ពីនេះ ពីនោះ
តើ​ហេតុអ្វី​បានជា​ជនបរទេស​ហៅ​ឈ្មោះ​ផ្សារ ទួល​ទំពូង ថា ជា​ផ្សារ រុស្ស៊ី ឬ​ផ្សារ​សូ​វៀត​?
16, Jul 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពលរដ្ឋ​ខ្មែរ​ជាទូទៅ​ស្គាល់​តែ​ឈ្មោះ​ផ្សារ ទួល​ទំពូង​។ បើ​ហៅថា ផ្សារ​រុស្ស៊ី ឬ​ផ្សារ​សូ​វៀត គ្មាន​នរណា​ស្គាល់​ទេ​។ តែ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​បរទេស ឬ​ចេះ​ភាសាបរទេស ពួកគេ​អាច​ស្គាល់ឈ្មោះ​ផ្សារ ទួល​ទំពូង​ផង និង​ផ្សារ រ​ស្ស៊ី ផង​។ ប្រវត្តិ​នៃ​ពាក្យ ផ្សារ រុស្ស៊ី គឺ​បាន​កើតឡើង​នៅ​ទសវត្សរ៍​ឆ្នាំ​៨០​ដែល​កាលនោះ នយោបាយ​ការទូត រុស្ស៊ី មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​ណាស់​។



​ដោយសារតែ​ទំនាក់ទំនង​ការទូត​ល្អ ជនជាតិ រ​ស្ស៊ី ក៏មាន​វត្តមាន​ច្រើន​គួរសម​នៅក្នុង​ទីក្រុង​ភ្នំពេញ ទាំង​អ្នកទេសចរ និង​អ្នកការទូត​រុស្ស៊ី​។ ក្នុងអំឡុង​ពេលនោះ ជនជាតិ រុស្ស៊ី បាននាំគ្នា​មក​ទិញ​អ៊ី​វ៉ាន់​ភាគច្រើន​នៅក្នុង​ផ្សារ ទួល​ទំពូង​។ វត្តមាន​ច្រើន​នៃ​ជនជាតិ រ​ស្ស៊ី មក​ផ្សារ​ទួល​ទំពូង​នេះហើយ​ទើប​ទាំង​ជនជាតិខ្មែរ​ខ្លះ ជនជាតិ​រុស្ស៊ី និង​បរទេស​ដទៃទៀត​នាំគ្នា​ហៅ​ផ្សារ ទួល​ទំពូង ថា ជា​ផ្សារ រុស្ស៊ី ឬ​ផ្សារ​សូ​វៀត​។ តំណ​ក្រោយមក​ឈ្មោះ​នេះ ក៏ត្រូវ​បាន​បរទេស និង​ខ្មែរ​ខ្លះ ហៅ​មកទល់នឹង​សព្វថ្ងៃនេះ​តែម្តង​។

​ពួក​បរទេស​ហៅ​ជា​ភាសា​អង់គ្លេស​ថា Russian Market​។ ប្រសិនបើ​លោកអ្នក​សួរ​ទៅកាន់​បរទេស​ថា លោកអ្នក​ទៅ​ផ្សារ ទួល​ទំពូង មែន​ទេ​? ជនបរទេស​នោះ​អាច​អត់​ស្គាល់​ផ្សារ​មួយណា​។ តែបើ​សួរថា Do you go to Russian Market? បរទេស​ទាំងអស់​យល់​បាន​។

​ឈ្មោះ​ជា​រឿង​មួយ​។ តែ​អ្វីដែល​ផ្សារ រុស្ស៊ី ឬ​ផ្សារ ទួល​ទំពូង ល្បីឈ្មោះ​នោះ គឺ​ផ្សារ​នេះ​មាន​លក់​អាហារ​ឆ្ងាញ់ និង​សម្លៀកបំពាក់​រោងចក្រ​គុណភាព​ល្អ និង​តម្លៃថោក​៕


© រក្សាសិទ្ធិដោយ thmeythmey.com