការការពារ​ជា​ចាំបាច់​។ ក្នុងនោះ​លោក ក៏​ស្នើសុំ​ឲ្យ​ពលរដ្ឋ​ទាំង អស់ យល់​ពី​អប្សរា និង​ឈប់​ស្អប់​ស្ថាប័ន​នេះ​តទៅទៀត​។​



​លោក ស៊ុំ ម៉ាប់ បាន​លើកឡើងថា ការ​ស្អប់​កើតចេញពី​មជ្ឈដ្ឋាន​ខ្លះ ដែល​ពួកគេ​ខិតខំ​បំពុល ស្ថានការណ៍ បំណង​លាប​ពណ៌​ឲ្យ​ពលរដ្ឋ​កើត​ចិត្ត​ស្អប់​អាជ្ញាធរ​អប្សរា ដើម្បី​បម្រើ​ផល ប្រយោជន៍​ផ្ទាល់ខ្លួន​។ លោក​បន្តថា​៖«...​ដែល​ខ្ញុំ​មើល ទំហំ​នៃ​ការ​ស្អប់​មួយចំនួន ពី​មជ្ឈដ្ឋាន មួយចំនួន​តែប៉ុណ្ណោះ ដែល​មជ្ឈដ្ឋាន​ទាំងនោះ ខិតខំ​បំពុលបរិយាកាស លាប​ពណ៌ ធ្វើ​ម៉េច​ឲ្យ គេ​ស្អប់​ស្ថាប័ន​នេះ ដើម្បី​ប្រយោជន៍​បុគ្គល ឬ​ក្រុម​តែប៉ុណ្ណោះ​។ ហេតុ​អី​ខ្ញុំ​និយាយថា​បុគ្គល ឬ​ក្រុម ដោយសារ​អ្នក​លាប​ពណ៌​ទាំងអស់នោះ​ចង់​សង់​គេ​មិន​ឲ្យ​សង់​ខឹង​គេ​ទីមួយ តែមួយគត់ គឺ​ការសាងសង់​សំណង់​ផ្សេងៗ​នៅក្នុង​តំបន់ រហូត​បំពុល​រហូតដល់​បច្ចុប្បន្ន​ក៏​នៅ​បំពុល ជាពិសេស​តាម​វិទ្យុ គាត់​ធ្លាប់​និយាយថា​យើង​ចង់​សង់​ទ្រុងមាន់​ទ្រុង​ជ្រូក​មិនបាន គាត់​នៅតែ ប្រើ ដើម្បី​បំពុល​តែម្តង​...»​។​

​តាម​លោក ស៊ុំ ម៉ាប់ ដដែល លោក​មើលឃើញថា នៅមាន​មជ្ឈដ្ឋាន​ខ្លះ​បន្ត​គិត​អាក្រក់ ដោយមាន​និន្នាការ «​លាប​ពណ៌ ដុត​ឲ្យ​ខ្លោង រោល​ឲ្យ​ឆៅ​» ចំពោះ​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា​។ លោក​បន្ថែមថា ខ្លះ​មិន​ទាំង​យល់​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ផង តែ​ខំ​បំ​ប៉ង​និយាយ​មិនល្អ​ពី​ស្ថាប័ន រដ្ឋ​ទទួលបន្ទុក​ការងារ​អភិរក្ស​បេតិកភណ្ឌ​មួយ​នេះ ដូចជា​ករណី​រឿង​បុរី​សណ្ឋាគារ និង​ទេសចរណ៍​ជាដើម​។ លោក​បញ្ជាក់ថា ដី​ក្នុង​បុរី​នេះ គឺ​ស្ថិត​ក្រៅ​តំបន់ ដោយ​អាច​អនុញ្ញាត សាងសង់​អាគារ​រដ្ឋបាល​រដ្ឋ​បាន និង​គោរព​ទៅតាម​រចនាបថ​របស់​ខ្មែរ​៕

​សូម​ស្តាប់​សំឡេង​ទាំងស្រុង​របស់លោក ស៊ុំ ម៉ាប់​






Tag:
 ស៊ុំ ម៉ាប់​
  អាជ្ញាធរ​អប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com